ព្រះសីហនុៈ ដោយ​មើលឃើញ​អំពី​លំហូរ​នៃ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ និង​មាន​ចំនួន​កាន់តែច្រើន​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​នាពេល​ដ៏ខ្លី​ខាងមុខនេះ ស្រប​ជាមួយ​នឹង​ស្ថានភាព​ធូរស្រាល​នៃ​ជំងឺ​កូវីដ​ ១៩ ខេត្ត​ព្រះសីហនុ​ស្វាគមន៍​ដល់​វិស័យ​ឯកជន​មក​សាងសង់​កំពង់ផែ​ទូក​អេកូទេសចរណ៍​ធម្មជាតិ​ថ្មី​មួយ ស្ថិត​នៅក្នុង​ភូមិ​ត្រពាំងគា ឃុំ​ជើងគោ ស្រុក​ព្រៃនប់​ ដើម្បី​ជា​ជម្រើស​នៃ​ទិសដៅ​ទេសចរណ៍​ថ្មី​បន្ថែមទៀត​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ថា គម្រោង​ស្នើសុំ​សាងសង់​កំពង់ផែ​ទូក​អេកូទេសចរណ៍​ធម្មជាតិ​ថ្មី​មួយ​នេះ​ត្រូវបាន​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ​បាន​ចុះទៅពិនិត្យ​ទីតាំង​ជាក់ស្តែង និង​បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ បន្ទាប់ពី​មានការ​ស្នើសុំ​វិនិយោគ​ពី​ក្រុមហ៊ុន GTVC របស់លោក ទៀ វិចិត្រ​។

លោក​បន្តថា បន្ទាប់ពី​ទទួល​បាន​ការគាំទ្រ ក្រុមហ៊ុន​នឹង​បន្ត​សិក្សា​លម្អិត​ទៀត ពាក់ព័ន្ធ​ទៅលើ​ទំហំ និង​របាយការណ៍​នៃ​ការចំណាយ​ចំពោះ​ការសាងសង់ និង​រៀបចំ​ឱ្យទៅជា​កំពង់ផែ​ទូក​អេកូទេសចរណ៍​។ លោក​ ឃាង ភារម្យ ពន្យល់ថា លោក ទៀ វិចិត្រ មាន​ដី​នៅ​ទីនេះ​មាន​ទំហំ​ប្រមាណ ៥០ ​ហិកតា​ជា​ប្រភេទ​ដីស្រែ និង​ស្ថិត​នៅជាប់​ដងព្រែក និង​ចំណី​ដី​ព្រែក​របស់​រដ្ឋ ទើប​លោក​ស្នើសុំ​សាងសង់​ជា​ផែ​ទូក​អេកូទេសចរណ៍​ដែល​នៅជាប់​នឹង​ដី​នោះ​។

បើតាម​លោក ឃាង ភារម្យ នៅពេល​ដែលមាន​សំណើសុំ​វិនិយោគ​ ដូច្នេះ​ក្រុមការងារ​ចម្រុះ​គ្រប់​ជំនាញ​របស់​រដ្ឋបាល​ខេត្ត​ត្រូវតែ​ចុះទៅពិនិត្យ​ ដើម្បី​ធ្វើការ​វាយតម្លៃ​ជាក់ស្តែង បើ​មិនមាន​បញ្ហា​អ្វី​ទេ​នឹងត្រូវ​ស្នើសុំ​ទៅ​ថ្នាក់ដឹកនាំ​ ដើម្បី​សម្រេច បន្ទាប់ពី​សម្រេច​ឯកភាព​គាំទ្រ​ហើយ រដ្ឋបាលខេត្ត​នឹង​ធ្វើ​ ស.ជ.ណ អនុញ្ញាត​ជូនទៅ​ម្ចាស់​សំណើ​ ដើម្បី​ធ្វើការ​សាងសង់​ជា​ផ្លូវការ​។

