ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (​ធនាគារ SME) និង​ក្រុមហ៊ុន​បញ្ជី ហ្វាញថេក ឯ.ក (BanhJi) បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (SME) ជាពិសេស​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

តាមរយៈ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ ភាគី​ទាំង ២ បាន​ប្តេជ្ញា​រួមគ្នា​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ផលិតផល​ឌីជីថល​ថ្មី ផលិតផល​ផ្នែក​ហិរញ្ញវត្ថុ ឬ​ដំណើរការ​សម្រាប់​អតិថិជន​ដែលមាន​ស្រាប់ និង​ថ្មី ដែល​ស្របតាម​យុទ្ធសាស្ត្រ​អាទិភាព​របស់​ធនាគារ​។ កិច្ចសហប្រតិបត្តិការ​នេះ​រួមបញ្ចូល​ទាំង​ការអភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុ​ឌីជីថល និង​កម្មវិធី​សម្រាប់​វិស័យ​គោលដៅ​របស់​ធនាគារ SME ថែម​ទៀតផង​។

អគ្គនាយក​ធនាគារ SME លោក លឹម អូន បាន​លើកឡើងថា ធនាគារ SME បាននិង​កំពុង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាពទាក់ទាញ រួមមាន​ការផ្តល់​ឥណទាន​ដែលមាន​តម្លៃ​ទាប និង​លក្ខខណ្ឌ​អនុគ្រោះ​ដែល​ផ្តល់​ភាពងាយស្រួល​នៅលើ​ទីផ្សារ​។ នៅ​ចំពោះមុខ ធនាគារ SME មាន​ផែនការ​អភិវឌ្ឍ​បណ្តាញ​ចែកចាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​ សម្រាប់​អតិថិជន​គោលដៅ និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។ លោក​បន្ថែមថា ធនាគារ​នឹង​វិនិយោគ​បន្ថែម​លើ​ការបើក​សាខា​ថ្មី និង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ជាពិសេស​ការចាប់​ដៃគូ​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ ក្នុង​គោលបំណង​បម្រើ​សេវាកម្ម​ជូន​ដល់​អតិថិជន​ដែលជា​សហគ្រាស​ធុន​តូច និង​មធ្យម ឱ្យបាន​កាន់តែ​ល្អប្រសើរ​។

លោក​បន្ថែមថា​៖ «​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ BanhJi គឺ​ដើម្បី​រួមចំណែក​ក្នុង​ការគាំទ្រ​ដល់​អតិថិជន​របស់ BanJi ឱ្យមាន​លទ្ធភាព​ចាប់ផ្តើម និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​បាន​ដោយ​ជោគជ័យ​»​។

ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Banhji លោក ស៊ឹម ចាន់គីរីរ័ត្ន បាន​និយាយថា លោក​ពិតរីករាយ​ក្នុង​ការចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​ធនាគារ SME​។ បេសកកម្ម​របស់​ក្រុមហ៊ុន Banhji គឺជា​ការគាំទ្រ បរិយាប័ន្ន​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​ការងារ​នេះ​តម្រូវឱ្យមាន​កិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​។

លោក​អះអាងថា​៖ «​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ ក្រុមហ៊ុន Banhji និង​ធនាគារ SME នឹង​រួមគ្នា​បង្កើត​ដំណោះស្រាយ​បែប​ឌីជីថល និង​មាន​ភាពនវានុវត្តន៍ សម្រាប់​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ​»៕