ភ្នំពេញ: អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) លោក គុណ ញឹម បានលើកឡើងអំពីស្ថានភាពប្រសើរឡើងវិញនៃការប្រមូលពន្ធគយបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសការបើកសេដ្ឋកិច្ចឡើងវិញកាលពីដើមខែវិច្ឆិកា។
របាយការណ៍របស់ GDCE ចេញផ្សាយកាលពីថ្ងៃទី ១៥ ខែធ្នូ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ២ ០៦៥ លានដុល្លារ។
លោក គុណ ញឹម បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១៥ ខែធ្នូថា បើយោងតាមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាត្រូវប្រមូលចំណូលឱ្យបានចំនួន ២ ៣៦៣ លានដុល្លារ។ ប៉ុន្តែការប្រមូលចំណូលនេះអាចមិនសម្រេចតាមផែនការ។
លោកបញ្ជាក់ថា នៅឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករអាចប្រមូលចំណូលបាន ៩៧ ភាគរយនៃផែនការដែលស្មើនឹងទឹកប្រាក់ ២ ៣០០ លានដុល្លារ។
លោកមានប្រសាសន៍ថា៖ «យើងសង្កេតឃើញពីនិន្នាការកើនឡើងវិញនៃចំណូលពន្ធគយនៅចុងឆ្នាំ ២០២១ នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ ហើយតម្រូវការនាំចូលទំនិញក៏មានការកើនឡើងផងដែរ»។
លោក គុណ ញឹម បានពន្យល់ថា ចំណូលគយនឹងកើនឡើងខ្ពស់ ដោយសារហេតុផលសំខាន់ៗ ៣ គឺទី ១៖ ការប្រមូលចំណូលពន្ធលើរថយន្តជ្រកក្រោមស្លាកលេខផ្សេងៗ ទី ២ ដោយសារបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញធ្វើឱ្យតម្រូវការទំនិញនឹងមានសម្ទុះកើនឡើង ការនាំចូលក៏កើនឡើងផងដែរ និងទី ៣ ក្នុងឱកាសចុងឆ្នាំ ពាណិជ្ជករតែងតែមានតម្រូវការនាំចូលច្រើន តាមរយៈកម្មវិធីក្រុមហ៊ុនលក់លាងឃ្លាំង ដែលធ្វើឱ្យទំនិញមានតម្លៃថោក ជាឱកាសរបស់ពាណិជ្ជកម្មខ្មែរ ប្រមូលទិញ និងនាំចូលមកកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៥ ខែធ្នូបានអំពាវនាវដល់ម្ចាស់រថយន្តទាំងអស់ ដែលមិនទាន់បានបង់ពន្ធរថយន្តរួសរាន់ទៅបង់ឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការអនុគ្រោះពន្ធ ១០ ភាគរយ ដែលមានរយៈពេលកំណត់ត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២១ នេះ។
លោកបានលើកឡើងថា រាល់រថយន្តមិនបង់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ ហើយក៏មិនឱ្យមានវត្តមានបើកលើផ្លូវ ចំពោះរថយន្តចង្កូតស្តាំដែរ គឺត្រូវយកទៅកែចង្កូតពីស្តាំទៅឆ្វេងវិញ ដូចនេះអ្នកដែលមិនទាន់បានបង់ពន្ធ សូមរួសរាន់ទៅបង់ពន្ធ។
លោកបានបញ្ជាក់ថា៖ «ក្រោយថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបង់ពន្ធពេញ មិនមានការអនុគ្រោះពន្ធ ១០ ភាគរយទៀតទេ ព្រោះនេះជារឿងជាបញ្ហា ដែលយកឡានមកជិះអត់ពន្ធ»។
កាលពីឆ្នាំ ២០២០ GDCE បានកៀរគរប្រាក់ចំណូលពន្ធមានចំនួនប្រមាណជាង ២,៤ ពាន់លានដុល្លារធ្លាក់ចុះ ២៤,៨ ភាគរយធៀបឆ្នាំ ២០១៩។
ជាមួយគ្នានេះដែរ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារក៏សម្រេចបានជាង ២,៥៦ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ស្មើនឹង ១១៤,១៣ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ឬមានការកើនឡើង ១៤,១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០៕