ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ទៅលើ​ «​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​» ដើម្បី​លើកកម្ពស់​ភាព​ងាយស្រួល​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា និង​ត្រៀមខ្លួន​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១ ថា សេចក្តី​ព្រាង​ច្បាប់​ខាងលើនេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តម្លាភាព និង​សង្គតិភាព​ក្នុង​ក្របខ័ណ្ឌ​គតិយុត្ត​របស់​កម្ពុជា ព្រមទាំង​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា សំដៅ​ចូលរួម​ស្តារ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ​​នៃ​ជំងឺ​កូវីដ​ ១៩ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​ផងដែរ​។

លោក​ថ្លែងបន្តថា ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម ​និង​បញ្ជី​ពាណិជ្ជកម្ម​បាន​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំ​ ១៩៩៥ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​បាន​ប្រកាស​ឱ្យ​កាលពី​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ឆ្នាំ​ ១៩៩៩ និង​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​បាន​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ​ ២០០៥ ដែល​ច្បាប់​ទាំង​ ២ ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​រលូន​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ​មាន​មាត្រាមួយ​ចំនួន​ក្នុង​ច្បាប់​ទាំង​ ២ ​នេះ​មិនដែល​បាន​អនុវត្ត និង​ដើរ​មិនទាន់​ល្បឿន​នៃ​ការកែទម្រង់​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់សេវា​សាធារណៈ និង​បរិយាកាស​នៃ​ការធ្វើ​ធុរកិច្ច​ក្នុង​តំបន់ និង​ជា​សកល​។

បើតាម​លោក ផៃ ស៊ីផាន ជាក់ស្តែង​ការផ្តល់​សេវា​សាធារណៈ​នាពេល​បច្ចុប្បន្ន​គឺ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដែល​ព័ត៌មាន ឯកសារ​ភ្ជាប់ និង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការបង្កើត និង​ការចុះបញ្ជី​សហគ្រាស-ក្រុមហ៊ុន​ក៏​ត្រូវបាន​កាត់បន្ថយ​ជា​អតិបរមា​ផងដែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ នីតិវិធី​មួយចំនួន​ដែល​លែង​ជា​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការអនុវត្ត​ជាក់ស្តែង នៅ​មាន​ចែង​ក្នុង​ច្បាប់​ទាំង​ ២ ​នេះ​ជា​ធរមាន​នៅឡើយ​។

លោក​បញ្ជាក់ថា ទន្ទឹមនឹង​នេះដែរ​មាន​មាត្រា​មួយចំនួន​មិន​មាន​សង្គតិភាព តម្លាភាព ជាមួយ​នឹង​ច្បាប់ និង​កាតព្វកិច្ច​ដទៃទៀត​នៅក្រោម​អនុសញ្ញា សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​កម្ពុជា​ជា​ភាគី​ហត្ថលេខី​។

លោក​ថ្លែងថា​៖ «​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បន្ត​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​លើកកម្ពស់​ភាពងាយស្រួល​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ធ្វើឱ្យមាន​សង្គតិភាព និង​សុខដុមនីយកម្ម​រវាង​លិខិតបទដ្ឋាន​គតិយុត្ត និង​ស្តារ​សង្គមសេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ បានរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ​ឆ្នាំ​ ២០២១ ​នេះ​ឱ្យ​ដឹងថា ការអនុម័ត​ទៅលើ​“​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​សេចក្តីព្រាង​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​” នេះ​គឺ​ស្រប​ទៅ​នឹង​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម «​ឌីជីថល​»​។

លោក​បន្តថា ច្បាប់​មួយចំនួន​របស់​កម្ពុជា​ដែល​ត្រូវបាន​ប្រើប្រាស់​កាលពី​កន្លង​មក​នេះ មិនទាន់​ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​អ្នកវិនិយោគ​ក្នុង​ការធ្វើ​ធុរកិច្ច​នៅឡើយ​ទេ ដូច្នេះ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម និង​កែសម្រួល​ហើយ​មាត្រា ក៏ដូចជា​ធ្វើ​ថ្មី ដូចជា​ច្បាប់​វិនិយោគ​ដែល​បានអនុម័ត​កន្លងមក​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​បរិយាកាស​ធុរកិច្ច​។ ដូច្នេះ​ច្បាប់​មួយចំនួន​របស់​កម្ពុជា​ទាមទារ​ត្រូវតែ​ធ្វើ​វិសោធនកម្ម និង​ជា​រឿង​ល្អ​ដើម្បី​តម្រូវ​ទៅតាម​ស្ថានភាព សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ឈានដល់ «​បដិវត្តន៍​ឧស្សាហកម្ម ៤.០» ផងដែរ​។

លោក​ថ្លែងថា​៖ «​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ មិនមែន​តម្រូវ​តែ​ធុរកិច្ច​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​វា គឺ​តម្រូវ​ទាំង​នៅក្នុង​តំបន់ និង​សកលលោក​សម្រាប់​ឱ្យ​ពួកគេ​មក​វិនិយោគ​នៅក្នុង​ប្រទេស​យើង ឬ​ឆ្លង​ប្រទេស​យើង ព្រោះ​យើង​បាន​ចូល​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួចហើយ តាំងពី​ឆ្នាំ​ ២០១៥ កន្លងមកនេះ​»​។

បើតាម​លោក លឹម ហេង ភាព​ប្រឈម​នៃ​ច្បាប់​ចាស់​ដែល​រដ្ឋាភិបាល​អនុវត្ត​កាលពី​កន្លងមកនេះ បាន​ធ្វើ​ឱ្យមាន​ភាពប្រទាំង​ប្រទើស​ក្នុង​ការធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម និង​ការធ្វើ​ចរាចរណ៍​ទំនិញ​ឆ្លងកាត់​ជាដើម ហើយ​ការធ្វើ​វិសោធនកម្ម “​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​សេចក្តីព្រាង​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​” នេះ​ក៏​វា​នឹង​រួមចំណែក​ដល់​ការទាញ​វិនិយោគ និង​ផ្តល់​ជំនឿ​ទុកចិត្ត​កាន់​ច្រើន​ថែមទៀត​ដល់​ប្រទេស​កម្ពុជា​៕