កំពតៈ សណ្ឋាគារ ហ្គូដថាម រីលែក រីសត ដ៏​ប្រណីត​ថ្មី​មួយ​នៅក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​ដើម្បី​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ឆ្នាំក្រោយ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្រោយពី​ស្ថានភាព​កូវីដ​ ១៩ លើ​ពិភពលោក​មាន​ភាពធូរស្បើយ​។

សណ្ឋាគារ ហ្គូដថាម រីលែក រីសត ដែល​សម្ពោធ​កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២១ សាងសង់​លើ​ផ្ទៃដី ៤,៥ ​ហិកតា និង​មាន ៥១ ​បន្ទប់​។

លោក លី ហុងហួរ ម្ចាស់​សណ្ឋាគារ ហ្គូដថាម រីលែក រីសត ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែធ្នូ​ថា ការសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​សណ្ឋាគារ​នេះ​មិនទាន់​សមាមាត្រ​នឹង​តម្រូវការ​បច្ចុប្បន្ន​ទេ ព្រោះ​ស្ថិតក្នុង​ស្ថានភាព​កូវីដ​ ១៩ ប៉ុន្តែ​វា​នឹង​ឆ្លើយតប​សេចក្តីត្រូវការ​នៅ​ឆ្នាំក្រោយៗ​ទៀត​។ លោក​បន្តថា ការសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​សណ្ឋាគារ​នេះ គឺ​សម្រាប់​បម្រើឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ម្យ៉ាងទៀត​ទីនោះ​ក៏​មាន​កន្លែង​ប្រជុំ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជ្រើសរើស​ខេត្តកំពត​សម្រាប់​បង្កើត​សណ្ឋាគារ​នេះ​ដោយ​ចំណាយ​ទុន ៣,៥ ​លាន​ដុល្លារ ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ ខណៈ​ខ្ញុំ​សង្កេត​ឃើញ​ថា ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវ​អឺរ៉ុប គាត់​ចូលចិត្ត​មក​នៅតាម​មាត់​ព្រែក តាម​មាត់សមុទ្រ និង​ក្នុងព្រៃ​ជាដើម​។ ម្យ៉ាង​ខេត្តកំពត គឺជា​ខេត្ត​ដែលមាន​តំបន់ឆ្នេរ ដងព្រែក ភ្នំ និង​ព្រៃព្រឹក្សា​ដែល​ជា​ទីទាក់ទាញ​ក្នុង​ការវិនិយោគ​ផងដែរ​»​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ីណុល និយាយថា សណ្ឋាគារ​នេះ​គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្តកំពត ដែល​នឹង​រួមចំណែក​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​។ លោក​បន្តថា រយៈពេល​កន្លងមក​ក៏​ដូច​ពេលបច្ចុប្បន្ន ទោះបី​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក៏​ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ខេត្តកំពត នៅតែ​មាន​ភាពផុលផុស ជាពិសេស​ក្នុង​ក្រុង​កំពត​នាពេលនេះ​មាន​សំណង់​សណ្ឋាគារ ផ្ទះសំណាក់ និង​សំណង់​ដែល​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ជាច្រើន​កំពុង​សាងសង់ ដើម្បី​ត្រៀម​ទទួល​ទេសចរ​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា ទាំង​អ្នកវិនិយោគ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ក៏​ដូច​បងប្អូន​ដែល​ធ្លាប់​ប្រកបមុខរបរ​ទេសចរណ៍​នៅក្នុង​ទឹកដី​នេះ ពួកគេ​កំពុង​បង្កើន​ការវិនិយោគ​ដើម្បី​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​ភ្ញៀវ ដែលមាន​ការកើនឡើង​ជា​លំដាប់ និង​អាចជួយ​វិស័យ​ទេសចរណ៍​ឱ្យមាន​ដំណើរការ​ល្អ​ឡើងវិញ​ផងដែរ​»​។

បើតាម​លោក ស៊ីណុល ទាំង​សេវាកម្ម​ម្ហូបអាហារ និង​សេវា​ស្នាក់នៅ​ប្រកប​ដោយ​ស្តង់ដា​នៅ​ខេត្តកំពត មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់ ខណៈ​និន្នាការ​ភ្ញៀវទេសចរ​នៅ​មួយរយៈ​ចុងក្រោយ​នេះ បាន​ប្រែ​មក​កម្សាន្ត​នៅ​ថ្ងៃអាទិត្យ​មក​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​វិញ និង​កំពុង​កើនឡើង​គួរឱ្យ​កត់សម្គាល់ ពិសេស​ភ្ញៀវទេសចរ​ក្នុងស្រុក​៕LA