ភ្នំពេញៈ មន្ត្រី​ក្នុង​វិស័យ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ៗ​បាន​លើកឡើងថា ខណៈ​ព្រឹត្តិការណ៍​ស្វាគមន៍​ឆ្លង​ឆ្នាំ​សកល​ ២០២១ កាន់តែ​ខិតជិត​មកដល់ ខេត្ត​របស់​ពួកគេ​នៅ​មិនមាន​ផែនការ​រៀបចំ​ព្រឹត្តិការណ៍ ឬ​កម្មវិធី​អ្វី​ធំដុំ​ទេ ប៉ុន្តែ​ការចុះទៅ​ពង្រឹង​ការអនុវត្ត SOP ដល់​ប្រតិបត្តិករ​ដែល​បម្រើសេវា​ផ្សេងៗ​ត្រូវបានធ្វើ​ជាប្រចាំ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការផ្ទុះ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ប្រាប់ថា មកដល់​ពេល​នេះ​ខេត្ត​កែប នៅ​មិនទាន់មាន​ផែនការ​រៀបចំ​ព្រឹត្តិការណ៍​ស្វាគមន៍ និង​អបអរសាទរ​ឆ្លង​ឆ្នាំ​ ២០២១ ទេ ព្រោះ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ស្ថិតក្នុង​ភាពប្រុងប្រយ័ត្ន​នៅឡើយ​។ លោក​បន្តថា បើសិន​ខេត្ត​រៀបចំ​ព្រឹត្តិការណ៍​ណាមួយ​នោះ​វា​ហាក់ដូចជា​ការលើកទឹកចិត្ត​ឱ្យមាន​ការជួបជុំ​មនុស្ស ដូច្នេះ​ខេត្ត​មានតែ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​មកលេង​កម្សាន្ត​ធម្មតា និង​ណែនាំ​ឱ្យមាន​វិធានការ​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​បើ​យើង​រៀបចំ​ឱ្យ​មាន​ការប្រគំ​តន្ត្រី ច្រៀង​រាំ និង​ពិព័រណ៍​នានា យើង​ដូចជា​លើកទឹកចិត្ត​។ អ៊ីចឹង​ស្ថានភាព​នេះ ខ្ញុំ​គិតថា រង់ចាំ​មាន​ការណែនាំ ឬ​និង​រង់ចាំ​ស្ថានភាព​ជាក់ស្តែង​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​ដូចជា​ក្រសួងទេសចរណ៍ និង​ក្រសួង​សុខាភិបាល​សិន​»​។

ស្រដៀង​គ្នា​នេះ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ីណុល បាន​ប្រាប់ថា សម្រាប់​ខេត្តកំពត​មិនមាន​ការរៀបចំ​ព្រឹត្តិការណ៍​ណាមួយ​ទទួល​ភ្ញៀវ​ទេសចរ​កម្សាន្ត​ទេ ព្រោះ​វា​ស្ថិតក្នុង​ភាពប្រយ័ត្នប្រយែង​នៅឡើយ​។ ទោះជា​យ៉ាងណា​លោក​លើកឡើង​ថា ទោះបី​គ្មាន​រៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​ក៏​ខេត្តកំពត​នឹង​ទទួលភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ចំនួន​ច្រើន​ផងដែរ ព្រោះ​ខេត្ត​នេះ​មាន​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​មាន​ចំនួន​ច្រើន​។

ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា ឱ្យដឹង​ដែរ​ថា រហូតមកដល់​ពេលនេះ​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​នៅឡើយ​ទេ ប៉ុន្តែ​លោក​បានឃើញ​ផ្នែក​ឯកជន​ដាក់ពាក្យ​ស្នើសុំ​រៀបចំ​ប្រគំ​តន្ត្រី និង​តាំងពិព័រណ៍​ទៅ​រដ្ឋបាលខេត្ត​ដែរ​។

ដោយឡែក​លោក ស៊ន សារុន នាយក​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​ឱ្យ​ដឹងថា សម្រាប់​ខេត្តមណ្ឌលគិរី គឺមាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន​ដែរ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ ២០២១ ខាងមុខ ដូចជា ការតាំង​ពិព័រណ៍ និង​ប្រគំ​តន្ត្រី ជាដើម ប៉ុន្តែ​មិន​ធ្វើ​ធំ​ទេ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​ចូល​លេង​កម្សាន្ត ក្រៅពី​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​។

លោក​បន្តថា បច្ចុប្បន្ន​រដ្ឋបាលខេត្ត​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​កែលម្អ​បំពាក់​ភ្លើង​បំភ្លឺ​តាមផ្លូវ​នានា​ ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ និង​ត្រៀម​រក្សា​សន្តិសុខ​ដល់​ភ្ញៀវ​។ ទោះយ៉ាងណា​សម្រាប់​ខេត្តមណ្ឌលគិរី​ក៏​មាន​ការខ្វះខាត​ទីតាំង​ស្នាក់នៅ​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​មាន​ចំនួន​ច្រើន​។

លោក​បាន​ថ្លែងថា​៖ «​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​របស់​យើង​នៅ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​បានទេ​។ ទោះបី​យ៉ាងណា​ឥឡូវ​ប្រជាជន​មួយចំនួន​នៅពេល​គាត់​ទៅលេង​កន្លែង​ណា គាត់​តែង​ត្រៀម​តង់​តែម្តង អ៊ីចឹង​អត់​បញ្ហា​ទេ​»​។

នាយក​រដ្ឋបាល​ខេត្តសៀមរាប​លោក ស៊ុន ចំណាន បានឱ្យ​ដឹងថា សម្រាប់​ខេត្តសៀមរាប​ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍វប្បធម៌ ក៏​នឹងមាន​រៀបចំ​ព្រឹត្តិការណ៍​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ដែរ ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​លេង​កម្សាន្ត និង​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខ​។

លោក​បាន​រំពឹងថា ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​នឹងមាន​ចំនួន​ច្រើន​នៅពេល​បុណ្យ​ឆ្លង​ឆ្នាំនេះ ព្រោះ​ស្រប​ជាមួយ​នឹង​ការបើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ទាំង​ ៣៨ ក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ ខាងមុខ​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៣ ខែធ្នូ​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​បណ្តា​ខេត្ត​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​នៅឡើយ​ទេ ប៉ុន្តែ​ជាធម្មតា​នៅ​ដំណាច់ឆ្នាំ​នីមួយៗ រដ្ឋបាលខេត្ត​គោលដៅ​ទេសចរណ៍​តែង​រៀបចំ​កម្មវិធី​អបអរសាទរ​ឆ្លង​ឆ្នាំ​នៅក្នុង​លក្ខណៈ​ណាមួយ​ដែល​អាច​គ្រប់គ្រង​បាន​។

លោក​បន្តទៀតថា ក្រសួង​រំពឹងថា នៅ​អំឡុងពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នឹង​នៅតែ​បន្ត​ចេញ​ដើរលេង​កម្សាន្ត​តាម​គោលដៅ​ខេត្ត​ទេសចរណ៍​នានា ដូចជា​ខេត្ត​នៅជាប់​មាត់សមុទ្រ ខេត្តសៀមរាប និង​ខេត្តមណ្ឌលគិរី ជាដើម ព្រោះ​រៀងរាល់​ចុង​សប្តាហ៍​មាន​ប្រជាជន​ជាច្រើន​បានចេញ​ដើរ​កម្សាន្ត​៕ LA

វីដេអូ៖