តម្លៃ​ប្រេង​បាននិង​កំពុង​ប្រែប្រួល​នៅក្នុង​ចន្លោះ​តម្លៃ ៧២ ទៅ ៧៣ (​ដុល្លារ​ក្នុង​មួយ​បារ៉ែល​) ចាប់​តាំងពី​ដើម​សប្តាហ៍​មុន ខណៈ​អ្វីដែល​ត្រូវ​តាមដាន​ក្នុង​សប្តាហ៍​នេះ គឺ​ទីផ្សារ​ប្រេង និង​ឧស្ម័ន​។ ចំណែក​អ្នកវិភាគ​កំពុង​មើល​ទៅលើ​ភាពតានតឹង​ភូមិសាស្ត្រ​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​អំពី​ផលប៉ះពាល់​លើ​បំពង់​បង្ហូរ Nord Stream 2​។

លោក Mohammed Al-Jadaan បាន​លើកឡើងថា​៖ «​យើង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​ពិភពលោក​អាច​ខ្វះ​ថាមពល ប្រសិនបើ​យើង​មិន​ប្រុងប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្តូរ​។ នៅ​ អារ៉ាប៊ីសាអូឌីត យើង​មាន​ចំណាប់អារម្មណ៍​ក្នុង​ការរក្សា​តម្រូវការ ហើយ​យើង​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ថា តម្រូវការ​កំពុង​កើនឡើង​»​។

ការកើនឡើង​នៃ​ភាពតានតឹង​ភូមិសាស្ត្រ​នយោបាយ​ក៏​បាន​បង្កើន​ហានិភ័យ​នៃ​ការផ្លាស់ប្តូរ​តម្លៃ​ភ្លាមៗ ដែល​ឈានទៅដល់​ចុងឆ្នាំ​។ ជាក់ស្ដែង ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ហាក់ដូចជា​ជិត​មកដល់ ហើយ​ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ហាក់ដូច ជា​កាន់តែ​យ៉ាប់យ៉ឺន​។ ចំណែក អាមេរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្ស៊ី​។ ម្យ៉ាងទៀត កង្វះ​ការផ្គត់ផ្គង់​នៅ​អឺរ៉ុប​កំពុង​ជំរុញ​ឱ្យ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ឡើងដល់​កម្រិត​ខ្ពស់​។ ដូច្នេះហើយ ប្រតិបត្តិការ​ចាប់ផ្តើម​របស់ Nord Stream 2 មាន​ភាពស្មុគស្មាញ​បន្ថែមទៀត​ចាប់​តាំងពី​អាល្លឺម៉ង់​បាន​គំរាម​ដាក់ទណ្ឌកម្ម ប្រសិន​បើ​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយក្រែន ខណៈ​អធិការបតី​ថ្មី​កំពុង​ឡើង​កាន់​តំណែង​។

ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេង​អាច​ទៅរក​ទម្រ​កម្រិត​ទាប​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ក្នុង​តម្លៃ ៧០,៣០​។ ដូចនេះ សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​រង់ចាំ​ទិញ​តម្លៃ​ប្រេង​នៅ​ទម្រ​​ទី​ ១ តម្លៃ ៧០,៣០ និង​ទី​ ២ តម្លៃ ៦៧,៨០ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៦៦ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ៧៦​។