ភ្នំពេញៈ កំណើន​នៃ​តម្រូវការ​វត្ថុធាតុដើម​សម្រាប់​ដំណើរការ​ផលិតកម្ម និង​កែច្នៃ ព្រមទាំង​ការបញ្ជាទិញ​ពី​ដៃគូ​បាន​ធ្វើឱ្យ​ចំនួន​ទឹកប្រាក់​ពី​ការនាំចូល-នាំចេញ​របស់​បណ្តា​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ) រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ ​សម្រេច​បាន​ជាង ២ ​ពាន់​លាន​ដុល្លារ កើន​ជិត​ពាក់កណ្តាល​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ចុងក្រោយ​ពី SSEZ កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ បរិមាណ​នៃ​ការនាំចូល-នាំចេញ​ទំនិញ​របស់​រោងចក្រ​/​សហគ្រាស នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​មាន​តម្លៃ​សរុប ២ ០០១​ លាន​ដុល្លារ កើន​ ៤០,០៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ដែលមាន​ចំនួន​ ១ ៤២៩ លាន​ដុល្លារ​។

SSEZ បាន​សរសេរ​ថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ប្តេជ្ញា​នឹង​ខិតខំ​បន្ត​រក្សា​នូវ​កំណើន​នៃ​ការនាំចេញ-នាំចូល​ទំនិញ​ឱ្យ​កើនឡើង​ខ្ពស់​បន្ថែមទៀត​»​។ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច-អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ១៣ ខែធ្នូ​ថា ទោះបីជា​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​ការគំរាមកំហែង​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ពិភពលោក​ទាំងមូល​ក៏​បរិមាណ​ការនាំ​ចូល-នាំចេញ​ទំនិញ​របស់ SSEZ នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ជាប្រចាំ​។ លោក​បន្តថា ផ្អែក​តាម​ទិន្នន័យ​ខាងលើ ការនាំ​ចូលនាំចេញ​អាច​កើនឡើង​ដូចគ្នា ខណៈ​ការកើនឡើង​ចំនួន​ទឹកប្រាក់​នាំចូល វា​មិនមែន​ជា​រឿង​អាក្រក់​ទេ ដោយសារ​ការនាំចូល​របស់​រោងចក្រ​/​សហគ្រាស គឺជា​វត្ថុធាតុដើម​សម្រាប់​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម​។ ការកើនឡើង​ទំហំ​នៃ​ទឹកប្រាក់​នាំចូល​វត្ថុធាតុដើម​កាន់តែ​ច្រើន​បង្ហាញ​ថា ការបញ្ជាទិញ​ពី​សំណាក់​ដៃគូ​មាន​កាន់តែច្រើន​ដែរ​។

លោក​ថ្លែងថា​៖ «​កំណើន​ទឹកប្រាក់​នាំចូល-នាំចេញ​សរុប​ដល់​ជាង ៤០ ​ភាគរយ​របស់ SSEZ បញ្ជាក់ថា ផលិតផល និង​សេវាកម្ម​ដែលជា​របស់​រោងចក្រ​/​សហគ្រាស​នៅ​ទីនោះ​មាន​ការបញ្ជា​ទិញ​ច្រើន​»​។

ខេត្តព្រះសីហនុ​ត្រូវ​រំពឹងថា នឹង​អាច​ស្រូប​ទាញ​ការចូលទៅ​បណ្តាក់ទុន​កាន់តែច្រើន​ក្នុងពេល​ឆាប់ៗ ខណៈ​កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ដែល​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុគោលបំណង​។ បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះសីហនុ មាន​គម្រោង​សាងសង់​ធំៗ​ជាច្រើន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សំណង់​អគារ​ធំៗ និង​ជាពិសេស​គម្រោង​ពង្រីក​កំពង់ផែ​កុងតឺន័រ​សមុទ្រ​ទឹក​ជ្រៅ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​ ២០២២​។ បន្ថែម​ពីលើ​នេះ​រដ្ឋាភិបាល​ក៏​ទើបបាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​នូវ​ច្បាប់​វិនិយោគ​ថ្មី ដែល​គេ​ដឹងថា មាន​ការលើក​ទឹកចិត្ត​ច្រើន​សម្រាប់​អ្នកវិនិយោគ​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) ​លោក ស៊ិន ចន្ធី ​និយាយថា ស្ថានភាព​សេដ្ឋកិច្ច​ និង​ការដឹកជញ្ជូន​នៅ​កម្ពុជា​ចាប់ផ្តើម​មានដំណើរ​ល្អ​ស្ទើរ​ដូច​មុនពេល​មាន​វិបត្តិ​កូវីដ​ ១៩ ហើយ ដោយ​ការដឹកជញ្ជូន​ទំនិញ​ចូល ចេញ​ក្រៅប្រទេស​មានដំណើរការ​មមាញឹក​គួរឱ្យកត់សម្គាល់​។ លោក​បន្តថា ភាពល្អប្រសើរ​នេះ​ដោយសារ​ការគ្រប់គ្រង និង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩ នៅ​កម្ពុជា​មាន​ភាពជោគជ័យ​ល្អ ដែល​សកម្មភាព​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​មាន​សមត្ថភាព​ឆ្លើយតប​នឹង​ការបញ្ជាទិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កម្លាំងចលករ​ស្រូប​ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន​ផងដែរ​។

លោក​ថ្លែងថា​៖ «​កំណើន​ការដឹកជញ្ជូន​គឺ​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច​។ បើ​ការដឹកជញ្ជូន​មាន​សម្ទុះ​ខ្លាំង ការផលិត​ក៏​ខ្លាំង​ទៅតាម​នោះដែរ​»​។

ក្នុង​ឆ្នាំ​ ២០២០ ការនាំចេញ-នាំចូល​របស់ SSEZ មាន​ទឹកប្រាក់​សរុប ១ ៥៦៥ ​លាន​ដុល្លារ​កើនឡើង ២៦,៥២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

គិត​មកដល់​ត្រឹម​ឆ្នាំ​ ២០២១ តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​បង្កើត​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៣៩​។ នេះ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)៕ LA