ភ្នំពេញៈ វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន ក្នុង​គោលបំណង​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឆ្នាំ​ ២០៣០-២០៥០ តាមរយ:​ការពង្រឹង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

ពិធី​ចុះ MoU ត្រូវបាន​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អនឡាញ​ក្រោម​អធិបតីភាព​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ដោយ MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក គួក ហ្វីដេរ៉ូ អគ្គនាយក​នៃ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង លោក ដេត សុខឧត្តម សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន​។

លោក ចម ប្រសិទ្ធ បានបង្ហាញ​ការសាទរ​យ៉ាង​ពេញទំហឹង​ចំពោះ​ការចុះ MoU នេះ និង​មានជំនឿថា​កិច្ចសហការណ៍​នេះ នឹង​រួមចំណែក​ក្នុង​ការជំរុញ​ការរៀបចំ​វេទិកា​វិទ្យាសាស្ត្រ អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក លើកតម្កើង​គុណតម្លៃ​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ធានាបាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​។

តាមរយៈ MoU នេះ ភាគី​ទាំង ២ នឹង​ធានា​កិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើ​គោលការណ៍​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​លើ​ចំណុច​អាទិភាព​រួមគ្នា​មួយចំនួន ដូចជា ការស្រាវជ្រាវ​អនុវត្ត និង​ការអភិវឌ្ឍ​, ការជំរុញ​លើកកម្ពស់​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​ព័ត៌មានវិទ្យា​, ការបណ្ដុះបណ្ដាល និង​ការសិក្សា​អំពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​ព័ត៌មានវិទ្យា​, ការអភិវឌ្ឍ​សមត្ថភាព ការបណ្ដុះបណ្ដាល និង​ការអភិវឌ្ឍ​ជំនាញ​បុគ្គលិក​, ការអនុវត្ត​ចំណុច​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ទទួលបាន​ការឯកភាព​ដោយ​គូភាគី​៕