ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ក្នុងស្រុក​បាន​លើកឡើងថា ការផ្តល់​ចំណាត់ថ្នាក់​កំពូល​ឱ្យ​អង្គរវត្ត ជា​ប្រាសាទ​ល្បីល្បាញ​ជាងគេ​នៅក្នុង​ទ្វីបអាស៊ី​របស់​គេហទំព័រ Touropia Travel Guides គឺជា​ធាតុ​ផ្សំ​ថ្មី​បន្ថែមទៀត​ក្នុង​ការបង្កើន​សក្តានុពល​ភាពទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

គេហទំព័រ Touropia Travel Guides កាលពីពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹងថា លទ្ធផល​នៃ​ការសិក្សា​របស់ខ្លួន​បង្ហាញ​ថា ប្រាសាទ​អង្គរវត្ត​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ជា​ប្រាសាទ​ល្បីល្បាញ​ជាងគេ​បំផុត​នៅក្នុង​ទ្វីបអាស៊ី ខណៈ​លេខ ២ ប្រាសាទ Borobudur (​ឥណ្ឌូនេស៊ី​), លេខ​ ៣ Baalbek (​លីបង់​), លេខ​ ៤ Harmandir Sahib (​ឥណ្ឌា​) និង​លេខ​ ៥ Kinkakuji ឬ Golden Pavilion (​ជប៉ុន​)​។

ចំណែក​លេខ​ ៦ ប្រាសាទ Heaven (​ចិន​), លេខ​ ៧ Wat Phra Kaew ឬ Emerald Buddha(​ថៃ​), លេខ​ ៨ Taktsang Dzong ឬ Tiger''s Nest (​ប៊ូតាន​), លេខ​ ៩ Ranakpur (​ឥណា្ឌ​) និង​លេខ​ ១០ ប្រាសាទ Lotus (​ឥណ្ឌា​)​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៤ ខែធ្នូ​ថា លទ្ធផល​សិក្សា​របស់ Touropia Travel Guides គឺជា​តថភាព​មួយ​ថ្មី​ទៀត​ដែល​នឹង​ចូលរួមចំណែក​ផ្តល់ព័ត៌មាន​ទៅ​សាធារណជន ពិសេស​ភ្ញៀវទេសចរ​ចំពោះ​សក្តានុពល​នៃ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​។ ប្រាសាទ​អង្គរវត្ត មិន​ត្រឹមតែ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​អច្ឆរិយវត្ថុ​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កប់​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ជាច្រើន​របស់​ប្រទេស​កម្ពុជា និង​ជាឃ្លាំង​គម្ពីរ​ក្បួនច្បាប់ និង​ដំណើរ​រឿង​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា និង​ព្រាហ្មណ៍​សាសនា​ផងដែរ​។

លោក​និយាយថា​៖ «​បន្ថែម​លើ​ការប្រកាស​បើកទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​ឱ្យ​ចូលមក​ទស្សនា​កម្ពុជា ព័ត៌មាន​នៃ​ការផ្តល់​ចំណាត់ថ្នាក់​លេខ​ ១ ឱ្យ​ប្រាសាទ​អង្គរវត្ត​ពី Touropia Travel Guides នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​»​។

ទាក់ទង​ចំនួន​ភ្ញៀវទេសចរ​ធ្វើដំណើរ​មកដល់​កម្ពុជា​លោក ស៊ីណាន បាន​និយាយថា ដោយសារ​ប្រទេស​កម្ពុជា​ប្រកាស​បើកទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ភ្លាមៗ​ (​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១) ដូច្នេះ​ចំនួន​ភ្ញៀវ​ចូលមក​ប្រទេស​កម្ពុជា​នា​រយៈពេល ១ ​ខែ​មកនេះ​នៅ​មិនទាន់មាន​ចំនួន​ច្រើន​ទេ​។ លោក​អះអាងថា​៖ «​ពេលនេះ​យើង​ឃើញថា ភ្ញៀវ​រាយ​ (១-២ ​នាក់​) ​មាន​ការកើនឡើង ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ជា​ក្រុម​គឺ​ស្ទើរតែ​មិនមាន​សោះ​តែម្តង​។ ទោះបីយ៉ាងណា ខ្ញុំ​រំពឹងថា ភ្ញៀវ​លក្ខណៈ​ជា​ក្រុម​នឹង​អាច​ចាប់ផ្តើម​មាន​បណ្តើរៗ​ឡើងវិញ​ចាប់ពី​អំឡុង​ខែមីនា ឆ្នាំ​ ២០២២ តទៅ​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ប្រាប់ថា លទ្ធផល​ការសិក្សា​របស់ Touropia Travel Guides តិច ឬ​ច្រើន​ពិតជា​មាន​ឥទ្ធិពល​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ខណៈ​កន្លងមក​ក៏មាន​ស្ថាប័ន​/​ក្រុមហ៊ុន​ទេសចរណ៍​លំដាប់​ពិភពលោក​មួយចំនួន​ក៏បានផ្តល់​ចំណាត់ថ្នាក់​កំពូល​បែបនេះ​ដល់​ប្រាសាទ​អង្គរវត្ត​កម្ពុជា​ដែរ​។ ការផ្សព្វផ្សាយ​របស់​ស្ថាប័ន​/​ក្រុមហ៊ុន​ទេសចរណ៍​លំដាប់​អន្តរជាតិ បាន​ជួយ​ឱ្យ​កម្ពុជា​ចំណេញ​យ៉ាងច្រើន​ពី​ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដែល​ត្រូវ​ចំណាយ​ថវិកាជាតិ​ជាច្រើន​លាន​ដុល្លារ​។

លោក​លើកឡើង​ថា​៖ «​ឥទ្ធិពល​នេះ នឹង​ជួយ​ឱ្យ​អ្នកទេសចរ​អន្តរជាតិ​ចាប់អារម្មណ៍​ដាក់​ប្រទេស​កម្ពុជា ពិសេស​ប្រាសាទអង្គរវត្ត​ជា​កន្លែង​ដែល​ពួកគេ​ចង់ឃើញ ខណៈ​ប្រាសាទអង្គរវត្ត​ត្រូវបាន​ចាត់ទុកជា​ស្នាដៃ​កំពូល​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​»​។

កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា គេហទំព័រ Tripadvisor ក៏បាន​រកឃើញថា តំបន់​ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិ​បណ្តែតទឹក និង​ប្រាសាទ​បន្ទាយស្រី​ក្នុង​ខេត្តសៀមរាប បាន​ជាប់​លេខ​ ១ ​ក្នុង​ពិភពលោក​ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត ៣ ​ថ្ងៃ​។

ថ្ងៃ​អង្គារ​ម្សិលមិញ​ (​ថ្ងៃទី​ ១៤ ខែធ្នូ​) គឺជា​ខួប ២៩ ​ឆ្នាំ​ដែល​ឧទ្យាន​ជាតិ​អង្គរ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ពី​ខែ​មករា-ខែ​តុលា ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​ ១៤៤ ៤៣៣ នាក់ ធ្លាក់ ៨៨,៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA

វីដេអូ៖