​ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន ត្រូវបាន​រំពឹងថា​នឹងមាន​ទំហំ​កាន់តែ​ធំ​បន្ថែមទៀត បន្ទាប់ពី​ភាគី​ទាំង ២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ស្តីពី​ «​ការបង្កើត​ក្រុមការងារ​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​សេដ្ឋកិច្ច​»​។​

​ពិធី​ចុះហត្ថលេខា​លើ MoU រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) និង​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ក្រោម​អធិបតីភាព​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក រិ​ន ហុង​ពីង អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ឱ្យដឹងថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​លើកកម្ពស់​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» ភ្ជាប់​ជាមួយ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្ពុជា និង​ចិន ក៏បាន​សន្យា​នឹង​សហការគ្នា​លើ​ការលើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក សុខ ចិន្តា​សោភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ និង​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា​នឹង​ជំរុញ​រំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេ​ទិស​រវាង​ប្រទេស​ទាំងពីរ ស្របតាម​ស្មារតី​នៃ​ជំនួប​កំពូល​រវាង​ប្រមុខ​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅនេះ​។

​លោក សុខ ចិន្តា​សោភា ក៏បាន​ប្រាប់​ដល់​ភាគី​ចិន​ផងដែរ ពី​ការប្រកាស​ឱ្យប្រើ​ច្បាប់​ថ្មី​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តាមរយៈ​ច្បាប់​នេះ​លោក​រំពឹងថា ការបណ្តាក់ទុន​របស់​ចិន​នៅ​កម្ពុជា​នឹងមាន​កំណើន​ខ្ពស់​បន្ថែមទៀត ដើម្បី​ជាការ​ចូលរួមចំណែក​ជួយ​ព​ន្លឿ​ន​សមត្ថភាព​កម្ពុជា​ក្នុងការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។​

​យោងតាម CDC គិត​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ក្នុងចំណោម​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​ចំនួន ៣៩​ពាន់​លាន​ដុល្លារ ប្រទេស​ចិន ឈរ​នៅ​លេខ​រៀង​ទី​១ មាន​ចំនួន ១៧,៣​លាន​ដុល្លារ ឬ​ស្មើនឹង ៤៤,២​ភាគរយ​នៃ​ចំនួន​សរុប​៕​