​ភ្នំពេញៈ ជាមួយនឹង​បទពិសោធ​ដ៏​ជោកជាំ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ លោក ស៊ឹម សេនា​ជាតិ ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិ​​រញ្ញ​វត្ថុ​ប្រា​សាក់ បានសម្រេច​ចិត្ត​ចាក​​ចេញពី​តំណែង​ក្រោយពី​បាន​ដឹកនាំ​អស់​រយៈពេល​ជិត ២​ ទសវត្សរ៍​។ ការ​លា​​លែង​ពី​តំណែង​របស់លោក​បានធ្វើ​ឡើង​ បន្ទាប់ពី​ធនាគារ KB Kookmin របស់​ប្រទេស​កូរ៉េខាងត្បូង បានបញ្ចប់​ការ​ទិញ​ភាគហ៊ុន​ចំនួន ១០០​ ភាគរយ​ពី​ប្រា​សាក់ កាលពី​ខែតុលា​ថ្មីៗ​នេះ​។​

​ក្នុងអំឡុងពេល​ចូលរួម​ជាមួយ​ប្រា​សាក់ រយៈពេល​ជិត ២៦ ​ឆ្នាំ ដែល​ក្នុងនោះ​បម្រើការ​ជា​ប្រធាន និង​នាយក​​ប្រតិបត្តិ​អស់​រយៈពេល ១៨ ​ឆ្នាំ ​នៅ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ លោក ស៊ឹម សេនា​ជាតិ បាន​ដឹកនាំ​ប្រា​សាក់​ពី​ស្ថាប័ន​តូច​មួយ​ទៅជា​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ​ឈានមុខ​មួយ​នៅ​កម្ពុជា​។​

​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ប្រា​សាក់ ក្រោម​ការដឹកនាំ​របស់​លោក​រយៈពេល ១៨ ​ឆ្នាំ​ចុងក្រោយ គឺ​ចាប់ពី​ពេល​ប្រា​សាក់​ទទួលបាន​អាជ្ញា​​ប័ណ្ណ​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ក្នុង​ឆ្នាំ ២០០៤ ដល់​ខែ កញ្ញា ឆ្នាំ ​២០២១ ទ្រព្យសកម្ម​សរុប​បាន​កើន ៤៥៣​ ដង​ពី ៩ ​លាន​ដុល្លារ ​ដល់ ៤​ ពាន់​លាន​ដុល្លារ ខណៈ​កំណើន​ភាគហ៊ុន​សរុប​កើន ១ ២០៤​ ដង​ពី ៥២៦ ០០០ ​ដុល្លារ ​ដល់ ៦៣៤​ លាន​ដុល្លារ​។

ជា​មួយ​គ្នា​នេះ ប្រាក់កម្ចី​បានការ​កើន​ប្រ​ហែល ៤៥៣ ​ដង ពី ៧,៧ ​លាន​ដុល្លារ​ទៅ ៣,៥​ ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​សរុប​កើន​ពី​ត្រឹម ១៩៦ ០០០ ទៅ ២,៤ ​ពាន់​លាន​ដុល្លារ និង​ចំនួន​បុគ្គលិក​កើនឡើង​ប្រហែល ២៥​ ដង ​ពី ៣៧២ នាក់ ​ទៅ ៩ ២០៣​ នាក់​។​

​ក្នុងពេល​ជាមួយគ្នានេះ ក៏​នឹងមាន​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ ៧ រូប និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត​ក៏​នឹង​ចាក​ចេញពី​ស្ថាប័ន​មួយ​នេះ​ពី​ចន្លោះ​ខែមករា និង​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខនេះ​ផងដែរ​។​

​លោក ស៊ឹម សេនា​ជាតិ បានផ្តល់​បទ​សម្ភាស​ឱ្យ​លោក ម៉ៃ គុណ​មករា ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ អំពី​ការចាកចេញ និង​បេសកកម្ម​បន្ទាប់​របស់លោក​។​

លោក​បាន​ដឹកនាំ​ប្រា​សាក់​ជិត ​២ ​ទសវត្សរ៍ គឺ​ចាប់តាំងពី​ប្រា​សាក់​ជា​ស្ថា​​ប័ន​តូច​មួយ ជាពិសេស​តាំងពី​ស្ថាប័ន​នេះ​ស្ថិត​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បានប្រែក្លាយ​វា​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។ ឥឡូវនេះ​លោក​បាន​សម្រេចចិត្ត​ចុះ​ចេញពី​តំណែង​។ តើ​មូល​ហេតុអ្វី​ទើប​ធ្វើឱ្យ​លោក​សម្រេចចិត្ត​ចាកចេញ​?

