ភ្នំពេញៈ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​លើកឡើង​ថា ការបើក​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ «​ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​» គឺ​មិន​ត្រឹមតែ​បង្ហាញ​ទៅ​ពិភពលោក​ពី​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ការបើក​ទូលាយ​ក្នុង​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុងអំឡុង​នៃ​វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​យ៉ាងច្រើន​ទៅដល់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៀតផង​ដែរ​។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជា​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ ៥ ដ៏ធំ​មួយ​ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ជីប ម៉ុង ក្នុង​ទឹកប្រាក់​សរុប ១៨០ ​លាន​ដុល្លារ​។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សាងសង់​លើ​ផ្ទៃដី ៧ ០៣១ ​ម៉ែត្រការ៉េ ដោយបាន​បើក​ការដ្ឋាន​សាងសង់​កាលពីដើមឆ្នាំ​ ២០១៧ និង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​កាលពីដើមឆ្នាំ​ ២០២១​។ សណ្ឋាគារ​នេះ​មាន​បន្ទប់​ស្នាក់នៅ ២៤៧ ព្រមទាំង​មាន​សេវាកម្ម​ចម្រុះ​ជាច្រើន​ដូចជា កន្លែង​សម្រាក​កម្សាន្ត ភោជនីយដ្ឋាន និង​សាលប្រជុំ​ដ៏ធំ និង​ទំនើប​ (Regency Ballroom) ​ជាដើម​។

ក្រុមហ៊ុន ជីប ម៉ុង បាន​ទិញ​ម៉ាក​យីហោ​សណ្ឋាគារ ហៃយ៉ាត់ នេះ​មកពី​អាមេរិក​។ សណ្ឋាគារ «Hyatt Regency» គឺជា​ពាណិជ្ជកម្ម​មួយ​របស់ «Hyatt Hotels Corporation» ​ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​កំពុង​ប្រតិបត្តិការ​សណ្ឋាគារ​ជាង ៩០០ ​ទីតាំង ក្នុង ៦៥ ​ប្រទេស និង​មាន​យីហោ​ប្រណីត​ចំនួន ២១​។

សហស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បាន​ឱ្យ​ដឹងថា នៅក្នុង​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន ជីប ម៉ុង បាន​បោះជំហាន​ចូលក្នុង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​តាមរយៈ​ការនាំយក​យីហោ​សណ្ឋាគារ​លំដាប់​អន្តរជាតិ «Hyatt Regency» ​ដ៏ល្បី​របស់​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា​។

លោក​បន្តថា​៖ «​សណា្ឋគារ​នេះ​នឹង​ចូលរួម​ចំណែក​លើក​កម្ពស់​ការរស់នៅ​បែប​ទាន់សម័យ​ស៊ីវិល័យ​ដូច​អរិយ​ប្រទេស​ផ្សេងៗ​ស័ក្តិសម​ទៅនឹង​ការវិវឌ្ឍ​នៃ​ជីវភាព​របស់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​»​។

