​ធនាគារ ABA សូម​ប្រកាស​ការវិនិយោគ​នូវ​ទឹកប្រាក់ 30 លាន​ដុល្លារ​អាមេរិក លើ​សញ្ញា​បណ្ណ​សាជីវកម្ម ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (​ពីមុន​ត្រូវបាន​ស្គាល់​ថា​ជា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​)

​ពិធី​ចុះហត្ថលេខា​លើ​ការវិនិយោគ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​ 14 ធ្នូ ​រវាង​ធនាគារ ABA​ និង ក្រុមហ៊ុន​អូ​វើ​ស៊ី​ខេ​ម​បូ​ឌា​ន​អ៊ិន​វេស​មិន ​ឯ​.​ក (OCIC) ​រួមជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត​អ៊ិន​វេស​មិន ឯ​.​ក (CAIC)​។​ដោយមាន​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ អាកាសយានដ្ឋាន​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏​ធំ​ដែល​នឹង​ជួយ​បង្កើន​ការវិនិយោគ​របស់​ប្រទេស និង​ការទាក់ទាញ​ផ្នែក​ទេសចរណ៍​។

​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​នេះ​ថា “​យើង​មាន​មោទនភាព​ក្នុងការ​ចូលរួម​ដល់​ការកសាង​សមិទ្ធផល​ដ៏​លេចធ្លោ​មួយ​នេះ​របស់​កម្ពុជា គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។ យើងខ្ញុំ​នៅ​ធនាគារ ABA ជឿជាក់ថា គម្រោង​ដ៏​ធំ​នេះ នឹងមិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​វិសាលភាព​សេដ្ឋកិច្ចកម្ពុជា​នៅ​ទូទាំង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ដល់​កំណើន​បន្ថែមទៀត​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​ភ័ស្តុភារ​កម្ម​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​” ​ការវិនិយោគ​នេះ ធ្វើឡើង​ស្របតាម​បេសកកម្ម​របស់ ABA​ដែល​ប្រតិបត្តិការ​ក្នុងនាម​ជា​ដៃគូ​ជាមួយ​ធុរកិច្ច​កម្ពុជា​និង​ប្រជាជន​កម្ពុជា​។

​ធនាគារ​បាន​នឹង​កំពុង​បន្ត​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេសជាតិ​។​ជាក់ស្ដែង​ភាគ​ហ៊ុ​និក ABA បាន​វិនិយោគ​ទឹកប្រាក់ 1.2 ប៊ី​លាន​ដុល្លារ​អាមេរិក​ដល់​ដើមទុន​របស់​ធនាគារ ដែល​រួមមាន​មូលធន​ភាគ​ហ៊ុ​និក​ជិត​1.1 ប៊ី​លាន​ដុល្លារ​អាមេរិក និង 100 លាន​ដុល្លារ​អាមេរិក​នៅក្នុង​បំណុល​បន្ទាប់បន្សំ​។​ភាគ​ហ៊ុ​និក ABA ជឿជាក់​លើ​សក្តានុពល​នៃ​សេដ្ឋកិច្ចកម្ពុជា និង​បាន​រក្សា​ប្រាក់ចំណេញ​ទាំងអស់​នៅក្នុង​ធនាគារ​ជាការ​វិនិយោគ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​បន្ថែមទៀត​របស់ ABA និង​បុគ្គលិក​របស់ខ្លួន​។

​ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ ធនាគារ ABA ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ បាន​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ចំនួន 200 លាន​ដុល្លារ​អាមេរិក​។ ធនាគារ​ក៏មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដោយ​ទទួលបាន​លិខិត​សរសើរ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្រាប់​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ និង​ភាព​រីកលូតលាស់​នៃ​សេដ្ឋកិច្ចជាតិ ក្នុងនាម​ជា​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើនជាងគេ​លំដាប់​ទី ១២ ក្នុងចំណោម​អ្នក​បង់ពន្ធ​ទាំងអស់​ក្នុង​ឆ្នាំ​2020​។​

