ភ្នំពេញៈ ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​គ្រោង​ចំណាយ​ថវិកា ១០០ ​លាន​ដុល្លារ​ដើម្បី​រៀបចំ​គម្រោង​ថ្មី​មួយ​ស្តីពី​ «​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកប​ដោយ​និរន្តរភាព​ (Sustainable Coastal and Marine Fisheries Project)» ​ដែល​គ្រោង​នឹង​អនុម័ត​នៅ​ឆ្នាំ​ ២០២២ ដើម្បី​លើកកម្ពស់​វិស័យ​ជលផល​ក្នុង​ដែនសមុទ្រ​កម្ពុជា​។

គម្រោង​នេះ​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​រវាង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយ​លោក Anthony Gill មន្ត្រីជាន់ខ្ពស់​មកពី​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃ​ទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១​។

លោក Anthony Gill បាន​លើកឡើងថា ADB កំពុង​រៀបចំ​គម្រោង​ថ្មី​មួយ​ស្តីពី​ «​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកប​ដោយ​និរន្តរភាព​» ​ដែល​នឹង​អនុម័ត​នៅ​ឆ្នាំ​ ២០២២ ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​ ១០០ ​លាន​ដុល្លារ ក្នុងនោះ​បាន​មកពី ADB Loans ៥០ ​លាន​ដុល្លារ ASEAN Infrastructure Fund ១០ ​លាន​ដុល្លារ AFD ៣០ ​លាន​ដុល្លារ (Concessional Loan) និង ADB Grand Funds ១០ ​លាន​ដុល្លារ​។

លោក Anthony Gill បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​ជួយ​វិស័យ​ជលផល​ក្នុង​ការលើកកម្ពស់​ការបន្សាំ និង​កាត់បន្ថយ​ដោយ​ផ្អែកលើ​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរសមុទ្រ និង​សមុទ្រ​, កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយ​ការប្រមូលផល​នេសាទ​ដែល​ធន់​នឹង​អាកាសធាតុ​, ជំរុញ​ការវិនិយោគ​លើ​តម្លៃ​ជលផល​ប្រកប​ដោយ​សុវត្ថិភាព និរន្តរភាព និង​ខ្សែចង្វាក់​តម្លៃ និង​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការគ្រប់គ្រង​ការនេសាទ​សមុទ្រ​។

លោក អ៊ឹង ទ្រី អនុប្រធាន​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា រដ្ឋបាល​ជលផល​កំពុង​ធ្វើការងារ​នេះ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ចរចា និង​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ព្រោះ​គម្រោង​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកបដោយ​និរន្តរភាព ជា​គម្រោង​ធំ ដែល​ត្រូវតែ​មាន​ការគិតគូរ​ឱ្យបាន​ល្អិតល្អន់ មុន​នឹង​អនុវត្ត​។

លោក​បន្ថែមថា ខាង​រដ្ឋបាល​ជលផល​កំពុង​ពិនិត្យ​មើលថា គម្រោង​ដែល ADB រៀបចំ​នេះ នឹង​ធ្វើ​ទៅ​លើ​ផ្នែក​អ្វីខ្លះ ព្រោះ​ខាង​ផ្នែក​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ កំពុង​ត្រូវការ​ដៃគូ ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរឡើង ជាពិសេស​សហគមន៍​នានា​នៅ​ខេត្ត​ទាំង​ ៤ ដែល​ជាប់​ឆ្នេរ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​ដែល ADB បានដាក់​ចេញមក​នេះ គឺ​មាន​គោលដៅ​ប្រើប្រាស់​សក្តានុពល​ឆ្នេរសមុទ្រ​កម្ពុជា ដែល​មាន​ប្រវែង​ជាង ៤៤៥ ​គីឡូម៉ែត្រ​ឱ្យមាន​ប្រយោជន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​ការងារ​ជលផល​ផង និង​អេកូទេសចរណ៍​ផង​»៕ LA