ភ្នំពេញៈ ធនាគារ ABA ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ឈានមុខ និង​ជា​សម្ព័ន្ធ​ធនាគារជាតិ​កាណាដា​កាលពី​ថ្ងៃទី​ ៧ ​ខែធ្នូ​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ទី​ ២ ​របស់​កម្ពុជា​ត្រូវ​បាន​ផ្ដល់​ចំណាត់ថ្នាក់​ដោយ Standard & Poor''s ​ជា​ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ពិភពលោក​អំពី​កម្រិត​ឥណទាន​រយៈពេល​វែង ក្នុង​កម្រិត​ «B+» ​ជាមួយ​នឹង​ចក្ខុវិស័យ​ប្រកបដោយ​ស្ថិរភាព​។

ការវាយម្លៃ​នេះ ធ្វើឡើង​រយៈពេល​ប្រហែល​ ៣ ​សប្តាហ៍​បន្ទាប់ពី​ការផ្ដល់​ចំណាត់ថ្នាក់​ឥណទាន​ «BB» ​និង​ការវាយតម្លៃ​ឥណទាន​កម្រិត «B+/Stable /B» ​សម្រាប់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ ABA កាលពី​ថ្ងៃទី​ ១៣ ខែធ្នូ ចក្ខុវិស័យ​ស្ថិរភាព​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់ S&P ដែលថា ធនាគារ​មួយ​នេះ​នឹង​គ្រប់គ្រង​ប្រកប​ដោយ​ចីរភាព​នូវ​កំណើន​ប្រាក់កម្ចី និង​ប្រាក់បញ្ញើ​យ៉ាង​រហ័ស​ទោះបី​ប្រទេស​កម្ពុជា ងើប​ចេញពី​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។ អ្នកស្រាវជ្រាវ​ជឿជាក់​ថា កម្មវិធី​ឌីជីថល​របស់​ធនាគារ​ ABA ទទួលបាន​អត្ថប្រយោជន៍​ឈានមុខ​គេ​ដែល​គាំទ្រ​ដល់​ការពង្រីក​កម្ចី និង​បញ្ញើ​។ ដោយ​ប្រៀបធៀប​នឹង​គូប្រជែង​ក្នុងប្រទេស ធនាគារ​នេះ​ក៏មាន​ដាក់ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធគ្រប់គ្រង​ហានិភ័យ​សមស្រប​បំផុត រួមមាន​ការវិភាគ​រំហូរ​សាច់ប្រាក់ ដើម្បី​គាំទ្រ​ដល់​ការសម្រេចចិត្ត​ឥណទាន​របស់ខ្លួន​។

ផ្អែកលើ​របាយការណ៍​មកពី S&P ការពង្រឹង​បណ្ដាញ​របស់ ABA ទទួលបាន​ភាពលេចធ្លោ​ដោយ​កំណើន​ប្រកប​ដោយ​ស្ថិរភាព​នៅក្នុង​ចំណែក​ទីផ្សារ ពាក់ព័ន្ធ​នឹង​កម្ចី និង​បញ្ញើ​, បណ្ដាញ​បម្រើ​សេវា​រូបវន្ត និង​ឌីជីថល និង​មូលដ្ឋាន​អតិថិជន​។

S&P ​បាន​ឱ្យ​ដឹងថា​៖ «​ដោយ​រួមផ្សំ​ជាមួយ​ប្រសិទ្ធភាព​ប្រតិបត្តិការ កត្តា​ទាំងនេះ គាំទ្រ និង​ជំរុញ​លទ្ធផល​ឈានមុខ​របស់ខ្លួន​។ អ្នកជំនាញ ក៏​វាយតម្លៃ​ខ្ពស់​ដល់​គណៈ​គ្រប់គ្រង​ថា មាន​ជំនាញ សមត្ថភាព និង​ភាពបត់បែន​ដែល​ពុះពារ រាល់​លក្ខខណ្ឌ ឬ​បរិយាកាស​ប្រតិបត្តិការ ក្នុង​អំឡុង​វិបត្តិ​រីករាលដាល​ជា​សកល និង​ជឿជាក់ថា ការគ្រប់គ្រង​ជាមួយ​កិច្ចគាំទ្រ​ពី​ធនាគារជាតិ​កាណាដា ទាំង​នៅក្នុង​ក្រុមប្រឹក្សាភិបាល និង​គណៈសវនកម្ម​របស់ ABA ជួយ​គាំទ្រ​ដល់​ការសម្រេចចិត្ត​ផ្អែកលើ​ហានិភ័យ​នៅ​ធនាគារ ABA»​។

