ភ្នំពេញៈ កម្ពុជា និង​ប្រទេស​ហុង​គ្រី ​នឹង​រៀបចំ​វេទិកា​ជំនួប​ធុរកិច្ច នា​ត្រីមាស​ទី​១ ឆ្នាំ ​២០២២ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​រវាង លោក ប៉ែន សុ​វិជាតិ អនុ​​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជាមួយ​លោក Istvan Bakos ភារ​​ធា​រី​នៃ​ការិយាល័យ​តំណាង​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ស្ថានទូត​ប្រទេស​ហុង​គ្រី កាលពីថ្ងៃ​ទី ​១៥ ខែ ធ្នូ ឆ្នាំ ​២០២១ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក ប៉ែន សុ​វិជាតិ បាន​លើក​ឡើង​ថា វេទិកា​ជំនួប​ធុរកិច្ច​ដែល​គ្រោង​នឹង​រៀបចំ​នៅពេល​ខាងមុខ និង​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា និង​ហុង​គ្រី សំដៅ​លើកកម្ពស់​ផល​ប្រយោជន៍​រួម និង​ការអភិវឌ្ឍ​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។​

​តាមរយៈ​ជំនួប​នេះ ភាគី​ទាំង​ ២ ​បាន​ឯកភាពគ្នា​រៀបចំ ​«​វេទិកា​ជំនួប​ធុរកិច្ច​កម្ពុជា​-​ហុង​គ្រី​» ក្នុងអំឡុង​ត្រីមាស​ទី​១ ឆ្នាំ ​២០២២ ដោយ​នឹង​មានការ​​ចូលរួម​ពី​សហប្រធាន​ទាំង​ ២ ​នៃ​គណៈ​​កម្ម​ការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​-​ហុង​គ្រី និង​សភាពាណិជ្ជកម្ម​នៃ​ភាគី​ទាំង​ ២​។ ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​នៅក្នុង​ការ​​ផ្តោតលើ​ការផ្គូផ្គង​ធុរកិច្ច និង​បង្ហាញ​អំពី​កាលានុវត្តភាព​ក្នុង​វិស័យ​សក្តា​នុ​​ពល​មួយចំនួន​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងពាណិជ្ជកម្ម ភាគី​ទាំង​ ២​ មាន​សុទិដ្ឋិនិយម​ថា វេទិកា​ជំនួប​ធុរកិច្ច​កម្ពុជា​-​ហុង​គ្រី នឹង​ជួយ​ជំរុញ​ឱ្យ​ធុរជន និង​វិនិយោគិន​ហុង​គ្រី មក​ពង្រីក​ប្រតិ​ប​ត្តិ​ការ​ធុរកិច្ច និង​វិនិយោគនៅ​កម្ពុជា កាន់តែច្រើន​បន្ថែមទៀត​។​

​អតីត​តំណាង​ស្ថាន​ពាណិជ្ជកម្ម​ប្រ​ទេស​ហុង​គ្រី ប្រចាំ​នៅ​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី ​១៩ ខែធ្នូថា ហុង​គ្រី គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ជា​សមាជិក​មួយ​រប​ស់ស​ហ​ភាព​អឺរ៉ុប ដូច្នេះ​បើ​កម្ពុ​ជាមាន​ទំនាក់ទំនង​ពា​​ណិ​ជ្ជ​កម្ម​ល្អជា​មួយ​ហុង​គ្រី​នោះ​ផលិត​​ផល​កម្ពុជា​មិន​ត្រឹមតែ​ចូល​ទីផ្សារ​ហុង​-​គ្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ឆ្លងទៅ​ដល់ទី​ផ្សារ​អឺរ៉ុប​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក​ថ្លែងថា​៖ «​ការបង្កើត​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ល្អជា​មួយ​ហុង​គ្រី នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​ទីផ្សារ​នាំចេញ​របស់​កម្ពុជា ពិសេស​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អឺរ៉ុប​»​។​

​យោងតាម​លោក ស៊ីណាន កន្លង​​មក កម្ពុជា​ធ្លាប់​នាំ​ផលិតផល​មួយ​ចំ​នួន​ដូចជា ផលិតផល​កសិកម្ម និង​ថ្នាំ​​ជក់​ជាដើម រីឯ​ទំនិញ​នាំចូល​ពី​ប្រទេស​ហុង​គ្រី មក​កម្ពុជា​មានដូចជា ស្រា គ្រឿងយន្ត​កសិកម្ម និង​បច្ចេកវិទ្យា​​ព័ត៌មានវិទ្យា ជាដើម​។​

​នៅក្នុង​ឆ្នាំ ​២០២០ ទំហំ​ពាណិជ្ជកម្មកម្ពុជា​-​ហុង​គ្រី មាន​ទឹកប្រាក់​សរុប​ត្រឹមតែ​ជាង ៤ ​លាន​ដុល្លារ​៕