ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) សម្រេចបាន​ជាង ២,៥៦ ​ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការពន្លឿន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ ដើម្បី​រក្សា​បាន​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ GDT ចេញផ្សាយ​ថ្ងៃទី​ ១៣ ខែធ្នូ ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ ចំណូល​ពន្ធ​អាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ៥៦០,១២ ​លាន​ដុល្លារ ស្មើនឹង ១១៤,១៣ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ ឬ​មាន​ការកើនឡើង ១៤,១៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ដោយឡែក​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន ៩៩០,២៩ ​ពាន់​លាន​រៀល ឬ​ប្រមាណ ២៤៤,៥២ ​លានដុល្លារ ស្មើ ១០,៩០ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២០​។ បើ​ប្រៀបធៀប​ទៅនឹង​ចំណូល​ពន្ធអាករ ប្រចាំខែ​វិច្ឆិកា ឆ្នាំ​ ២០២០ កើនឡើង ១២,១៧ ​លាន​ដុល្លារ ស្មើនឹង ៥,២៤ ​ភាគរយ​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និយាយថា ការគ្រប់គ្រង​បានល្អ​នូវ​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ របស់​រាជរដ្ឋាភិបាល រហូត​ឈានទៅដល់​ការបើក​ប្រទេស​ឡើងវិញ គឺជា​កត្តា​ដ៏សំខាន់​នៅក្នុង​ការរក្សាបាន​នូវ​សកម្មភាព​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការចាត់វិធានការ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រកបដោយ​ស្មារតី​បុរេសកម្ម និង​ទាន់ពេលវេលា ដែល​អាច​កសាង​ភាពធន់​របស់​សហគមន៍​ទៅនឹង​ជំងឺ​រាតត្បាត​នេះ ហើយ​ឈានទៅ​បើក​ប្រទេសជាតិ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​។

លោក​បន្តថា ការបន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ និង​រដ្ឋបាល​ល្អ ព្រមទាំង​ការប្រកាន់​ខ្ជាប់​នូវ​ស្មារតី​បុរេសកម្ម ពិសេស​ការរៀបចំ​អភិវឌ្ឍ និង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​តាំងពី​មុន​ការរីក​រាលដាល​កូវីដ​ ១៩ ក៏​ជា​កត្តា​អំណោយផល​នៃ​ការកៀរគរ​ចំណូល​ផងដែរ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​សង្កេតឃើញថា ចំណូល​ពន្ធដារ​នៅតែ​មាន​កំណើន​ដែលជា​ការឆ្លុះបញ្ចាំង​ពី​ភាពល្អប្រសើរ​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​។

លោក​បន្តថា​៖ «​ដំណើរការ​សេដ្ឋកិច្ច​នៅតែ​ល្អប្រសើរ​ទន្ទឹម​ពេល​ដែល​យើង​កំពុង​ចាក់​វ៉ាក់សាំង​បាន​យ៉ាង​លឿង​ជាងគេ​បើ​ធៀប​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ ប្រទេស​យើង​នឹង​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​បាន​ច្រើន ដូច្នេះ​ការវិនិយោគ​នឹង​មក​បណ្ដើរៗ​»​។

ជាមួយ​គ្នា​នេះដែរ​កំណើន​នៃ​ការកៀរគរ​ចំណូល​នេះ​មួយផ្នែក​ត្រូវបាន​លោក គង់ វិបុល បង្ហាញថា បាន​ពី​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​បាន​ដាក់ឱ្យអនុវត្ត ជា​បន្តបន្ទាប់ ​ជាពិសេស ToI E-Filling, E-Filing, E-Payment, GDT Tax Pre-filing App និង​ប្រព័ន្ធ​ទទួល​លិខិត​ប្រកាស​ពន្ធ ពាក្យស្នើសុំ​លិខិត​រដ្ឋបាល និង​ឯកសារ​នានា​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​ឯកសារ​អេឡិចត្រូនិក ព្រមទាំង​ការស្នើសុំ​វិញ្ញាបនបត្រ​/​លិខិតអនុញ្ញាត​នានា​តាម​ប្រព័ន្ធ​អនឡាញ​៕ LA