ភ្នំពេញៈ ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស្ស បាន​ស្វាគមន៍​ក្រុមហ៊ុន​អាមេរិក​ដែលមាន​បំណង​វិនិយោគ​លើ​ការដាំ​ដើម​ប្រេងខ្យល់ និង​អាកាស្យា​សម្រាប់​ការកែច្នៃ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​នាំចេញ ដោយ​អះអាង​ថា កម្ពុជា​មាន​ផ្ទៃដី​រាប់ម៉ឺន​ហិកតា​សម្រាប់​ដាំដុះ​។

ការអះអាង​របស់​លោក អូម៉ាលីស្ស ធ្វើឡើង​បន្ទាប់ពី​លោក Paul Kambur នាយក​ក្រុមហ៊ុន Bioterra Capital ជួបពិភាក្សា​ជាមួយ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ស្នើសុំ​ការណែនាំ​ពី​ដំណើរការ​នៃ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ព្រៃឈើ ការដាំ​ឈើ​ឡើងវិញ ការកែច្នៃ និង​នាំចេញ​។

ក្នុងជំនួប​នោះ លោក វេង សាខុន បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន Bioterra Capital សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដើម្បី​ទទួលបាន​ដីសម្បទាន និង​ការសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​សម្រាប់​ការដាំ​ឈើ​នៅតាម​ស្ថានីយ​។

លោក កែវ អូម៉ាលីស្ស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១២ ខែធ្នូ​ថា ជា​រឿង​ល្អ​ដែល​ក្រុមហ៊ុន​អាមេរិក​ចាប់​អារម្មណ៍​លើ​ការវិនិយោគ​ដាំ​ឈើ​ប្រេង​ខ្យល់ និង​អាកាស្យា​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មាន​លក្ខណៈ​អំណោយផល​លើ​ការវិនិយោគ​ច្រើន​ទាំង​ការនាំចេញ សណ្ឋាន​ដី ជាពិសេស​ច្បាប់​វិនិយោគ​ថ្មី​ដែល​បាន​បង្ក​ភាពងាយស្រួល និង​អំណោយផល​ដល់​អ្នកវិនិយោគ​។

លោក​បន្ថែមថា​៖ «​នៅ​កម្ពុជា​មាន​ការដាំដុះ​ដើម​ប្រេងខ្យល់ និង​អាកាស្យា​ច្រើន ដោយ​នៅតាម​ដី​រដ្ឋ​មាន​ការដាំ​ដើមឈើ​ប្រភេទ​នេះ​ប្រមាណ​ជាង ១ ​ម៉ឺន​ហិកតា និង​ការដាំ​ជា​លក្ខណៈ​ឯកជន​រាប់ម៉ឺន​ហិកតា​ផ្សេងទៀត​»​។

លោក​អះអាងថា ដើម​ប្រេងខ្យល់ និង​អាកាស្យា​ត្រូវបាន​ដាំដុះ​ភាគច្រើន​នៅ​ខេត្តកំពត ព្រះសីហនុ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ ក្រចេះ កំពង់ឆ្នាំង និង​ព្រៃវែង​។

លោក​បន្តថា ប្រេងខ្យល់ និង​អាកាស្យា គឺជា​ប្រភេទ​ឈើ​សំខាន់​សម្រាប់​ប្រើប្រាស់​ធ្វើជា​អុស ដើម្បី​ផ្គត់ផ្គង់​ថាមពល​ក្នុង​វិស័យ​ឧស្សាហកម្ម បន្ទាប់មក​អាច​យក​ទៅ​ធ្វើជា​ក្រដាស គ្រឿង​សង្ហារិម ឬ​ធ្វើជា​ចន្ទល់​ជាដើម​។

លោក​បន្ថែមទៀតថា សម្រាប់​ការដាំ​ ដើម្បី​ធ្វើជា​ឈើ​ចន្ទល់​ត្រូវ​ចំណាយ​រយៈពេល ២,៥ ​ឆ្នាំ ហើយ​បើ​ដាំ​សម្រាប់​យកទៅ​ច្នៃ​ធ្វើជា​គ្រឿងសង្ហារិម គឺ​ត្រូវ​ចំណាយពេល​ពី ៥ ​ទៅ​ ៧ ​ឆ្នាំ​។

បើតាម​លោក អូម៉ាលីស្ស បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មិនតិចជាង ១០ ​នោះទេ ដែល​កំពុង​វិនិយោគ​លើ​ការដាំ​ដើម​ប្រេងខ្យល់ និង​អាកាស្យា ដោយ​ក្រុមហ៊ុន​ទាំងនេះ ភាគច្រើន​វិនិយោគ​លើ​ការដាំដុះ​នៅ​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើកឡើង​ថា ក្រសួងកសិកម្ម នឹង​រង់ចាំ​សហការ និង​គាំទ្រ​លើ​គម្រោង​នេះ ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​អាច​សម្រេច​បាន​ភាពជោគជ័យ​៕ LA