ភ្នំពេញៈ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី (SIA) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ​អំពី​ការចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​នូវ​ជើងហោះហើរ​អន្តរជាតិ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​ជាមួយ​នឹង​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ SIA ដែល​បាន​ចុះចត​នៅ​ម៉ោង ៩ និង ៤៥ នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

ជើងហោះហើរ​របស់ SIA ទៅកាន់​ខេត្តសៀមរាប​បានក្លាយ​ជា​ជើងហោះហើរ​អន្តរជាតិ​ដំបូង​គេ ដែល​ចុះចត​នៅ​ទីនោះ ចាប់តាំងពី​ខែមីនា ឆ្នាំ ២០២០ បន្ទាប់ពី​ផ្អាក​រយៈពេល ២០ ខែ​។ ឥឡូវនេះ ចាប់ពី​ថ្ងៃទី ១៧ ខែធ្នូ​តទៅ ក្រុមហ៊ុន​អាកាសចរណ៍​ SIA នឹង​ដំណើរការ​ជើងហោះហើរ​ប្រចាំថ្ងៃ​រវាង​ខេត្តសៀមរាប និង​សិង្ហបុរី នៅលើ​យន្តហោះ Boeing 737-8 របស់​ពួកគេ​។

នាយក​ប្រតិបត្តិ​នៃ​អាកាសយានដ្ឋាន​កម្ពុជា លោក Alain Brun បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា "​ដំណាក់កាល​ថ្មី​នេះ ក្នុងការ​ចាប់ផ្តើម​ការតភ្ជាប់​អន្តរជាតិ​ឡើងវិញ គឺជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា គឺ​ពិតណាស់​វា​មិនអាច​ទៅរួច​ទេ ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​មិន​បាន​សម្រេច​ឱ្យមាន​ការបើក​ប្រទេស​ឡើងវិញ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​បាន​វ៉ាក់សាំង​ពេញលេញ​"​។

ក្រុមហ៊ុន​អាកាសចរណ៍ SIA នឹង​ផ្តល់ជូន​ជើងហោះហើរ​ភ្ញៀវ​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​ "Vaccinated Travel Lane" បួន​ដង​ក្នុង​មួយ​សប្តាហ៍​ពី​ខេត្តសៀមរាប​ទៅកាន់​ប្រទេស​សិង្ហបុរី ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នកធ្វើដំណើរ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​គឺ​មិន​ត្រូវបាន​តម្រូវ​ការធ្វើ​ចត្តាឡីស័ក​ឱ្យនៅ​ដាច់​ពី​គេ​ក្នុង​ប្រទេស​សិង្ហបុរី​ឡើយ ប្រសិន​បើ​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​កម្មវិធី​នេះ​៕