ភ្នំពេញៈ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ស្តីពី​ «​ការអនុវត្ត​ផែនការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​» ខណៈ​តាមរយៈ MoU នេះ​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​បច្ចេកទេស​ជាច្រើន​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​។

MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ជាមួយ​លោក Daren Tang អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម អនុស្សរណៈ​នេះ​នឹង​ក្លាយជា​ឧបករណ៍​ដ៏សំខាន់​សម្រាប់​កម្ពុជា ដើម្បី​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ចាប់ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៦ លើ​កិច្ចការ​អាទិភាព​ចំនួន ៣ គឺ កម្រិត​ជាតិ​ (​ការកសាង​ក្របខណ្ឌ​), កម្រិត​ស្ថាប័ន (​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​កម្មសិទ្ធិបញ្ញា​) និង​កម្រិត​សហគមន៍​សង្គម (​ការបង្ក​លទ្ធភាព​)​។

លោក ប៉ាន សូរស័ក្តិ បាន​លើកឡើង​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​នឹង​ចូលរួម​ពង្រឹង និង​អភិវឌ្ឍន៍​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​កម្លាំង​ចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និង​កសិកម្ម តាមរយៈ​ការលើក​កម្ពស់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះ​ម៉ាក និង​ផលិតផល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ការបង្កើត​ស្នាដៃ​វប្បធម៌ តក្កកម្ម ធនធាន​ពន្ធុ ចំណេះដឹង​ជា​ប្រពៃណី និង​វិញ្ញាត្តិ​វប្បធម៌ ជំរុញ​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ក្នុង​ការបង្កើត​ផលិតផល​បច្ចេកវិទ្យា និង​ជំរុញ​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ព្រមទាំង​ឧស្សាហកម្ម​វប្បធម៌ ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​ ៤​។

លោក​បន្តថា​៖ «MoU នេះ​ក៏​នឹងចូលរួម​ចំណែក​ក្នុង​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​ ២០៥០ និង​ជា​មូលដ្ឋាន​កសាង​បរិយាកាស​វិនិយោគ​ប្រកប​ដោយ​ទំនុកចិត្ត និង​សង្គម​ដែល​ពោរពេញ​នវានុវត្តភាព​ផងដែរ​»៕