​ភ្នំពេញៈ ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​(​ក​.​ស​.​ភ​) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០២១ មាន​ប្រមាណ​ជាង ៣០​លាន​ដុល្លារ កើនឡើង​ប្រហែល ១៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ក្នុងនោះ​ចំណូល​ពី​ប្រតិបត្តិការ​ផែ​(Port Operation) បាន​គ្របដណ្តប់​ជាង ៨០​ភាគរយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​ទិន្នន័យ​របស់ ក​.​ស​.​ភ ដែល​ផ្ញើឱ្យ​វិនិយោគិន និង​សាធារណជន ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២១ ចំណូល​ដែល ក​.​ស​.​ភ រកបាន​(​ពុំទាន់​ធ្វើ​សវនកម្ម​) មាន​ចំនួន​សរុប ៣០ ៣៩០ ១៧២ ដុល្លារ កើនឡើង ១៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៦ ៦៥៨ ២២១ ដុល្លារ​។​

​យោងតាម ក​.​ស​.​ភ ក្នុងចំណោម​ចំណូល​ទាំងនោះ​រួមមាន ចំណូល​ពី​ប្រតិបត្តិការ​ផែ​(Port Operation) មាន​ចំនួន ២៤ ៣៧៧ ៦៨៣​ដុល្លារ កើន ១៦​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០, ចំណូល​ពី​អាជ្ញាធរ​ផែ​(Port Authority) ៣ ២៣៣ ០៧២​ដុល្លារ ធ្លាក់ចុះ ៣​ភាគរយ​, ចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other Services) ៣០៧ ៥៤១​ដុល្លារ កើន ៨៩​ភាគរយ និង​ចំណូល​ផ្សេងៗ​(Other Income) ២ ៤៧១ ៨៧៦ កើន ១២​ភាគរយ​។​

​ដោយឡែក​សម្រាប់​ខែវិច្ឆិកា ចំណូល​សរុប​ដែល ក​.​ស​.​ភ ទទួលបាន​មាន​ចំនួន ២ ៧៦៥ ៦០៩​ដុល្លារ កើនឡើង ១៩​ភាគរយ​ពី​ចំនួន ២ ៣៣២ ៣៦៩​ដុល្លារ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុងនោះ​ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ២ ២៩១ ១៣៧​ដុល្លារ កើន ២៤​ភាគរយ​, ចំណូល​ពី​អាជ្ញាធរ​ផែ ៣១១ ០៩៨​ដុល្លារ កើន ៥​ភាគរយ​, ចំណូល​ពី​សេវាកម្ម​ផ្សេងៗ ៦ ៤២០​ដុល្លារ កើន ១០០​ភាគរយ និង​ចំណូល​ផ្សេងៗ ១៥៦ ៩៥៤ ថយចុះ ១៦​ភាគរយ​។

​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០២០ របស់ ក​.​ស​.​ភ (​មិនទាន់​ធ្វើ​សវនកម្ម​) មាន​ចំនួន ២៩,៤៨ លាន​ដុល្លារ ធ្លាក់ចុះ ៦ ភាគរយ បើ​ធៀប​នឹង ៣១,៣១ លាន​ដុល្លារ (​ធ្វើ​សវនកម្ម​រួច​) កាលពី​ឆ្នាំ ២០១៩​។ នេះ​បើតាម ក​.​ស​.​ភ​។

​លោក ហ៊ី បា​វី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​និយាយថា ការធ្លាក់ចុះ​ប្រាក់ចំណូល​ឆ្នាំ ២០២០ គឺ​ដោយសារ​ស្ថានភាព​កូ​វីដ​១៩ រីក​រាលដាល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​ដឹកជញ្ជូន​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​៕​