បើ​យោងតាម លោក លាង ឃុន «​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​» ​ក៏បាន​ចំណាយ​ប្រាក់​ប្រហែល​ ៥ ​លាន​ដុល្លារ​ដើម្បី​អភិរក្ស​អគារ​បុរាណសម័យ​អាណានិគម​បារាំង​ដែល​បច្ចុប្បន្ននេះ​បាន​ក្លាយជា​កន្លែង​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​យ៉ាង​ប្រណីត​នៅ​ចំ​កណ្តាល​សណ្ឋាគារ​ដ៏ស្កឹមស្កៃ​នេះ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ «​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​» ​កាលពី​ព្រឹក​ថ្ងៃទី​ ១៥ ខែធ្នូ បាន​លើកឡើងថា ក្រៅពី​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​នៅក្នុង​ស្រុក និង​វិនិយោគិន​អន្តរជាតិ​ធំៗ សណ្ឋាគារ​នេះ​ក៏​អាច​នឹងត្រូវ​ប្រើប្រាស់​ជា​កន្លែង​ស្នាក់នៅ​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ខណៈ​ប្រទេស​កម្ពុជា​នឹងត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ​ ២០២២ ខាងមុខ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាងថា​៖ «​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​អាចនឹង​ទទួល​ថ្នាក់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បាន​ច្រើន​»​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៥ ខែធ្នូ​ថា ការបើក​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​គឺជា​សារ​ដ៏ពិសេស​មួយ​ដែល​បង្ហាញ​ទៅ​ពិភពលោក​ថា ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​មាន​សញ្ញា​វិជ្ជមាន​ឡើងវិញ​ហើយ បើទោះបី​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​មិនទាន់​បិទ​បញ្ចប់​ទាំងស្រុង​ក៏ដោយ​។ លោក​បន្តថា កា​បើក​ដំណើរការ​របស់​សណ្ឋាគារ​នេះ​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​លំដាប់​ខ្ពស់​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ទាក់ទាញ​អ្នកវិនិយោគ​ធំៗ​ឱ្យ​មាន​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។

លោក​អះអាងថា​៖ «​កំណើន​នៃ​ការមក​ដល់​របស់​អ្នកវិនិយោគ​ធំៗ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ និង​ទីផ្សារ​អចលនទ្រព្យ ព្រោះ​ការវិនិយោគ​តែង​ត្រូវការ​ទីតាំង​ (​ដី ឬ​អគារ​) ​មួយ​ដែល​ស័ក្តិសម​របស់​ប្រភេទ​អាជីវកម្ម​របស់​ពួកគេ​។ នេះ​ជា​ក្តីសង្ឃឹម​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះដែរ លោក ឌឹត ចណ្ណា អគ្គនាយក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី បាន​និយាយថា បន្ថែម​ពីលើ​កត្តា​ស្ថិរភាព​នយោបាយ ការមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ នេះ​នឹង​ក្លាយជា​មេដែក​ឆក់​មួយទៀត​ក្នុង​ការទាញ​ឱ្យ​អ្នកវិនិយោគ​ធំៗ​ចូលមក​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវបាន​គេ​ដឹងថា​នៅមាន​តម្លៃ​សមរម្យ ឬ​ទាប បើ​ធៀប​ទៅនឹង​ប្រទេសជិតខាង​។

លោក​លើកឡើង​ថា​៖ «​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មិន​ត្រឹមតែ​ជួយ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ឱ្យមាន​សកម្ម​ភាពរស់រវើក​ឡើងវិញ​ជាមិនខាន ព្រោះ​នៅពេល​សេដ្ឋកិច្ច​ដំណើរការ​ល្អ ទីផ្សារ​អចលនទ្រព្យ​នឹង​ដំណើរការ​ល្អ​ដូចគ្នា​»​។

គិត​មកដល់​ពេល​នេះ ក្នុង​រាជធានី​ភ្នំពេញ​មាន​សណ្ឋាគារ​សរុប ៤៩ ស្មើ នឹង ៧ ៥០១ ​បន្ទប់ ក្នុងនោះ​សណ្ឋាគារ​ផ្កាយ​ ៥ មាន​ ៨ ស្មើ ៣ ៤៥១ ​បន្ទប់​, ផ្កាយ​ ៤ មាន​ ១០ ស្មើនឹង ១ ៧១៧ ​បន្ទប់​, ផ្កាយ​ ៣ មាន​ ១៥ ស្មើនឹង ១ ៤៤៦ ​បន្ទប់​, ផ្កាយ​ ២ មាន​ ៨ ស្មើនឹង​ ៤៧៧ ​បន្ទប់ និង​សណ្ឋាគារ​ផ្កាយ​ ១ មាន​ ៨ ស្មើនឹង ៤១០​ បន្ទប់​៕