ភ្នំពេញៈ កម្ពុជា-ចិន សម្រេច​បង្កើត​ក្រុមការងារ​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​សេដ្ឋកិច្ច ដើម្បី​លើកកម្ពស់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ក៏​ដូចជា​ពង្រឹង​ការវិនិយោគ និង​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ប្រសើរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ដែល​ផ្សព្វផ្សាយ​កាលពី​ចុងសប្តាហ៍​មុន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្តីពី​ការបង្កើត​ក្រុមការងារ​កិច្ចសហប្រតិបត្តិការ វិនិយោគ និង​សេដ្ឋកិច្ច​នេះ​ឡើង​។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC បាន​លើកឡើង​ថា អនុស្សរណៈ​នៃ​ការយោគយល់​នេះ​នឹង​ជំរុញ​រំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេ​ទិស​រវាង​ប្រទេស​ទាំង​ ២ ស្របតាម​ស្មារតី​នៃ​ជំនួប​កំពូល​រវាង​​មេដឹកនាំ​ចិន និង​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ កន្លងទៅ​។

លោក​បន្ថែមថា​៖ «​ទំហំ​ទុនវិនិយោគ​ដ៏ច្រើន​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា​ធ្វើឱ្យ​ការវិនិយោគ​របស់​ចិន​ឈរ​នៅ​លំដាប់​ទី​១ ដែល​នឹង​ជួយ​ជំរុញ និង​ពន្លឿន​សមត្ថភាព​កម្ពុជា ពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ​នឹង​ជួយ​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​វិបត្តិ​កូវីដ​ ១៩»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ យល់​ឃើញថា អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺជា​យន្តការ​មួយ​ដ៏សំខាន់ ដើម្បី​ឆ្លើយតប​នឹង​ការដោះស្រាយ​បញ្ហា ឬ​ឧបសគ្គ​នានា​កើតមាន​ឡើងវិញ​ នៅពេល​ភាគី​ទាំង​ ២ ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដែល​រួមមាន FTA និង RCEP ដែល​បាន​ចុះហត្ថលេខា​នាពេល​កន្លងមក​។

លោក​បន្ថែមថា​៖ «​ការរៀបចំ​បង្កើត​ក្រុមការងារ​កិច្ចសហប្រតិបត្តិការ វិនិយោគ និង​សេដ្ឋកិច្ច​នេះ ក៏​នឹង​ផ្តល់​លទ្ធភាព​ដល់​ភាគី​ទាំង​ ២ ​នៅក្នុង​ការពិនិត្យ និង​តាមដាន ការងារ​ទាំងឡាយ​ដែលមាន​ការពាក់ព័ន្ធ​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ដើម្បីឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​ករណី​មាន​ឧបសគ្គ ឬ​បញ្ហា​កើតឡើង​ជាយថាហេតុ​»​។

ក្នុង​កិច្ចពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​នឹង​លោក Li Keqiang នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​បំណង​លោក​ក្នុង​ការជំរុញឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​មាន​ភាពល្អប្រសើរ​។ លោក​ក៏បាន​លើកសរសើរ​ចំពោះ​អត្រាកំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន ៩,៨ ​ភាគរយ សម្រាប់ ៩ ​ខែ​នៃ​ឆ្នាំ​ ២០២១ ​នេះ​ផងដែរ ខណៈ​ប្រទេស​ស្ទើរ​ទាំងអស់​នៅលើ​ពិភពលោក​មាន​កំណើន​ថយចុះ​។

ក្នុង​ឱកាស​នេះ លោក Li Keqiang ក៏បាន​យល់ស្រប​ថា នឹង​ខិតខំ​ជំរុញ​ឱ្យ​មាន​ការធ្វើការ​រួមគ្នា​រវាង​ភាគី​ទាំង​ ២ ដើម្បី​ធ្វើយ៉ាងណា​ពិភាក្សា ចរចា​គ្នា​លើ​កូតា​នាំ​អង្ករ​ចូលទៅ​ប្រទេស​ចិន និង​កសិផល​កម្ពុជា​ចូលទៅ​ប្រទេស​ចិន​ដោយផ្ទាល់​តាមរយៈ​ការបង្កើត​យន្តការ​រួមគ្នា​ពិនិត្យមើល​ផលិតផល​ទាំងឡាយ​ណា ដែល​ត្រូវ​នាំ​ចេញពី​កម្ពុជា ទៅ​ប្រទេស​ចិន​។

រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន​មាន​ជាង ១ ​ម៉ឺន​លាន​ដុល្លារ​កើន ៤៥,៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែល​ចំនួន​នេះ​លើសពី​ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​៕ LA