ភ្នំពេញ: ជាមួយ​ភាពអនុគ្រោះ​ពី​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​នានា និង​ការបង្វែរ​ទិសដៅ​ការបញ្ជាទិញ​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​វៀតណាម​មកកាន់​កម្ពុជា​ដោយផ្ទាល់ បាន​ធ្វើឱ្យ​វិស័យ​កាត់ដេរ និង​កម្មន្តសាល កើន​ប្រមាណ ១៣,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១ ​នេះ ដោយ​មាន​កំណើន​ពី​ដក ២០ ​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ ក្នុង​ពេល​លោក​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១​។ លោក​បាន​ថ្លែង​ចាត់ទុក​ស្ថានភាព​នេះ​ថា វិស័យ​កាត់ដេរ និង​កម្មន្តសាល​របស់​កម្ពុជា​នៅតែ​ទទួល​បាន​ការអនុគ្រោះ​ពី​បណ្តា​ប្រទេស​ដៃគូ​នាំចេញ​នានា ស្របពេល​ដែល​ភាពអំណោយផល​វិស័យ​ផលិតកម្ម​នៅ​កម្ពុជា​ពុំមាន​ការរំខាន​ដល់​ផ្នែក​ផលិតកម្ម​ឡើយ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖​«​យើង​ឃើញថា​ កំណើន​នៃ​វិស័យ​កាត់ដេរ​ និង​កម្មន្តសាល​រហូត​ទៅដល់​ ១៣,៥ ​ភាគរយ​ សម្រាប់​ឆ្នាំនេះ​ប្រៀបធៀប​នឹង​ដក​ ២០ ​ភាគរយ​កាលពី​ឆ្នាំទៅ​។ មូលហេតុ​គឺ​ផ្ទេរ​ការបញ្ជាទិញ​ចេញពី​ប្រទេស​មីយ៉ាន់ម៉ា និង​វៀតណាម​មកកាន់​កម្ពុជា​តែម្តង ដូច្នេះ​ធ្វើឱ្យ​រោងចក្រ​សហគ្រាស​របស់​យើង​បាន​ដំណើរការ​ពេញលេញ​បន្ថែម​ទៅលើ​ការបន្ថែម​ម៉ោង​ទៅទៀត​»​។ លោក​បាន​ថ្លែង​បញ្ជាក់​ផងដែរ​ថា សម្រាប់​ការនាំចេញ និង​ការនាំចូល​វត្ថុធាតុដើម​សម្រាប់​ការផលិត​ក៏មាន​ការកើនឡើង​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែ​ធ្នូ​ថា ទាំង​ការនាំចេញ និង​ការនាំចូល​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​រោងចក្រ​កាត់ដេរ​កើនឡើង​នៅ​ឆ្នាំនេះ ជាពិសេស​គឺមាន​កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​សម្រាប់​ធ្វើដំណើរ​។

លោក​បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា កំណើន​នៅក្នុង​វិស័យ​នីមួយៗ​ខុសគ្នា​បន្តិច ឃើញថា សម្លៀកបំពាក់​មាន​​កំណើន​ទាប​ជាងគេ​ប្រហែល​ ៥% ក្នុង​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំនេះ ប៉ុន្តែ​បើ​ស្បែកជើង​មាន​កំណើន​ប្រហែល​ជាង​ ១៥% ហើយ​បើ​ផលិតផល​ធ្វើដំណើរ​វិញ មាន​កំណើន​ខ្លាំង​មែនទែន គឺ​ជាង​ ៣០% ធៀប​ទៅនឹង​ឆ្នាំមុន​។ ​ជាទូទៅ​​ផលិតផល​សម្លៀកបំពាក់ ជា​ផលិតផល​ដែលមាន​កំណើន​ទាប ហើយ​កម្ពុជា​ត្រូវការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ប្រទេស​ផ្សេងទៀត ជាពិសេស​បង់ក្លាដែស វៀតណាម ដោយឡែក​កំណើន​ខ្ពស់​ទៅលើ​ផលិតផល​ធ្វើដំណើរ ដោយសារ​តែ​កម្ពុជា​ទទួល​បាន​ការលើកលែង​ពន្ធ​នាំចូល​ទៅក្នុង​សហរដ្ឋអាមេរិក​។

លោក​បន្ថែមថា​៖ «​បើ​ធៀប​នឹង​ឆ្នាំមុន នៅ​ឆ្នាំ​ ២០២១ ​នេះ ស្ថានភាព​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ ដោយសារ​មាន​ស្ថិរភាព​ផលិតកម្ម ដែល​រក្សា​ការផលិត នាំឱ្យមាន​កំណើន​នៃ​ការនាំចេញ ខណៈ​ការបញ្ជាទិញ​សម្រាប់​ឆ្នាំនេះ​កើនឡើង​ជាង​ឆ្នាំមុន​ផងដែរ​»​។

កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់​មានតម្លៃ​ជាង​ ៩,៥ ​ពាន់​លាន​ដុល្លារ ដែល​រួមទាំង​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ១០,៤៤ ​ភាគរយ បើ​ធៀប​ក្នុង​ឆ្នាំ ២០១៩ ។ នេះ​បើ​យោងតាម​ក្រសួង​​ពាណិជ្ជកម្ម​៕