ភ្នំពេញៈ ប្រាក់ចំណូល​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (​ក.ស.ភ) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) រយៈពេល​ ១១ ​ខែ​ឆ្នាំ​ ២០២១ មាន​ប្រមាណ ៣០ ​លាន​ដុល្លារ​កើនឡើង ១៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​បរិមាណ​ទូ​កុងតឺន័រ ឆ្លងកាត់​កើន​ជាង​ ១៩ ​ភាគរយ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក.ស.ភ។

ទិន្នន័យ ក.ស.ភ ដែល​ផ្ញើឱ្យ​វិនិយោគិន និង​សាធារណជន​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ចំណូល​ដែល ក.ស.ភ រកបាន​ (​ពុំទាន់​ធ្វើ​សវនកម្ម​) មាន​ចំនួន​សរុប ៣០ ៣៩០ ១៧២ ​ដុល្លារ​កើនឡើង ១៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ២៦ ៦៥៨ ២២១ ​ដុល្លារ​។

យោងតាម ក.ស.ភ ចំណូល​ទាំងនោះ​រួមមាន ចំណូល​ពី​ប្រតិបត្តិការ​ផែ​ចំនួន ២៦៤ ៤២៤ ធីអ៊ីយូ​។

ដោយឡែក​សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ចំណូល​ទទួលបាន​មាន ២ ៧៦៥ ៦០៩ ​ដុល្លារ កើនឡើង ១៩ ​ភាគរយ​ធៀប​ខែវិច្ឆិកា ឆ្នាំ​ ២០២០​។ រីឯ​កុងតឺន័រ​ឆ្លងកាត់​ចំនួន ២៦ ៨៤៤ ធីអ៊ីយូ កើន ១៩,៣៣ ​ភាគរយ​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​លោក ស៊ិន ចន្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១២ ខែធ្នូ​ថា សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ (​ផ្លូវទឹក​) ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ការដឹកជញ្ជូន​ទៅ​គោលដៅ​ឆ្ងាយៗ​បាន​ជួប​បញ្ហា​ជាច្រើន​ចាប់ពី​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ដែល​បញ្ហា​ទាំងនោះ​មានដូចជា ការកើនឡើង​ខ្ពស់​តម្លៃ​ដឹកជញ្ជូន និង​កង្វះ​ទូ​កុងតឺន័រ​។

លោក​បន្តថា ទោះយ៉ាងណា​វិស័យនេះ​ចាប់ផ្តើម​មាន​ភាពមមាញឹក​ជា​បណ្តើរៗ​វិញ​ហើយ ពិសេស​ក្នុង​រយៈពេល ៤-៥ ​ខែ​ចុងក្រោយ​នេះ​គេ​សង្កើត​ឃើញ​សម្ទុះ​នៃ​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​កើនឡើង​ព្រមគ្នា​តែម្តង​។

លោក​និយាយថា​៖ «​ខ្ញុំ​ដឹងថា​កំណើន​នៃ​ការដឹកជញ្ជូន​តាមរយៈ​កំពង់ផែ​ភ្នំពេញ ពិតជា​កើន ពិសេស​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អន្តរជាតិ​ (​ប្រទេស​ក្នុង​តំបន់​) ​ដែល​កំណើន​នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​កំពង់ផែ​ទទួលបាន​ចំណូល​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រស់វើក​ផងដែរ​»​។

លោក​បន្ថែមថា កំណើន​នេះ​នឹង​មាន​ទំហំ​កាន់តែ​ធំ​ក្នុងពេល​ឆាប់ៗ ខណៈ​សកម្មភាព​ផលិត​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​កំពុង​មាន​ភាពវិជ្ជមាន​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា ទោះបី​កំពង់ផែ​ភ្នំពេញ​មិនមាន​សកម្មភាព​ដឹកជញ្ជូន​ធំៗ​ដូច​កំពង់ផែ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​វា​ពិតជា​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការដឹកជញ្ជូន​ទំនិញ​ទៅ​ប្រទេស​ជិតខាង ពិសេស​ផលិតផល​កសិកម្ម​។ កំណើន​នេះ​នឹងមាន​កាន់តែ​ច្រើន​ពី​ពេលនេះ​តទៅ ខណៈ​រដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​ស្ទើរ​ទាំងស្រុង​រួចហើយ​។

លោក​អះអាង​ថា​៖ «​កំណើន​ប្រាក់ចំណូល និង​ការឆ្លងកាត់​ទូ​កុងតឺន័រ បញ្ជាក់​ពី​ភាពរឹងមាំ​នៃ​វិស័យ​ដឹកជញ្ជូន ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​»​។

នៅក្នុង​ឆ្នាំ​ ២០២០ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូល​បាន ២៩,៤៨ ​លាន​ដុល្លារ​ (​មិនទាន់​ធ្វើ​សវនកម្ម​) ធ្លាក់ចុះ ៦ ​ភាគរយ​បើ​ធៀប ៣១,៣១ លាន​ដុល្លារ (​ធ្វើ​សវនកម្ម​រួច​) កាលពី​ឆ្នាំ​ ២០១៩​។ លោក ហ៊ី បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និយាយ​ថា ការធ្លាក់ចុះ​ប្រាក់ចំណូល​ឆ្នាំ​ ២០២០ គឺ​ដោយសារ​ស្ថានភាព​កូវីដ​ ១៩ រីករាលដាល​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សកម្មភាព​ដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​៕ LA

វីដេអូ៖