ភ្នំពេញៈ សហគ្រិន​ខ្មែរ អង្គការ Oxfam និង​ក្រុមហ៊ុន Platform Impact បានរួម​គ្នា​បង្កើត​កម្មវិធី​មួយ​រយៈពេល​ ៣ ​ឆ្នាំ​ដែលមាន​ឈ្មោះថា Impact-Driven SME (PRISME) ​សម្រាប់​ឆ្នាំ​ ២០២១-២០២៤ ដើម្បី​ពន្លឿន និង​ពង្រីក​ភាពជា​សហគ្រិន​ ដើម្បី​ជំរុញ​អាជីវកម្ម និង​ការផ្តល់​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួល​ខុសត្រូវ​សម្រាប់​ទ្រទ្រង់​សកម្មភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

ក្រុមហ៊ុន Platform Impact ដែល​ចាប់​ដៃគូ​ជាមួយ​ក្លិប​អ្នកវិនិយោគ​កម្ពុជា​ (CIC) ​នឹង​រៀបចំ និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ បច្ចេកទេស និង​ភ័ស្តុភារ ដើម្បី​ផ្តល់​ការគាំទ្រ​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សហគ្រិន​ក្នុង​ការបង្កើត និង​បើក​ដំណើរការ​កម្មវិធី​នេះ​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹងថា​៖ «​គម្រោង PRISME គឺជា​កម្មវិធី​សហគ្រិនភាព​ថ្មី​ប្រកបដោយ​ភាពច្នៃប្រឌិត និង​ល្អ​បំផុត ដែល​មាន​គោលបំណង​កសាង អភិវឌ្ឍ និង​ផ្តល់​សិទ្ធិអំណាច​ដល់​សហគ្រាស​ដែល​រងផលប៉ះពាល់ ដូច្នេះ​ស្ថាប័ន​កូនកាត់​ដែល​រួមបញ្ចូល​គ្នា​នូវ​អាជីវកម្ម​ជាមួយនឹង​បេសកកម្ម និង​រួមបញ្ចូល​គ្នា​នូវ​ការផ្តោត​អារម្មណ៍​លើ​ការផ្លាស់ប្តូរ​ដើម្បី​បំពេញ​តម្រូវការ​សង្គម​ជាមួយ​នឹង​ថាមពល​សហគ្រិន និង​វិន័យ​ទីផ្សារ​ដើម្បី​បញ្ជាក់ថា ការរក​ប្រាក់ចំណេញ និង​ការមាន​ឥទ្ធិពល​វិជ្ជមាន​លើ​សង្គម មិនមែន​ជា​គំនិត​ផ្តាច់មុខ​ទៅវិញទៅមក​នោះទេ​»​។

លោក David VAN នាយក​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​បាន​ពន្យល់ថា អភិបាលកិច្ច សង្គម និង​បរិស្ថាន (ESG) ​គឺជា​និន្នាការ​រីក​ថ្មី​ដែល​កំពុង​រីកចម្រើន​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ សព្វថ្ងៃនេះ​រាល់​ធនាគារ​ពាណិជ្ជ​នៅ​សហរដ្ឋអាមេរិក​សហភាព​អឺរ៉ុប និង​អាស៊ី​ត្រូវតែមាន​នាយកដ្ឋាន ESG ផ្ទាល់ខ្លួន​របស់​ពួកគេ ខណៈ​ការវិនិយោគ ESG សម្រាប់​និរន្តរភាព និង​រួមបញ្ចូល​អាជីវកម្ម​គឺជា​តម្រូវការ​សកល​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

លោក​ថ្លែងថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា គួរតែ​ចាប់ផ្តើម​ឱ្យ​តម្លៃ និង​ទទួល​យក​នូវ​គោល​គំនិត ESG និង​ការកសាង​ភាពធន់​នៅក្នុង​របៀប​ដែល​អាជីវកម្ម​របស់​ពួកគេ​អាចមាន​និរន្តរភាព​ក្នុង​រយៈពេល​ ១០-២០ ​ឆ្នាំ​ទៅមុខ ប្រសិនបើ​ពួកគេ​ចង់​រស់រាន​មាន​ជីវិត និង​រីកចម្រើន​នៅលើ​ទីផ្សារ​អន្តរជាតិ​»​។

