ភ្នំពេញៈ រាជបណ្ឌិត្យសភា​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ជាមួយ​សណ្ឋាគារ​ធំៗ​នៅ​រាជធានី​ភ្នំពេញ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​ពង្រឹង​ការបណ្តុះបណ្តាល​ជំនាញ​នានា​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍​ឱ្យមាន​សមត្ថភាព​ខ្ពស់ និង​ភាពច្នៃប្រឌិត​ប្រសើរឡើង​សម្រាប់​ផ្តល់​សេវា​ដល់​ភ្ញៀវទេសចរ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ ១៤ ខែធ្នូ​ថា​ចំណុច​ដែល​សំខាន់​ជាងគេ​នៃ​ការចុះ​អនុស្សរណៈ​នេះ គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ឱ្យមាន​សមត្ថភាព និង​មាន​ជំនាញ​ច្បាស់លាស់ ជាពិសេស​បន្ទាប់ពី​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កម្ពុជា​ត្រូវតែ​គិតគូរ​ឡើងវិញ ពី​ការស្តារ​ និង​ជំរុញ​វិស័យ​ទេសចរណ៍ តាមរយៈ​ការពង្រឹង និង​តភ្ជាប់​គ្នា​បន្ថែមទៀត​នូវ​ប្រភេទ​ផលិតផល​ និង​គោលដៅ​ទេសចរណ៍​។

លោក​បាន​បន្តថា កន្លងទៅ​កម្ពុជា​ធ្លាប់មាន​បទពិសោធ​ហើយ ចំពោះ​បញ្ហា​ដែល​បាន​ជួប​ដោយសារ​តែមាន ទេសចរ​ជនជាតិ​ចិន​ ២ ​លាន​នាក់​ចូលមក​កម្ពុជា ខណៈដែល​វៀតណាម​ទទួលបាន​ទេសចរ​ចិន​ដល់​ ១៥ ​លាន​នាក់ និង​ប្រទេស​ថៃ​ ៣០ ​លាន​នាក់​តែ​មិនមាន​បញ្ហា​អ្វី​កើតឡើង​គួរកត់សម្គាល់​។

លោក​អះអាងថា ការបម្រើ​សេវាកម្ម​ទេសចរណ៍​នៃ​ប្រទេស​ជិតខាង​បានល្អ​បែបនេះ ដោយសារ​តែ​គេ​ចេះ​គ្រប់គ្រង ស្ថានការណ៍​បានល្អ ទាំង​តម្លៃ សេវាកម្ម រសជាតិ និង​អនាម័យ​។

លោក​បាន​បន្ថែមថា អនុស្សរណៈ​នេះ​នឹង​ផ្តោតលើ​ចក្ខុវិស័យ​សំខាន់ៗ​ចំនួន​ ៤ ​គឺ​តម្លៃ​ទាប ឆ្ងាញ់ គុណភាព និង​ស្នាមញញឹម ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា ឱ្យមាន​វឌ្ឍនភាព​ប្រសើរ​ឡើង​។

លោក​បាន​បន្តថា៖ «​ជាក់ស្តែង​ចំពោះ​ផ្នែក​អាហារ រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ចាត់ចែង​មនុស្ស​ ៣ ​នាក់ ដើម្បី​សិក្សា​ស្រាវជ្រាវ មុខម្ហូប​នានា​នៅលើ​ពិភពលោក បន្ទាប់មកទៀត​យើង​នឹង​ជ្រើសរើស​អ្នក​ដែលមាន​បទពិសោធ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ មក​ធ្វើ​ម្ហូប​ដែល​បាន​ស្រាវជ្រាវ​ឃើញ ក្រោយមក​អញ្ជើញ​ខាង​ស្ថានទូត​នានា​មក​ភ្លក់​ម្ហូប​ទាំងនោះ បើសិន​រសជាតិ​ទទួលយកបាន​ហើយ យើង​នឹងធ្វើ​ការបណ្តុះបណ្តាល​តែម្តង​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា វិស័យ​ទេសចរណ៍​ត្រូវការ​ដៃគូ​បណ្តុះបណ្តាល​កាន់តែច្រើន​កាន់តែ​ល្អ ដោយសារតែ​រយៈពេល ២ ​ឆ្នាំ​មកនេះ អាជីវកម្ម​ទេសចរណ៍​ជាច្រើន​ត្រូវ​រង​វិបត្តិ ដូចនេះ ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​ក៏​ខកខាន​ច្រើន​ក្នុង​ការទទួល​បាន​ចំណេះ និង​ជំនាញ​បន្ថែម ដែល​ធ្វើឱ្យ​សមត្ថភាព​អន់ថយ​។

លោកស្រី​បាន​បន្ថែមថា អ្នកបម្រើ​ការងារ​គ្រប់ផ្នែក​ក្នុង​វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច នៅ​ទូទាំង​ប្រទេស​នឹងត្រូវ​ទទួល​បាន​ការបណ្តុះបណ្តាល​តាមរយៈ​កម្មវិធី​ជាច្រើន ដែល​នឹង​រៀបចំ​ដោយ​សមាគម​ទេសចរណ៍​ និង​និង​រាជបណ្ឌិត្យ​សភា​កម្ពុជា ដោយ​កិច្ចការ​នេះ​ត្រៀម​ចាប់ផ្តើម​ដំណើរការ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការចុះ អនុស្សរណៈ​ជាមួយ​សណ្ឋាគារ​ធំៗ​នេះ គឺ​គ្រាន់តែ​តំណាងឱ្យ​សមាគម​សណ្ឋាគារ ព្រោះថា​សណ្ឋាគារ​ធំៗ​ទាំងនេះ គឺជា​អ្នកដឹកនាំ​ជា​អ្នក​ដែល​ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​លើ​ការងារ​បណ្តុះបណ្តាល​នេះ ដើម្បី​ចែករំលែក​ចំណេះដឹង​បទពិសោធ​នានា​ដល់​ផ្នែក​ដទៃទៀត​»​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​ ១៤ ​ខែធ្នូ​នេះ​បាន​អះអាង​ពី​ការទម្លាក់​កញ្ចប់​ថវិកា​មួយចំនួន ដោយ​ធ្វើ​សហ​ហិរញ្ញប្បទាន​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​នានា​ ដើម្បី​ផ្តល់ទុន​បន្ថែម​ដល់​អាជីវកម្ម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​ការកែលម្អ​អាជីវ​កម្មេ​ឡើងវិញ តាមរយៈ​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​៕LA