ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ មាន​សុទិដ្ឋិនិយម​ថា សេចក្ដី​ព្រាងច្បាប់​សំខាន់ៗ​ចំនួន​ ៣ របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ទើប​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តម្លាភាព និង​សង្គតិភាព​ក្នុង​ក្របខ័ណ្ឌ​គតិយុត្ត​របស់​កម្ពុជា ព្រមទាំង​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផងដែរ​។

សេចក្ដី​ព្រាងច្បាប់​សំខាន់ៗ​ចំនួន​ ៣ ដែល​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ រួមមាន​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​, សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​, និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​។

លោក ប៉ាន សូរសក្តិ បាន​លើកឡើងថា សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម មាន​គោលបំណង​ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ទៅបាន​រលូន មាន​តម្លាភាព និង​មាន​ស្តង់ដា​ខ្ពស់​ស្របតាម​ការធ្វើ​ធុរកិច្ច​ជា​សកល​។

លោក​បន្តថា ចំណែក​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏សំខាន់​ក្នុង​ការជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផ្នែក​សេដ្ឋកិច្ច ការអភិវឌ្ឍ សុខុមាលភាព​ប្រជាជន និង​ការផ្សារភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។

លោក​អះអាង​ថា​៖ «​កម្ពុជា​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​កិច្ចព្រមព្រៀង​នេះ​មាន​ជាអាទិ៍ ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​របស់​បរទេស ព្រមទាំង​បង្កើត​ការងារ​ថ្មីៗ​ជូន​ប្រជាជន​កម្ពុជា​ផងដែរ​»​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ក្តីរំពឹង​ថា សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗ​ទាំងបី​ខាងលើ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តម្លាភាព និង​សង្គតិភាព​ក្នុង​ក្របខ័ណ្ឌ​គតិយុត្ត​របស់​កម្ពុជា ព្រមទាំង​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា សំដៅ​ចូលរួម​ស្តារ​សង្គម-សេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ បង្កើន​កំណើន​សេដ្ឋកិច្ច និង​ផ្តល់នូវ​ប្រយោជន៍​ជា​សារវ័ន្ត​ដល់​សង្គមជាតិ​ទាំងមូល​៕