លោក​បាន​ពន្យល់ថា បើ​ក្រឡេក​មើលទៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ប្រទេស​កម្ពុជា​បាន​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​អនុម័ត ESG ដោយ​ភ្ជាប់​ឧស្សាហកម្ម​កាត់ដេរ​របស់​ខ្លួន​ទៅនឹង​ស្តង់ដា​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌ ដែល​បាន​ធ្វើឱ្យ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​បាន​បម្រើ​ដល់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​បាន​យ៉ាង​ល្អ​រហូតមកដល់​សព្វថ្ងៃ​នេះ​។

លោក​និយាយថា​៖ «​ក្នុង​នាម​ជា​ទីផ្សារ​តូច​ដែល​សមត្ថភាព​មាន​កម្រិត និង​មានការ​ច្របាច់បញ្ចូល​គ្នា​រវាង​ការផលិត និង​ផលិតកម្ម ប្រទេស​កម្ពុជា​ត្រូវតែ​រៀបចំ​ខ្លួនឯង​នូវ​ទីផ្សារ​ពិសេស​មួយ​ដើម្បី​រីកចម្រើន​»​។

លោក David បាន​បន្ថែមថា​៖ « Platform Impact មាន​ឯកទេស​ក្នុង​ការវិនិយោគ​កណ្តាល ESG ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​បាន​សាងសង់​ផលប​ត្រ​ទំហំ​សមរម្យ​ដែល​កើនឡើង​ដល់ ២០០ ​លាន​ដុល្លារ ដែល​យើង​ជួយ​អតិថិជន​ឱ្យ​បង្កើត​គម្រោង​វិនិយោគ​ដែលមាន​ធនាគារ​ជា​ជំនួយ​សម្រាប់​គម្រោង ESG ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ពួកគេ​»​។

លោក​បន្ថែមថា​៖ «​មហិច្ឆតា​របស់​យើង​គឺ​ដាក់​ប្រទេស​កម្ពុជា​នៅលើ​ផែនទី​ពិភពលោក​នៃ​ការវិនិយោគ​ផ្តោតលើ ESG ជាមួយនឹង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​មាននៅ​ទូទាំង​ពិភពលោក ហើយ​ការវិនិយោគ ESG ឥឡូវនេះ​បាន​ក្លាយ​ជា​កត្តាចាំបាច់​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​»​។

លោកស្រី សោភ័ណ្ឌ ភៀន នាយិកា​ជាតិ​នៃ​អង្គការ Oxfam បាន​លើកឡើងថា សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​តាមរយៈ​ការផ្តល់​ការងារ និង​បង្កើត​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​ផ្តល់នូវ​ផលប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន​។

លោកស្រី សោភ័ណ្ឌ និយាយថា​៖ «​ការបង្កើន​ផលប៉ះពាល់​ជា​វិជ្ជមាន​របស់​សហគ្រាស​គឺមាន​សារៈសំខាន់​សម្រាប់​ប្រទេស​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ខណៈ​ការកាត់បន្ថយ​ការបោះ​ជំហាន​អេកូឡូស៊ី​។ អង្គការ Oxfam ជឿជាក់​យ៉ាង​មុតមាំ​ថា ការសហការ​ជាមួយ​វិស័យ​សាធារណៈ និង​ឯកជន គឺជា​វិធីសាស្ត្រ​ដ៏ល្អ​បំផុត​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា​។ យើង​អាច​ប្រើប្រាស់​ធនធាន​របស់​អង្គការ​នីមួយៗ ដើម្បី​គាំទ្រ​សហគ្រាស​ SME»៕