ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កំពុង​ពិចារណា​ក្នុង​ការបង្កើន​ទំហំ​ទឹកប្រាក់​វិនិយោគ​ ដើម្បី​ធ្វើ​ប្រតិភូកម្ម​ដល់​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត​លើ​សិទ្ធិ​អនុម័ត​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ដែល​គម្រោង​វិនិយោគ​នៅតាម​បណ្តា​រាជធានី-ខេត្ត ដោយ​អាច​ទទួលបាន​ការអនុម័ត​កាន់តែ​រហ័ស និង​ងាយស្រួល​ជាង​មុន ជាពិសេស​គឺ​អនុលោម​តាមច្បាប់​វិនិយោគ​ថ្មី​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត ក្រោយពី​សភាពាណិជ្ជកម្ម​កម្ពុជា​បានស្នើ​សុំ​កែសម្រួល​គោលការណ៍​មួយចំនួន ដើម្បី​ឱ្យស្រប​នឹង​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​ដែលមាន​លក្ខណៈ​បន្ធូរបន្ថយ​ជាង​មុន​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៥ ខែធ្នូ​ថា នៅពេល​ច្បាប់​វិនិយោគ​ថ្មី​ដាក់​ប្រើប្រាស់​ហើយ​នោះ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត​ក៏ត្រូវ​រៀបចំ​អនុក្រឹត្យ​ថ្មី​ឱ្យ​ស្រប​ទៅតាម​ច្បាប់​ថ្មី​ដែរ ដោយ​ក្នុងនោះ​ទំហំ​ទឹកប្រាក់​ដែល​អនុគណៈកម្មាធិការ​នេះ​ត្រូវអនុម័ត​ក៏​នឹងមាន​ចំនួន​ច្រើនជាង​មុន​ដែរ​។ លោក​បាន​បន្តថា កាលពីមុន​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត​មាន​សិទ្ធិ​អនុម័ត​គម្រោង​មាន​ទំហំ​ទុនវិនិយោគ​ត្រឹម ២ ​លាន​ដុល្លារ​ចុះក្រោម ប៉ុន្តែ​គម្រោង​មាន​ទំហំ​ទុនវិនិយោគ​ចាប់ពី ២ ​លាន​ដុល្លារ​ឡើង​ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​គណៈកម្មាធិកា​វិនិយោគ​កម្ពុជា​។

លោក​បាន​បន្ថែមថា អនុក្រឹត្យ​ថ្មី​នេះ​អាច​នឹងមាន​ការកែសម្រួល​លើ​ចំណុច​នេះ ព្រោះ​ថ្មីៗ​នេះ សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​មានការ​កែសម្រួល​ដល់ ១០ ​លានដុលា្លរ​។

លោក​បញ្ជាក់ថា​៖ «​តាម​ការស្នើសុំ​របស់​វិស័យ​ឯកជន​ដើម្បី​បង្ខិត​រោងចក្រ​សហគ្រាស​ទៅដល់​បណ្តា​ខេត្ត​ឱ្យ​កាន់តែច្រើន​ចៀសវាង​កកកុញ​នៅ​ភ្នំពេញ ទើប​យើង​ស្នើសុំ​ឱ្យ​មាន​ការអនុម័ត​កាន់តែ​ធំ​នៅតាម​ខេត្ត ដែល​កាលនោះ​ស្នើសុំ ១០ ​លាន​ដុល្លារ​ចុះ​សុំ​អនុម័ត​ត្រឹម​ខេត្ត តែ​ក្រោយ​សិក្សា​ស្រាវជ្រាវ​យើង​ឃើញថា គម្រោង​វិនិយោគ​នៅ​កម្ពុជា​ក្រោម ៥ ​លាន​ដុល្លារ​ចុះ មាន​ដល់​ ៧៥ ​ភាគរយ ដូចនេះ​ប្រហែល​ជា​អាច​នឹង​កែសម្រួល​មក​ត្រឹមនេះ​»​។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការផ្តល់​ការសម្រេច​ដល់​ថ្នាក់​រាជធានី-ខេត្ត គឺជា​ការធ្វើ​វិមជ្ឈការ​ឱ្យ​ថ្នាក់ក្រោម​ ដើម្បី​ដោះស្រាយ និង​សម្រេច​លើ​ការវិនិយោគ ដូចនេះ​វា​ជា​ការទទួល​ខុសត្រូវ និង​ជា​បន្ទុក​បន្ថែម​ទៅ​រាជធានី-ខេត្ត​ចៀសវាង​ការដោះសារ​ផ្សេង​។

លោក​បន្ថែមថា​៖ «​ការធ្វើ​វិមជ្ឈការ​ដល់​ថ្នាក់ក្រោម​ជាតិ មានន័យថា ការិយាធិបតេយ្យ​ត្រូវ​កាត់បន្ថយ ដូច្នេះ​អាចជា​ការទាក់ទាញ​មួយ​សម្រាប់​អ្នកវិនិយោគ ពិសេស​វិនិយោគិន​បរទេស គឺអាច​សំដៅត្រង់​ទៅ​ខេត្ត​តែម្តង ដោយ​មិនចាំបាច់​ទំនាក់ទំនង​ឯកសារ​ពី​ខាងលើ ឬ​សិក្សា​វែងឆ្ងាយ​នោះទេ​»​។

តាម​ការគណនា​របស់​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះ​គម្រោង​ដែល​ត្រូវបាន CDC អនុម័ត ហើយ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា ដល់​ដំណាច់​ខែមិថុនា ឆ្នាំ​ ២០២១ មាន​ចំនួន ៧០ ​ជាមួយ​នឹង​ទុនវិនិយោគ ២ ៤២៨ ​លាន​ដុល្លារ ដែល​ភាគច្រើន​ជា​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ ស្បែកជើង ផលិតផល​ធ្វើដំណើរ គ្រឿង​បង្គុំ​អគ្គិសនី គ្រឿង​បង្គុំ​ទោចក្រយាន គ្រឿងសង្ហារិម វិស័យ​ថាមពល​អគ្គិសនី និង​បដិសណ្ឋារកិច្ច ជាដើម​៕