​ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ​(SIA) ​បានចាប់ផ្តើម​បើក​ជើងហោះហើរ​ដំបូង​មក​កម្ពុជា កាលពី​ថ្ងៃទី​ ១៧ ខែ ធ្នូ ឆ្នាំ ​២០២១ ក្រោយ​ផ្អាក​ជិត ​២ ​ឆ្នាំ ដោយសារ​វិបត្តិ​កូ​វីដ ​១៩ ដោយ​ក្រុមហ៊ុន​នេះ​នឹងធ្វើ​ការហោះហើរ ៧​ ជើង​ក្នុង ១ ​សប្តាហ៍​ទៅកាន់​ខេត្តសៀមរាប​និង ១៤ ជើង​ក្នុង ​១ ​សប្តាហ៍​មកកាន់​រាជធានី​ភ្នំពេញ​។​

​ជើងហោះហើរ​របស់ SIA ទៅកាន់​ខេត្តសៀមរាប បានក្លាយ​ជា​ជើង​ហោះ​ហើរ​អន្តរជាតិ​ដំបូង​គេ​ដែល​ចុះចត​នៅ​ទីនោះ ចាប់តាំងពី​ខែមីនា ឆ្នាំ​ ២០២០ បន្ទាប់ពី​ផ្អាក​រយៈពេល ២០​ ខែ​។ ក្រុម​​ហ៊ុន SIA នឹង​ដំណើរការ​ជើង​ហោះ​-​ហើរ​ប្រចាំថ្ងៃ​រវាង​ខេត្តសៀមរាប និង​សិង្ហ​បុរី ដោយ​ប្រើប្រាស់​យន្តហោះ Boeing 7378​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អា​​កាស​យានដ្ឋាន​កម្ពុជា​។​

​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន SIA លោក Zechariah Chai និយាយថា​៖ «​ការដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​សេវាកម្ម​អន្តរជាតិ​រវាង​សិង្ហ​បុរី និង​ខេត្តសៀមរាប គឺជា​ដំណឹង​ល្អ​សម្រាប់​អតិថិជន​របស់​យើង ដែល​អាច​បន្ត​ការធ្វើដំណើរ​រវាង​ទីក្រុង និង​អា​ចត​ភ្ជាប់​ទៅ​គោលដៅ​ផ្សេងទៀត​»​។​

​នាយក​ប្រតិបត្តិ​នៃ​អាកាសយាន​​ដ្ឋា​ន​កម្ពុជា លោក Alain Brun បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «​ការតភ្ជាប់​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ គឺជា​ជំហាន​វិជ្ជមាន​មួយ​។ ពិតណាស់​វា​មិនអាច​ទៅរួច​ទេ បើសិន​អាជ្ញាធរ​កម្ពុជា​មិនបាន​សម្រេច​ឱ្យមាន​ការបើក​ប្រទេស​ឡើងវិញ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​»​។​

​លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​​ស៊ីវិល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ខាង​អាកាសចរ​ស៊ីវិល​បាន​ជូនដំណឹង​ពី​ការបើក​ជើងហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ SIA តាំងពី​ខែ​មុន​មកម្ល៉េះ។

លោក​បន្តថា៖ «​ការបើក​ជើងហោះហើរ​សិង្ហ​បុរី​-​សៀមរាប គឺមាន​ ១ ​ជើង ​ក្នុង ​១ ​ថ្ងៃ ឬ​ស្មើនឹង ៧ ​ជើង​ ក្នុង ​១ ​សប្តាហ៍ ដោយ​ចំនួន​ជើង​ហោះ​​ហើរ​នេះ គឺ​អាស្រ័យទៅលើ​ចំនួន​អ្នក​​ដំណើរ​តិច ឬ​ច្រើន​ដែរ​បើ​អ្នកដំណើរ​មាន​តិចពេក ក្រុមហ៊ុន​នឹង​ពិចារណា​ផ្លាស់ប្តូរ​ជើងហោះហើរ​ផងដែរ​»​។​

​លោកស្រី ឆាយ ស៊ី​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានចាត់ទុក​ការបើក​ជើងហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី គឺជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយពី​ខកខាន​ទទួល​ទេសចរ​ជិត ​២ ​ឆ្នាំ ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​។ លោកស្រី​បន្ថែមថា បើ​ទោះ​រដ្ឋាភិបាល​អនុញ្ញាត ឱ្យ​បើកទទួល​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ា​ក់​ហើយក៏​ពិតមែន ប៉ុន្តែ​នៅ​មិនទាន់បាន​ពេញលេញ​នោះទេ ដោយ​​សារ​មាន​ឧបសគ្គ​ចំពោះ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ការបើក​ជើងហោះហើរ​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន ពិសេស​វា​ជាការ​ហោះហើរ​ត្រង់​ទៅ​ខេត្តសៀមរាប ដែល​នេះ ​គឺ​ល្អ​មែន​ទែន ដោយ​នឹង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ មិន​ចាំ​​បាច់​ធ្វើដំណើរ​បន្ត​ច្រើន គឺអាច​ទៅ​​ដល់ទី​តាំង​ដោយផ្ទាល់​តែម្តង​»៕