ភ្នំពេញៈ វិនិយោគិន​ខ្មែរ​បាន​បញ្ចេញ​ទុន​បង្កើត​រោងចក្រ​ផលិត​ប្រេងឆា​ដំបូង​បំផុត​នៅ​កម្ពុជា​សម្រាប់​ចែកចាយ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ដែល​រោងចក្រ​នេះ​មាន​ទីតាំង​នៅ​ស្រុក​​ថ្មគោល ខេត្ត​បាត់ដំបង​។

លោក ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Skyland 7NG ដែល​វិនិយោគ​លើ​រោងចក្រ​នេះ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​ ១០ ខែធ្នូ លោក​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា បន្ទាប់ពី​បានស្នើ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​រួច លោក​បានចាប់ផ្តើម​ឈូស​ដី​ធ្វើ​ផ្លូវ​ចូល​រៀបចំ​សាងសង់​អគារ ឃ្លាំង និង​ការិយាល័យ​រោងចក្រ​នេះ​។ លោក​បន្តថា នេះ​ជា​រោងចក្រ​ផលិត​ប្រេងឆា​ដំបូង​គេ​នៅ​កម្ពុជា ហើយ​វា​នឹង​បើក​ដំណើរការ​ក្នុងពេល​ឆាប់ៗ​។

លោក​និយាយថា​៖ «​បន្ទាប់ពីនោះ ខ្ញុំ​នឹង​បន្ត​គម្រោង​ក្នុង​ការបង្កើត​រោងចក្រ​ផលិត​គ្រឿង​អាហារ​កំប៉ុង ក៏ដូចជា​រោងចក្រ​កែច្នៃ​ផ្លែឈើ​ស្រស់ ផលិត​ជា​ទឹកផ្លែឈើ​កំប៉ុង ដើម្បី​ជួយ​កសិករ​ផង និង​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរ​យើង ព្រមទាំង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង ក៏ដូចជា​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ពី​ក្រៅ​ប្រទេស​ផងដែរ​»​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង លោក គឹម ហួត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៤ ខែធ្នូ​ថា លោក​មិនមាន​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​ទេ ប៉ុន្តែ​តាម​ព័ត៌មាន​លោក​ទទួលបាន​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Skyland 7NG គឺ​ក្រុមហ៊ុន​នេះ​នឹង​បង្កើត​រោងចក្រ​ផលិត​ប្រេងឆា​ដំបូង​បំផុត​នៅ​កម្ពុជា ដោយ​ចម្រាញ់​កន្ទក់​ធ្វើជា​ប្រេងឆា​។ រោងចក្រ​នេះ​ស្ថិតក្នុង​ស្រុក​ថ្មគោល ព្រោះ​ជា​តំបន់​សម្បូរ​រោង​ម៉ាស៊ីន​កិនស្រូវ ដែលមាន​ភាពងាយស្រួល​ក្នុង​ការប្រមូល​កន្ទក់​យកមក​ចម្រាញ់​។

លោក​បន្តថា វត្តមាន​របស់​រោងចក្រ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ខណៈ​ផលិតផល​ប្រេងឆា​នាំចូល​មួយចំនួន​មិនមាន​គុណភាព និង​ស្តង់ដា​អនាម័យ​ល្អ​នោះទេ​។ លោក​ថ្លែងថា​៖ «​វា​ល្អ​ណាស់​នៅពេល​ដែលមាន​រោងចក្រ​នេះ ប៉ុន្តែ​បើតាម​ឧកញ៉ា ស្រី ចាន់ថន រយៈពេល ២ ​ឆ្នាំ​ទៀត​បានធ្វើ​រួច​។ អ្វីដែល​ប្លែក​នោះ​គឺ​ការប្រើ​កន្ទក់​»​។

លោក តូច ឈួនសៅរិទ្ធ ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​បាត់ដំបង បាន​និយាយថា លោក​មិនទាន់​ទទួលបាន​ពាក្យ​ស្នើសុំ ឬ​របាយការណ៍​ស្នើសុំ​បង្កើត​រោងចក្រ​ផលិត​ប្រេងឆា​នៅឡើយ​ទេ​។ ទោះយ៉ាងណា លោក​បញ្ជាក់ថា ជា​សំណាង​មួយ​របស់​ខេត្តបាត់ដំបង​បើសិន​រោងចក្រ​នេះ​ដំណើរការ ព្រោះ​វា​នឹង​អាចជួយ​ផ្តល់​ឱកាស​ការងារ និង​ចំណូល​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង​លោក សឿម ប៊ុនរិទ្ធិ និយាយថា គម្រោង​នេះ​នឹង​រួមចំណែក​បង្កើន​ជំនាញ​ដល់​ប្រជាពលរដ្ឋ ព្រោះ​ជាធម្មតា​កម្មករ​នៅ​កម្ពុជា​មិនសូវមាន​ជំនាញ​ច្រើន​ទេ ប៉ុន្តែ​បើ​មាន​រោងចក្រ​នឹង​ជួយ​ជំរុញ​ឱ្យ​ពួកគាត់​ក្លាយទៅជា​បុគ្គលិក និង​ពលករ​ជំនាញ​ជាមិនខាន​៕ LA