ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​មិនទាន់បាន​បង់ពន្ធ​រថយន្ត​រួសរាន់​ទៅ​បង់​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទទួល​បាន​ការអនុគ្រោះ​ពន្ធ ១០ ​ភាគរយ​ដែលមាន​រយៈពេល​កំណត់​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១ នេះ​។

ការលើកឡើង​នេះ​ត្រូវ​បាន​ធ្វើ​ក្នុងអំឡុងពេល​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នា​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​​ ២០២១​។ ​លោក​បាន​លើកឡើងថា នឹង​មិន​ឱ្យមាន​ព្រឹត្តិការណ៍​ច្រំ​ដែល​កើតឡើង​ទៀត​ទេ​លើ​បញ្ហា​រថយន្ត​មិន​បង់ពន្ធ​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ ហើយ​ក៏​មិន​ឱ្យមាន​វត្តមាន​បើក​លើផ្លូវ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​ដែរ គឺ​ត្រូវ​យកទៅ​កែ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង​វិញ ដូចនេះ​អ្នក​ដែល​មិនទាន់​បាន​បង់ពន្ធ សូម​រួសរាន់​ទៅ​បង់ពន្ធ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ត្រូវ​បង់ពន្ធ​ពេញ មិន​មាន​ការអនុគ្រោះ​ពន្ធ ១០ ​ភាគរយ​ទៀត​ទេ ព្រោះនេះ​ជា​រឿង​ជា​បញ្ហា​ដែល​យក​ឡាន​មក​ជិះ​អត់​ពន្ធ​»​។

លោក​បន្ថែមថា ថ្វីដ្បិត​ចំណូល​ពន្ធ​នៅ​ឆ្នាំនេះ​មិន​មាន​កំណើន​ច្រើន​ដូច​កាលពី​មិនទាន់មាន​វិបត្តិ​កូវីដ​ ១៩ ក៏ពិតមែន តែ​យ៉ាងហោចណាស់​ក៏មាន​កំណើន​លើស​ឆ្នាំមុន​ដែរ​។

លោក គាម ចាន់កុសល អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបន្ធូរបន្ថយ​នេះ​សម្រាប់តែ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស ប៉ុន្តែ​លើកលែង​រថយន្ត​ដែលមាន​ឆ្នាំ​ម៉ូដែល​ចាប់ពី​ ២០២១ ​ឡើង​ (​ត្រូវ​បង់ពន្ធ​ពេញ​)​។

លោក​ប្រាប់ថា​៖ «​មកដល់​ពេល​នេះ មាន​រថយន្ត​សរុប​ទាំង​ចង្កូត​ឆ្វេង និង​ស្តាំ ប្រមាណ ២ ៨៥១ ​គ្រឿង​ហើយ​ដែល​បាន​បង់ពន្ធ និង​កក់ប្រាក់​រួច​ក្នុង​នោះ​រថយន្ត​ចង្កូត​ឆ្វេង ១ ៣៥២ ​គ្រឿង និង​ចង្កូត​ស្តាំ ១ ៤៩៩ ​គ្រឿង​»​។

បើតាម​អ្នកនាំពាក្យ​ខាងលើ​អត្រាពន្ធ​នាំចូល​ខុសគ្នា​ទៅតាម​ប្រភេទ​។

សូមជម្រាបថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ជូនដំណឹង​ម្តង​រួចមកហើយ​ដល់​ម្ចាស់​រថយន្ត​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ​ដែល​គ្មាន​ពន្ធ​ឱ្យ​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​បានទទួល​ការអនុគ្រោះ​បន្ធូរ​បន្ថយពន្ធ និង​អាករ​ចំនួន ១០ ​ភាគរយ​។

នៅពេល​ផុត​ឱសានវាទ គឺ​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ តទៅ រថយន្ត​គ្មាន​ពន្ធ​នឹង​រង​នូវ​ការបង្ក្រាប​យ៉ាង​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​៕

វីដេអូ៖