ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ក្រូចថ្លុង​ចំនួន ៣៤ ៩១៨,៤៤ ​តោន​ ទៅ​លក់​នៅក្រៅ​ប្រទេស​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ កើន​ជិត ១២០ ​ភាគរយ​បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម​។

ទិន្នន័យ​បានបង្ហាញ​ថា ការនាំចេញ​ភាគច្រើន​ត្រូវបាន​នាំទៅ​ប្រទេស​ថៃ​ដោយមាន​ចំនួន ៣៤ ៨៥៤ ​តោន និង​ប្រទេស​វៀតណាម ៦៤,៤៤ ​តោន​។

ប្រធាន​សមាគម​អ្នក​ដាំ​ក្រូចត្លុង​កោះ​ទ្រង់​ (​ខេត្តក្រចេះ​) អ្នកស្រី ជាន រីណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ឆ្នាំ​ ២០២១ នេះ​ការប្រមូលផល​ផ្លែក្រូច​ត្លុង​បាន​ច្រើនជាង​ឆ្នាំមុន​ដោយសារ​ឆ្នាំនេះ​អាកាសធាតុ​អំណោយផល​ល្អ ហើយ​ការដាំដុះ​ក៏មាន​កំណើន​ផងដែរ ប៉ុន្តែ​គុណភាព​បែរជា​មិនសូវ​ល្អ​ដូច​ឆ្នាំមុន​ឡើយ​។

អ្នកស្រី​បាន​បន្ថែមថា គុណភាព​ក្រូចត្លុង​ឆ្នាំនេះ​មិនសូវ​ល្អ ដោយ​មាន​ខ្លះ​ស្កក ប៉ុន្តែ​ខាង​សមាគម​បានឱ្យ​ដឹងថា មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ ព្រោះ​ការដាំ​ក្រូចត្លុង​របស់​ប្រជាកសិករ​នៅលើ​កោះ​ទ្រង់ គឺ​ដាំ​ដោយ​ធម្មជាតិ​មិន​មាន​ការប្រើប្រាស់​សារធាតុគីមី​ជំនួយ​បន្ថែម​ឡើយ​។

អ្នកស្រី​អះអាងថា មិនមាន​ទិន្នន័យ ច្បាស់លាស់​ពី​ការប្រមូលផល​ក្រូចត្លុង​កោះទ្រង់​ទេ ដោយសារ​កសិករ​ភាគច្រើន​ដាំដុះ​ហើយ​លក់ដូរ​រៀងៗ​ខ្លួន​។

អ្នកស្រី​បញ្ជាក់ថា៖ «​ទិន្នផល​ឆ្នាំនេះ​បាន​ច្រើនជាង​ឆ្នាំមុន ប៉ុន្តែ​តម្លៃ​ធ្លាក់​វិញ​បន្តិច​ដោយសារ​គុណភាព​មិនសូវ​ល្អ​។ សម្រាប់​ទីផ្សារ គឺ​មិនមាន​បញ្ហា​ទេ​ឱ្យ​តែមាន គឺ​មិនដែល​សល់​នោះទេ ហើយ​ទីផ្សារ​សំខាន់​របស់​យើង​គឺ​នៅ​រាជធានី​ភ្នំពេញ ក្រៅពីនេះ​ចេញទៅ​គោលដៅ​ផ្សេងៗ​ទៀត​»​។

អ្នកស្រី ស៊ីថា កសិករ​ដាំ​ក្រូចត្លុង​នៅ​កោះទ្រង់ ខេត្តក្រចេះ បាន​ឱ្យ​ដឹងថា ចាប់តាំងពី​ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) ក្រូច​ត្លុង​កោះ​ទ្រង់​ត្រូវបាន​គេ​ទទួលស្គាល់​កាន់តែ​ច្រើន ជាពិសេស​ភ្ញៀវទេសចរ​ដែល​ទៅលេង​កោះ​នេះ​តែង​សរសើរ​ពី​រសជាតិ និង​ទំហំ​របស់​ក្រូច​។

អ្នកស្រី​បន្តថា​៖ «​ក្រូចត្លុង​កោះទ្រង់​សម្បូរ​ខ្លាំង​នៅ​អំឡុង​ខែតុលា និង​វិច្ឆិកា តែ​មកដល់​ខែធ្នូ​នេះ ចាប់ផ្តើម​ខ្សត់​វិញ​ហើយ ដូចនេះ​តម្លៃ​ក៏​លក់បាន​ថ្លៃ​ជាង​មុន​ដែរ ដោយ​ក្រូច​ ១ ​ផ្លែ​មាន​តម្លៃ​ពី ៧ ០០០ ​រៀល ទៅ​ ៨ ០០០ ​រៀល​»​។

បើតាម​ប្រធាន​សមាគម​អ្នក​ដាំ​ក្រូចត្លុង​កោះទ្រង់ នៅលើ​កោះ​ទ្រង់មាន​អ្នក​ដាំដុះ​ក្រូច​ត្លុង ស្ទើរតែ ១០០ ​ភាគរយ ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០០ ​គ្រួសារ និង​កោះមាន​ផ្ទៃដី​សរុប ៣៥ ​ហិកតា​។ ដើម​ក្រូចត្លុង​មាន​ចំនួន ១៣ ៧៩០ ​ដើម ដោយ​ក្នុង​ ១ ​ដើម​អាចមាន​ផ្លែ​យ៉ាងតិច​ ១០០ ​ផ្លែ​នៅក្នុង​ ១ ​ឆ្នាំៗ​។

«​ក្រូច​ត្លុង​កោះ​ទ្រង់​» ​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​បញ្ជី​កម្មសិទ្ធិបញ្ញា​ពិភពលោក កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​ ២០១៨ ដោយ​ការចុះបញ្ជី​នេះ​គឺ​ដើម្បី​រួមចំណែក​ការពារ​អត្តសញ្ញាណ​ផលិតផល​ប្រពៃណី​សំដៅ​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​៕ LA