​ភ្នំពេញៈ បណ្តា​ថ្នាក់ដឹកនាំ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន បាន​ព្រម​ព្រៀង​គ្នា​លើ​ផែនការ​បើកទទួល​ស្វា​គម​ន៍​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​តំបន់​អាស៊ាន​ឡើងវិញ ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩​។​

​ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​លើក​ទី​៥៤ តាម​ប្រព័ន្ធ​វីដេអូ ពី​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃទី​ ១៤-១៥ ខែ ធ្នូ ឆ្នាំ ​២០២១ នា​អំឡុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រឡង​ជ្រើសរើស​ជើងឯក​ទូកក្តោង​អាស៊ាន South East Asian Sailing Championship (SEAS)​។​

​ចំណុច​សំខាន់ៗ​ដែល​គ្រប់ភាគី​បាន​ឯកភាព គឺ​ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ការបើកទទួល​ស្វាគមន៍​​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​តំបន់​អាស៊ាន​ឡើងវិញ​។ ទោះ​​ជា​យ៉ាងណា​ឯកសារ​ខាងលើ​នឹងត្រូវ​ដាក់​ឆ្លង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដើម្បី​សុំ​ការណែនាំ និង​តម្រង់ទិស​សម្រាប់​ការអនុវត្ត​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រ​សួង​ទេសចរណ៍​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែធ្នូថា ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​មិនទាន់​បើក​ឱ្យមាន​ការចេញចូល​ទូលំទូលាយ​ទេ​មកដល់ពេលនេះ ដូច្នេះ​បាន​ថ្នាក់ដឹកនាំ​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​អាស៊ាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា និង​ដាក់ចេញ​ជា​ផែនការ​ស្តារ​ទេស​ចរអ​ន្ត​រ​ជាតិ​ក្នុង​តំបន់​ឡើងវិញ​ទាំង​នៅក្នុង និង​ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ​១​៩។

លោក​បន្ថែមថា ទោះ​ស្ថាន​​ភាព​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ នៅ​កម្ពុជា​ថយចុះ​ខ្លាំង ហើយ​រដ្ឋាភិបាល​បាន​បើកទទួល​ភ្ញៀវ​ចាក់​វ៉ា​ក់​គ្រប់​ដូ​ស ក៏ប៉ុន្តែ​រាល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​គឺ​សុទ្ធតែ​ត្រូវ​ឆ្លងតាម​ប្រទេសជិតខាង​។​

​លោក​បាន​ថ្លែងថា​៖ «​ដូច​យើង​ដឹង​ស្រាប់​ហើយ ប្រទេសជិតខាង​យើង​ដូចជា​ប្រទេស​ថៃ ឡាវ និង​វៀតណាម កំពុង​ជួប​បញ្ហា​ប្រឈម​ច្រើន​។ អ៊ីចឹង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​យើង​វា​អត់​អាច​ងើបឡើង​វិញ​បាន​ភ្លាមៗ​ទេ ដោយ​វា​ត្រូវការ​ពេល​មួយរយៈ​ទៀត ដើម្បី​ស្តារ​ទេសចរ​អន្តរជាតិ​បាន​ទូលំទូលាយ​ឡើងវិញ​»​។

​លោក ធួន ស៊ីណា ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​ប្រាប់ថា បើ​ថ្នាក់ដឹកនាំ​ឧ​ត្ត​ម​មន្ត្រី​ទេសចរ​​ណ៍​អាស៊ាន​មានការ​ឯកភាពគ្នា​ជា​ធ្លុង​មួយ គឺអាច​ជំរុញ​ឱ្យ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​តំបន់​អាស៊ាន​ឡើងវិញ​បាន​លឿន ប៉ុន្តែ​អាស៊ាន​មាន​ចរិត​មួយ គឺ​និយាយ​តែ​មាត់ និង​មានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ​។​

​លោក​និយាយថា​៖ «​សម្រាប់​តំបន់​អាស៊ាន នៅពេលដែល​ចេញ​ជា​ផែន​​ការ ឬ​គោលការណ៍​រួចហើយ ទៅដល់​មន្ត្រី​អនុវត្ត​បែរជា​រឿង​ផ្សេង​ទៅវិញ​។ និយាយ​ទៅ​អាស៊ាន​ស្ថិត​តែ​នៅលើ​ក្រ​ដាស និង​មាត់ ចំណែក​ការអនុវត្ត​គឺ​មិនសូវមាន​ទេ​»៕​