​ធនាគារ ABA ក៏បាន​រួមចំណែក​ជួយ​ដល់​វិស័យ​ជាក់ស្ដែង​នៃ​សេដ្ឋកិច្ច តាមរយៈ​ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​ដែលមាន​ស្ថិរភាព និង​ផលិតភាព​តូចធំ​នានា និង​បានផ្ដល់​កម្ចី​ក្នុង​ទឹកប្រាក់ 5.2 ប៊ី​លាន​ដុល្លារ​អាមេរិក​រួចហើយ​។ ដោយ​បច្ចុប្បន្នកំពុង​បម្រើ​អតិថិជន​ប្រមាណ​ជិត 2 លាន​នាក់ ធនាគារ​ក៏បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ឌីជីថល​របស់​កម្ពុជា ដែល​សម្រួល​ដល់​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ABA Mobile បាន​ជួយ​សម្រួល​ដល់​អាជីវកម្ម និង​រូបវន្តបុគ្គល​ជាច្រើន ដោយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ មានការ​ប្រើប្រាស់​ចំនួន 400 លាន​ប្រតិបត្តិការ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់ 210 ប៊ី​លាន​ដុល្លារ​អាមេរិក​។

​ការប្ដេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់ ABA ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ អាច​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការផ្ដល់​ការងារ​ដល់​បុគ្គលិក​ក្នុងស្រុក​ប្រមាណ​ជិត 7,000​នាក់ នៅតាម​បណ្ដា​80​សាខា​និង​បណ្ដាញ​របស់ខ្លួន ដោយ​បន្ត​វិនិយោគ​ដល់​ការបណ្ដុះបណ្ដាល និង​អភិវឌ្ឍ​បុគ្គលិក​ជាប្រចាំ​ផងដែរ​។​

​ស្របតាម​គោលការណ៍​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន ធនាគារ ABA បាន​ចូលរួម​ជា​ទៀងទាត់​ក្នុង​កម្មវិធី​បរិច្ចាគ​និង​សប្បុរសធម៌​ក្នុងអំឡុង​ពេលដែល​ខ្លួន​ប្រតិបត្តិការ​ធុរកិច្ច​។ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ ធនាគារ​បានផ្ដល់​ជំនួយ​ប្រមាណ 1.5​លាន​ដុល្លារ ដោយបាន​គាំទ្រ​ដល់​វិស័យ​សុខាភិបាល កីឡា អប់រំ សកម្មភាព​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ 19​។

​ជាមួយ​ការវិនិយោគ​ទឹកប្រាក់ 30​លាន​ដុល្លារ​អាមេរិក​ក្នុង​សញ្ញា​បណ្ណ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ធនាគារ ABA សូម​បង្ហាញ​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ចូលរួម​បន្ថែម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​អំពី​ធនាគារ ABA

​ធនាគារ ABA គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 1996​។ គិត​ត្រឹម​ថ្ងៃទី 30 វិច្ឆិកា 2021 ធនាគារ​មានទ្រព្យ​សកម្ម​សរុប 7.7 ប៊ី​លាន​ដុល្លារ​អាមេរិក​។ ជាមួយនឹង 80 សាខា​, ម៉ាស៊ីន​ស្វ័យ​សេវា​ជាង 780, និង​សេវា​ធនាគារ​អន​ឡាញ​និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ធនាគារ ABA អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើនឡើងៗ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរបែប​របស់​ខ្លួន​។​

​អំពី OCIC

OCIC ជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​និង​ជា​សម្ពន្ធ​អាជីវកម្ម​ក្នុងស្រុក​ធំ​មួយ​នៅ​កម្ពុជា​។ ជំនាញ​ស្នូល​របស់​ក្រុមហ៊ុន​ស្ថិតក្នុង​វិស័យ​អចលនទ្រព្យ​, សំណង់​, ការគ្រប់គ្រង​អចលនវត្ថុ​, អប់រំ​, សុខាភិបាល​, ផ្សារ​ទំនើប​, សណ្ឋាគារ​, កិនស្រូវ​, កម្មន្ដសាល​ជាដើម ជាមួយនឹង​គម្រោង​ធំៗ​ជាច្រើន​ដូចជា អាកាសយានដ្ឋាន​អន្ដរជាតិ​តេ​ជោ ទីក្រុង​កោះ​ពេជ្រ​, កោះនរា​ណ៍​, ទីក្រុង​រណប​ជ្រោយចង្វារ​, និង​ទីក្រុង​អូ​ឡាំ​ព្យា​។​

​​អំពី CAIC

CAIC​ជាការ​វិនិយោគ​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC)​។ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​សិទ្ធិ​ដល់ CAIC ក្នុងការ​កាន់កាប់ រចនា សាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ថែទាំ និង​គ្រប់គ្រង​គម្រោង អាកាសយានដ្ឋាន​អន្ដរជាតិ​តេ​ជោ​។​