ភ្នំពេញៈ ក្រុម​វិនិយោគិន​ក្នុងស្រុក​មួយចំនួន​ធ្លាប់បាន​បង្ហាញ​បំណង​បើក​ដំណើរការ​ក្រុមហ៊ុន​អាកាសចរណ៍​ បន្ទាប់ពី​ផែនការ​វិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ​ (​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​) ​ត្រូវបាន​លេច​រូបរាង​ឡើង​ស្រប​នឹង​ការព្យាករ​កំណើន​អ្នក​ដំណើរ​រហូតដល់​ទៅ ៣០ ​លាន​នាក់​នៅ​ឆ្នាំ​ ២០៣០ និង​ ៥០ ​លាន​នាក់​នៅ​ឆ្នាំ​ ២០៥០ ប៉ុន្តែ​បំណង​ទាំង​នោះបាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​អូសបន្លាយ​រយៈពេល​ជិត ២ ​ឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​។

អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ នាពេល​ថ្មីៗ​នេះ​ថា មាន​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​យ៉ាងហោច ២-៣ ​ក្រុមហ៊ុន​បាន​ចាប់អារម្មណ៍​ចង់​បើក​ក្រុមហ៊ុន​អាកាសចរណ៍ ប៉ុន្តែ​ត្រូវ​ខកខាន​ទៅវិញ​ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ឱ្យដឹងទៀតថា ដោយសារ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ​មាន​ភាព​ទាក់ទាញ​ខ្លាំង ជាពិសេស​ទំហំ ភាពទំនើប និង​មាន​ស្តង់ដា​ខ្ពស់ អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន ទើប​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយចំនួន ចាប់​អារម្មណ៍​វិនិយោគ​បើក​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​បន្ថែម ដើម្បី​បម្រើ​ដល់​ការហោះហើរ​នាពេល​អនាគត​។

លោក​បញ្ជាក់ថា​៖ «​បើ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ យើង​ឃើញ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការបើក​ក្រុមហ៊ុន Airline (​ក្រុមហ៊ុន​អាកាសចរណ៍​) ២ ​ទៅ​ ៣ ​ក្រុមហ៊ុន​ដែរ តែ​មិនទាន់​ប្រាកដ​ប្រជា​ដែរ ដូច​ដឹង​ស្រាប់​ហើយ​ថា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ភាពប្រកួតប្រជែង​ខ្លាំង​»​។

ទោះជា​យ៉ាងណា លោក​មិនបាន​បង្ហាញ​អត្តសញ្ញាណ​របស់​វិនិយោគិន​ក្នុង​ស្រុក​ដែល​ធ្លាប់​ជួបពិភាក្សា​នោះដែរ​។

លោក​បន្តថា យ៉ាងណា​ការបង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន​ក៏អាស្រ័យ​លើ​កំណើន​នៃ​ជើងហោះហើរ ពិសេស​កំណើន​ឡើងវិញ​នៃ​ការធ្វើ​ដំណើរ​ បន្ទាប់ពី​វិបត្តិ​កូវីដ​ ១៩ បាន​ធូរស្រាល​។

លោក​បន្ថែមថា មុនពេល​មាន​ការរីករាលដាល​កូវីដ ​១៩ អាកាសចរ​ស៊ីវិល​បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​ ២០២៣ អាកាសយានដ្ឋាន​អាចនឹងទទួល​បាន​អ្នកដំណើរ ១៣ ​លាន​នាក់ នៅ​ឆ្នាំ​ ២០៣០ ទទួលបាន ៣០ ​លាន​នាក់ និង​ ២០៥០ ទទួលបាន ៥០ ​លាន​នាក់​។

លោក​បន្តថា ការ​ព្យាករ​នេះ​គឺ​ឈរ​ទៅលើ​មូលដ្ឋាន​នៃ​យន្តហោះ ដែល​ធ្លាប់​ហោះ​មក​កម្ពុជា ក៏ដូចជា​ការព្យាករ​ទៅ​កំណើន​សេដ្ឋកិច្ច និង​ភាពរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​។

បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់ខ្លួន​គឺ កម្ពុជា​អង្គរអ៊ែរ ដែល​បាន​បើក​ប្រតិបត្តិការ​នៅ​ឆ្នាំ​ ២០០៩ ជាការ​វិនិយោគ​រួមគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា គ្រប់គ្រង​ភាគហ៊ុន ៥១ ​ភាគរយ និង​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ដែលមាន​ភាគហ៊ុន ៤៩ ​ភាគរយ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម បានប្រកាស​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​កម្ពុជា​អង្គរអ៊ែរ ប៉ុន្មាន​ខែក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​ផ្ទុះឡើង​។

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពី​ខែមេសា ឆ្នាំ​ ២០២០ លោក ស៊ិន ចាន់សេរីវុត្ថា បាន​ប្រាប់ថា ការលក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​កម្ពុជា​អង្គរអ៊ែរ រួមទាំង​យន្តហោះ A321 ចំនួន ៥ ​គ្រឿង​មានតម្លៃ​សរុប ៣៧ ​លាន​ដុល្លារ​។

នៅ​គ្រា​អញ្ជើញ​ចុះទៅពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ នា​ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា នៅពេល​គម្រោង​សាងសង់​អាកាសយានដ្ឋាន-អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ រួចរាល់ អាកាសយានដ្ឋាន​នេះ​នឹង​អាច​ទទួល​បាន​អ្នកដំណើរ​ពី ១៣ ​លាន​ទៅ ១៥ ​លាន​នាក់​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ការកសាង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ គឺជា​ការពង្រីក​សមត្ថភាព​ក្នុង​ការទទួល​ជើងហោះហើរ​ពី​ក្រៅ​ប្រទេស ឬ​ក្នុងប្រទេស ខណៈ​កន្លងមក​សមត្ថភាព​ទទួល​យន្តហោះ​នានា​របស់​អាកាសយានដ្ឋាន​ដែលមាន​ស្រាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​នៅមាន​កម្រិត​នៅឡើយ​។

លោក ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ (OCIC) ដែលជា​ក្រុមហ៊ុន​វិនិយោគ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ឱ្យដឹងថា មកដល់​ពេលនេះ​គម្រោង​សាងសង់​នេះ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៧៥ ​លាន​ដុល្លារ​នៃ​ទំហំ​ទឹកប្រាក់​សម្រាប់​សាងសង់​សរុប​ ១ ៥០០ ​លាន​ដុល្លារ​។

ដើម្បី​ប្រមូល​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​ពន្លឿន​ការសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា (CAIC) បានដាក់​ដំណើរកា​រលក់សញ្ញា​បណ្ណ​ដែលមាន​ទឹកប្រាក់ ៣០០ ​លាន​ដុល្លារ ខណៈ​សញ្ញា​បណ្ណ​តម្លៃ​ជិត ១០០ ​លាន​ដុល្លារ​ត្រូវបាន​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ទិញយក​ទៅកាន់កាប់​។

បច្ចុប្បន្ន​គម្រោង​នេះ​សម្រេច​ការសាងសង់​បាន​ជិត​ ៣០ ​ភាគរយ ដោយ​រំពឹងថា នឹង​បញ្ចប់​ការសាងសង់​តាម​ការផែនការ ដែល​បានកំណត់​៕ LA