​ខ្ញុំ​កាន់តំណែង CEO រយៈពេល ​១៨​ ឆ្នាំ​មកហើយ ហើយ​បានធ្វើការ​ជាមួយ​ប្រា​សាក់​ជាង ២៥ ​ឆ្នាំ ដូច្នេះ​វា​ជា​ពេលដែល​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ប្រា​សាក់ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់ KB ក្នុង​ការចូលរួម​ពេញលេញ​ក្នុងការ​គ្រប់គ្រង​ប្រា​​សាក់​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​រំពឹងថា ការ​​ផ្លាស់ប្តូរ​ការគ្រប់គ្រង​នឹង​អាចឱ្យ​ប្រា​​សាក់​ឈានទៅ​កម្រិត​បន្ទាប់​ទៀត​។​

​លោក​ជា​អ្នកមាន​បទពិសោធ​ច្រើន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។ លើសពីនេះ​លោក​ក៏បាន​កសាង​ប្រា​សាក់​ពី​ស្ថាប័ន​ដ៏​តូច​ឱ្យ​ក្លាយជា​ស្ថាប័ន​មាន​សាខា​រាប់រយ រួមផ្សំ​នឹង​ការនាំយក​ឌីជីថល​ថ្មី​ទៅក្នុង​ស្ថាប័ន​នេះ​ផង​។ តើ​លោក​អាច​ចែករំលែក​រឿងរ៉ាវ​ជោគ​​ជ័យ​ខ្លះៗ​ជាមួយ​ខ្ញុំ​ដែរឬទេ​?

​ភាពជោគជ័យ​ត្រូវបាន​រួមចំណែក​ដោ​យក​ត្តា​ជាច្រើន​ដូចជា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​, ស្ថិរភាព​ម៉ាក្រូ​-​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​, មាន​បទ​ប្បញ្ញត្តិ​គ្រប់គ្រាន់​, ការគាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ (​រដ្ឋាភិបាល​,​ ធនា​​គារ​ជាតិ​នៃ​កម្ពុជា​, អ្នកផ្តល់​ប្រាក់កម្ចី​, ម្ចាស់​ភាគហ៊ុន​, អ្នក​ដាក់​ប្រាក់​បញ្ញើ អាជ្ញាធរ​មូលដ្ឋាន​) ការគាំទ្រ​ពី​អ្នក​ជឿ​​ទុកចិត្ត និង​អតិថិជន​ស្មោះត្រង់ ពិ​សេស​ការគាំទ្រ​ពី​អ្នកគ្រប់គ្រង និង​បុគ្គលិក​ខិតខំ​ធ្វើការ​។​

កាលពី​ថ្ងៃទី​ ៥ ខែ ឧសភា ឆ្នាំ​ ២០២០ ប្រា​សាក់​បាន​ចុះបញ្ជី​មូល​ប​ត្រ​បំណុល​សាជីវកម្ម​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដោយបាន​បោះផ្សាយ​ភាគហ៊ុន​ចំនួន​ ១ ២៧២ ០០០ មានតម្លៃ​សរុប ៣១ លាន​ដុល្លារ​។ តើ​ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​ចុះបញ្ជី​អ្វី​នៅលើ​ផ្សារ​ហ៊ុន ខណៈ​លោក​អាចធ្វើ​ការ​កៀរគរ​ពី​ប្រភព​ទុន​ផ្សេងៗ​បាន​យ៉ាង​ងាយ​?

​យើង​សម្រេចចិត្ត​បោះផ្សាយ​មូល​​ប​ត្រ​បំណុល​សាជីវកម្ម​ដោយសារតែ​ហេតុផល​មួយចំនួន​ដូចជា​ការចូល​រួមការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​, ការជួយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​, ការធ្វើ​ពិពិធ​កម្ម​ប្រភព​មូលនិធិ និង​ជួយ​ទីតាំង​សាច់ប្រាក់​ងាយស្រួល​, កែលម្អ​អភិបាលកិច្ច និង​ការបង្ហាញ​ព័ត៌មាន​របស់​យើង​ដល់​សាធារណជន និង​ការជួយ​ផ្សព្វផ្សាយ​ប្រា​សាក់​ដល់​សាធារណជន​។​

​តើ​លោក​មាន​គម្រោង​អ្វីខ្លះ ​បន្ទាប់ពី​ចាក​ចេញពី​ប្រា​សាក់​?

​មកដល់ពេលនេះ​ខ្ញុំ​ទំនេរ ហើយ​មិនទាន់មាន​គម្រោង​នៅឡើយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​បន្ត​ធ្វើការ​ក្នុង​វិស័យនេះ​ដើម្បីឱ្យ​ខ្ញុំ​អាច​ប្រើប្រាស់​​បទពិសោធ និង​ចំណេះដឹង​របស់ខ្ញុំ​ដែល​បានធ្វើការ​លើ​វិស័យនេះ​៕