ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព និង​គោលនយោបាយ​កម្មសិទ្ធិបញ្ញា​កម្ពុជា​ សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​។

ការចុះ MoU នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Daren Tang អគ្គនាយក​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ការចុះ MoU ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​នេះ គឺ​ដោយសារ​កម្ពុជា​ត្រូវការ​ជំនួយ​បច្ចេកទេស​បន្ថែម​ពាក់ព័ន្ធ​នឹង​ការកសាង​សមត្ថភាព​មន្ត្រី​, ការជំរុញ​បច្ចេកទេស​លើ​ការរៀបចំ​ប្រព័ន្ធ​ផ្សេងៗ​តាម​បច្ចេកវិទ្យា​ថ្មីៗ​, ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ ដើម្បី​ឆ្លើយតប​នឹង​បម្រែបម្រួល​ផ្សេងៗ និង​ការពិនិត្យ​មើល​លើ​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។

លោក​បន្តថា កម្ពុជា​មាន​ច្បាប់​គោល​មួយចំនួន​សម្រាប់​ការពារ​កម្មសិទ្ធិ​បញ្ញា​រួចហើយ ដូចជា ច្បាប់​ម៉ាក​ពាណិជ្ជនាម និង​អំពើ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​,​ច្បាប់​ប្រកាស​នីយបត្រ​តក្កកម្ម និង​គំនូរ​ឧស្សាហកម្ម​, ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​, ច្បាប់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​, និង​ច្បាប់​ការពារ​ពូជ​ដំណាំ​ថ្មី ជាដើម​។ បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​រៀបចំ​ច្បាប់​ការពារ​ការសម្ងាត់​ពាណិជ្ជកម្ម និង​ព័ត៌មាន​មិន​បើកចំហ​ផងដែរ​។

ចំពោះ​ការអនុវត្ត​ច្បាប់​ទាំងនេះ ត្រូវបាន​លោក ប៉ែន សុវិជាតិ អះអាង​ថា កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​នៅក្នុង​តំបន់​ទាក់ទង​នឹង​ការការពារ​កម្មសិទ្ធិបញ្ញា​នេះ​។ លោក​អះអាងថា​៖ «​កម្ពុជា​យើង​នៅក្នុង​តំបន់​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា មានន័យថា យើង​សកម្ម​ជាងគេ​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា ដូច្នេះ​ការអនុវត្ត​កាតព្វកិច្ច​របស់​យើង​ក្រោម WIPO (World Intellectual Property Organization) យើង​ជា​ប្រទេសមួយ​ដែល​គេ​ទទួលស្គាល់ថា​អនុវត្ត​បានល្អ​ជាងគេ​»​។

លោក ហៃ លីអ៊ាង អគ្គនាយក​ក្រុមហ៊ុន​កសិកម្ម Confirel បានឱ្យ​ភ្នំពេញ-ប៉ុស្តិ៍​ដឹង​ដែរ​ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក គឺជា​ការជំរុញ​ទឹកចិត្ត​បន្ថែមទៀត​ដល់​អ្នក​ដែល​ខិតខំ​ប្រឹង​លើ​ការងារ​ស្រាវជ្រាវ និង​បង្កើត​ស្នាដៃ​ថ្មី​ដោយ​ខ្លួនឯង ព្រោះ​កម្ពុជា​សម្បូរ​កម្មសិទ្ធិបញ្ញា​ទាំង​ស្នាដៃ​ស្រាវជ្រាវ ការបង្កើត​ផលិតផល​នានា និង​ការបង្កើត​ស្នាដៃ​ផ្នែក​សិល្បៈ​ជាដើម​។

យ៉ាងណាមិញ​លោក​បញ្ជាក់ថា ថ្វីដ្បិត​តែ​កម្ពុជា​បាន​ខិតខំ​ប្រឹង​ចងក្រង​បង្កើត​ច្បាប់​គោល​ជាច្រើន​ក្នុង​គោលបំណង​ការពារ​កម្មសិទ្ធិបញ្ញា​នេះ ប៉ុន្តែ​លោក​យល់ថា ការអនុវត្ត​របស់​អាជ្ញាធរ​នៅមាន​កម្រិត ព្រោះ​នៅមាន​ផលិតផល​ក្លែងបន្លំ​ម៉ាក​សញ្ញា​ជាច្រើន​នៅលើ​ទីផ្សារ និង​ការ​លួច​ស្នាដៃ​របស់​អ្នកដទៃ​យកទៅ​ធ្វើជា​របស់ខ្លួន​ជាដើម​។

លោក​បន្ថែមថា​៖ «​យើង​អនុវត្តបាន​តិចតួច​ណាស់ ដោយសារ​តែ​សង្គម​យើង​មិនទាន់​ឱ្យ​តម្លៃ​ទៅលើ​កម្មសិទ្ធិបញ្ញា ហើយ​សង្គម​ឱ្យ​តម្លៃ​ទៅលើ​កម្មសិទ្ធិ​បញ្ញា​បាន​ទាល់តែ​អាជ្ញាធរ​ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​ការគោរព​កម្មសិទ្ធិ​បញ្ញា​ជាដាច់ខាត​។ ឧទាហរណ៍​ម្រេចកំពត​ជាដើម ឃើញ​ចរាចរណ៍​នៅលើ​ទីផ្សារ​ច្រើនជាង​ផលិតផល​ដែលមាន​ដូចនេះ​មានការ​ក្លែងបន្លំ​ច្រើន​»​។

លោក​ក៏​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការពង្រឹង​បន្ថែមទៀត ចំពោះ​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា​ដែល​បង្កើត​ហើយ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ចៀសវាង​ការបង្ខូចឈ្មោះ ឬ​ម៉ាក​ផលិតផល​របស់​ខ្មែរ​នៅលើ​ទីផ្សារ​។

បើតាម​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ការរំលោភ​កម្មសិទ្ធិ​បញ្ញា​ត្រូវ​រង​ការផាកពិន័យ ដែល​អនុវត្ត​ដោយ​អគ្គនាយក​កិច្ចការពារ​អ្នកប្រើប្រាស់​អំពើ​ប្រកួតប្រជែង និង​បង្ក្រាប​ក្លែងបន្លំ ដែលជា​អ្នកអនុវត្ត​ផ្ទាល់ និង​អគ្គនាយក​គយ និង​រដ្ឋាករ​ដែល​ស្ថាប័ន​នេះ​មាន​សិទ្ធិ​ចាប់​ផាកពិន័យ ទោះបី​ជាមាន ឬ​មិនមាន​ពាក្យបណ្តឹង​ពី​ម្ចាស់​សិទ្ធិ​ក៏ដោយ​៕ LA