យោងតាម​ការចេញផ្សាយ​ការស្រាវជ្រាវ អ្នកជំនាញ​របស់ S&P បាន​លើកឡើង​ ជាពិសេស​អំពី​ស្ថានភាព​ធុរកិច្ច​ដ៏មាន​ស្ថិរភាព និង​សក្តានុពល​កំណើន​បន្ថែម​របស់​ធនាគារ ABA​។

លោក Zhiger Atchabarov នាយកប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារ ABA បានឱ្យដឹងថា ចំណាត់ថ្នាក់​ឥណទាន​អន្តរជាតិ ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​ឯករាជ្យ​លើ​ភាពជា​ទីពឹង និង​ឥណទាន​គួរ​ជា​ទីទុកចិត្ត​របស់​ធនាគារ​។ ហើយ​ការបញ្ជាក់​ជាថ្មី​លើ​កម្រិត​ឥណទាន​ពី S&P ​ឆ្នាំនេះ ស្ដែង​ឱ្យឃើញ​ពី​ស្ថិរភាព​នៃ​យុទ្ធសាស្ត្រ​ធុរកិច្ច និង​ភាពបត់បែន​ដែល​ឆ្លើយតប​តាម​ការផ្លាស់ប្ដូរ​នានា​។

លោក​លើកឡើង​ថា​៖ «​ទោះជា​ឆ្លងកាត់​បញ្ហា​កូវីដ យើង​នៅតែ​អាច​រក្សា​គុណភាព​ខ្ពស់​នៃ​ទ្រព្យសកម្ម អនុវត្ត​អភិបាលកិច្ច​បាន​ត្រឹមត្រូវ និង​ការពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​យើង ដែលជា​ការត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់ កំណើន​បន្ថែម​»​។

ភ្នាក់ងារ​វាយតម្លៃ អន្តរជាតិ S&P បាន​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​កម្រិត​ «B» ​ដល់​ធនាគារ ABA កាលពី​ឆ្នាំ ២០១៧​។ ចំណាត់ថ្នាក់​នេះ​ត្រូវបាន​ដំឡើង​ដល់​កម្រិត​ «B+» ​កាលពី​ឆ្នាំ ២០១៩ ផ្អែកលើ​កំណើន និង​ចំណែក​ទីផ្សារ​ជា​សារវន្ត​នៃ​ប្រាក់កម្ចី និង​ប្រាក់បញ្ញើ​ជាមួយ​ប្រាក់ចំណេញ​លើសពី​មធ្យម​។

របាយការណ៍ CSX កាលពី​ថ្ងៃទី​ ១៨ ខែសីហា ធនាគារ ABA បាន​ឱ្យ​ដឹងថា ការប្រាក់​សរុប និង​ប្រាក់ចំណូល​សរុប​បាន​កើនឡើង​ដល់ ៤៤៣,៩៣៨ និង ១៩៥,២៤៨ ​ពាន់​លាន​រៀល (១០៩ និង ៤៨ ​លាន​ដុល្លារ នៅក្នុង​ត្រីមាស​នេះ​កើន ២៩ ​ភាគរយ​និង ៤២ ​ភាគរយ​រៀង​គ្នា​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រាក់ចំណេញ​សុទ្ធ​ «​បន្ត​កើនឡើង​ជា​លំដាប់​» ​ក្នុងអំឡុង​ពេលនេះ​។ ធនាគារ​បាន​កត់ត្រា​ប្រាក់ចំណូល​ចំនួន​ ៩៣ ​លាន​ដុល្លារ​ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែ​មិថុនា​៕LA