លោក​បាន​ថ្លែងថា​៖ «​ទីតាំង​ដែល​ត្រូវ​រៀបចំ​កំពង់ផែ​ទេសចរណ៍​ខ្នាតតូច​នេះ គឺ​វា​ជា​ដី​ចំណី​ព្រែក​របស់​រដ្ឋ ដែល​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​រដ្ឋបាលខេត្ត​​ជាមុនសិន​។ ផែ​នោះ​គឺជា​ផែបណ្តែត​ទឹក ដែល​អាច​កាត់បន្ថយ​ផលប៉ះពាល់​ឱ្យ​បាន​ទាប​បំផុត​។ ក្រុមហ៊ុន គឺជា​អ្នកសិក្សា​ក្នុងការ​ចំណាយ​ទៅ​​លើ​ការសាងសង់ និង​សួន​លម្អ​នៅ​បរិវេណ​នោះ​»​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​គម្រោង​សាងសង់​កំពង់ផែ​ទូក​អេកូទេសចរណ៍​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ ២០២១ បាន​ថ្លែង​គាំទ្រ​លើ​គម្រោង​សាងសង់​កំពង់ផែ​ទូក​អេកូទេសចរណ៍​ធម្មជាតិ នេះ ដែល​អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​សហគមន៍​នេសាទ​មូលដ្ឋាន ព្រមទាំង​អាចរួមចំណែក​ក្នុង​ការការពារ និង​អភិរក្ស​ព្រៃ​លិចទឹក​នៅ​តំបន់​នោះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការបង្កើត​កំពង់ផែ​ទេសចរណ៍​នេះ​ជា​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ និង​ផ្តល់​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​បាន​មួយចំនួន ជាពិសេស​សហគមន៍​មូលដ្ឋាន​អាច​យក​ផលនេសាទ ផលវារីវប្បកម្ម និង​កសិផល​ផ្សេងៗ​មក​លក់​ជូន​ភ្ញៀវទេសចរ ព្រមទាំង​អាច​ប្រើប្រាស់​កំពង់ផែ​នេះ សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនកិច្ច​តំបន់​ព្រៃ​លិចទឹក​នៅតាម​ដងព្រែក​បាន​ផងដែរ​។

លោក​អភិបាលខេត្ត​រូបនេះ បាន​ស្នើ​លោក ទៀ វិចិត្រ ដែលជា​ម្ចាស់​សំណើសុំ​ធ្វើការ​សាងសង់​កំពង់ផែ​អេកូទេសចរណ៍​ធម្មជាតិ​នេះ ត្រូវ​​សិក្សា​ពី​បច្ចេកទេស​នៃ​ការសាងសង់​ផែទូក​នេះ ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ធនធាន​ធម្ម​ជាតិ​ឱ្យនៅ​កម្រិត​ទាប​បំផុត​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ទៀ វិចិត្រ សុំ​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ពី​គម្រោង​សាងសង់​កំពងផែ​នេះ​បានទេ នៅ​ថ្ងៃទី​ ១៥ ខែធ្នូ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ក្រុមការងារ​ជំនាញ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ជាក់ថា ការសាងសង់​ផែ​ទូក​ទេសចរណ៍​នេះ​មាន​លក្ខណៈ​ជា​ផែ​ទូក​តូចៗ ពុំមាន​បង្ក​ឱ្យ​ស្ទះ​ដល់​លំហូរ​ទឹក​ក្នុង​ព្រែក​កំពង់ស្មាច់​នោះទេ ដោយឡែក​អាចធ្វើឱ្យ​មាន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​តំបន់​នេះ​កាន់តែ​ច្រើន​។

លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ ២០២១ ដោយបាន​សម្តែង​ការស្វាគមន៍ នៅពេល​ដែល​មាន​ការសាងសង់​កំពង់ផែ​ទូក​អេកូទេសចរណ៍​នេះ ព្រោះ​វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត សម្រាប់​ខេត្ត​ព្រះសីហនុ​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មកលេង​កម្សាន្ត​បាន​ច្រើន​កន្លែង​ និង​ស្នាក់​នៅបាន​យូរថ្ងៃ​។

បើតាម​លោក តាំង សុចិត្រគ្រឹស្នា ខេត្ត​ព្រះសីហនុ មិនមែន​មានតែ​គម្រោង​សាងសង់​កំពង់ផែ​អេកូទេសចរណ៍​នេះ​ទេ គឺមាន​គម្រោង​ច្រើន​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅក្នុង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ខេត្ត​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត និង​ស្នាក់នៅ​បានយូរ ព្រោះ​ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ទេសចរណ៍ និង​អភិវឌ្ឍ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពហុបំណង​៕