ភ្នំពេញៈ កម្ពុជា និង​ប្រទេស​ហុង​គ្រី បានកំណត់​យក​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ខាងមុខ​ដើម្បី​រៀបចំ​វេទិកា​ជំនួប​ធុរកិច្ច ដែល​វេទិកា​នេះ​នឹង​ជួយ​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ ពិសេស​ផ្នែក​ពាណិជ្ជកម្ម​កាន់តែ​មាន​ភា​ព​ល្អប្រសើរ​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​រវាង​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោក István Bakos ភារធារី​នៃ​ការិយាល័យ​តំណាង​នៅ​ទីក្រុង​ភ្នំពេញ នៃ​ស្ថានទូត​ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក ប៉ែន សុ​វិជាតិ បាន​លើកឡើងថា វេទិកា​ជំនួប​ធុរកិច្ច​ដែល​គ្រោង​នឹង​រៀបចំ​នៅពេល​ខាងមុខ នឹង​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា និង​ហុង​គ្រី សំដៅ​លើកកម្ពស់​ផលប្រយោជន៍​រួម និង​ការអភិវឌ្ឍ​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយគ្នា​ឱ្យ​កាន់តែ​ប្រសើរ​។

​តាមរយៈ​ជំនួប​នេះ ភាគី​ទាំង​២​បាន​ឯកភាព​រៀបចំ​«​វេទិកា​ជំនួប​ធុរកិច្ច​កម្ពុជា​-​ហុង​គ្រី​» នៅក្នុង​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ដោយ​នឹងមាន​ការចូលរួម​ពី​សហប្រធាន​ទាំង​២ នៃ​គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​រវាង​កម្ពុជា​-​ហុង​គ្រី និង​សភាពាណិជ្ជកម្ម​នៃ​ភាគី​ទាំង​២​។ ភាគី​ទាំង​២​ក៏បាន​ឯកភាព​ក្នុងការ​ផ្តោតលើ​ការផ្គូផ្គង​ធុរកិច្ច និង​បង្ហាញ​អំពី​កាលានុវត្តភាព​ក្នុង​វិស័យ​សក្តានុពល​មួយចំនួន រួមមាន កសិកម្ម ការកែច្នៃ​ម្ហូបអាហារ សុវត្ថិភាព​ចំណីអាហារ និង​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ភាគី​ទាំងពីរ​មាន​សុទិដ្ឋិនិយម​ថា វេទិកា​ជំនួប​ធុរកិច្ច​កម្ពុជា​-​ហុង​គ្រី នឹង​ជួយ​ជំរុញ​ឱ្យ​ធុរជន និង​វិនិយោគិន​ហុង​គ្រី មក​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ នៅ​កម្ពុជា កាន់តែច្រើន​បន្ថែមទៀត​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វេទិកា​នេះ​នឹង​បើកឱកាស​ទីផ្សារ​ឱ្យ​កម្ពុជា​បន្ថែមទៀត ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។​

​លោក​ថ្លែងថា​៖ «​វេទិកា​នេះ​នឹង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការវិនិយោគ​រវាង​ភាគី​ទាំង ២ បើទោះជា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នៅមានកម្រិត​ទាប​ក៏ដោយ​»​។​

​គិត​ចាប់ពី​ឆ្នាំ​២០១៧ រហូត​ត្រឹម​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ហុង​គ្រី សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ សរុប​ជាង ១៦​លាន​ដុល្លារ ខណៈ​ពេញ​មួយឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ហុង​គ្រី សរុប​មាន​ជាង ៤​លាន​ដុល្លារ​៕​