ភ្នំពេញៈ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទឹកប្រាក់​សរុប​ជិត ៨៧០ ​លាន​ដុល្លារ កើន ៨,៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា កើន​ជិត ៦ ​ភាគរយ និង​នាំចូល​កើន​ជាង ១០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ទិន្នន័យ Kita ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ការនាំ​ទំនិញ​ចេញ-ចូល​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង មាន​ទឹកប្រាក់​សរុប ៨៦៩,៧៣​ លាន​ដុល្លារ កើន​ពី​ចំនួន ៧៩៩,៥៤ ​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ស្មើនឹង​កំណើន ៨,៨ ​ភាគរយ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់ ៣០៩,០៧ ​លាន​ដុល្លារ កើន ៥,៩ ​ភាគរយ​ពី​ចំនួន ២៩១,៩៣ ​លានដុល្លារ និង​ការនាំ​ទំនិញ​ពី​កូរ៉េ មក​កម្ពុជា​មាន​ទឹកប្រាក់ ៥៦០,៦៦ ​លាន​ដុល្លារ កើន ១០,៥ ​ភាគរយ​ពី​ចំនួន ៥០៧,៤២ ​លាន​ដុល្លារ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២០ ខែធ្នូ​ថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ បាន​កើនឡើង​ជា​លំដាប់​ ទោះបី​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បង្ខំ​ឱ្យ​ប្រទេស​នីមួយៗ​រឹតបន្តឹង​តាម​ព្រំដែន​ក៏ដោយ​។ ចំនួន​នេះ​នឹងមាន​សម្ទុះ​ឡើង​បន្ថែមទៀត​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ជំងឺ​កូវីដ-១៩ ប្រភេទ​អូមីក្រុង កំពុង​បង្កើន​ការគំរាមកំហែង​ដល់​ដំណើរការ​សេដ្ឋកិច្ច​សកល ក៏​ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ នឹងមាន​កំណើន​ជា​បន្តទៀត​។ ម្យ៉ាងទៀត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ប្រទេស​ទាំង ​២ បាន​ចុះហត្ថលេខា​កន្លងមក​ក៏​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​កូរ៉េ ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ផងដែរ​»​។

យ៉ាងណា​ក៏​លោក វណ្ណៈ អះអាង​ថា ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​កូរ៉េ គឺ​កម្ពុជា​មាន​ឱនភាព ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវខិតខំ​បន្ថែមទៀត​ក្នុង​ការផលិត និង​កែច្នៃ​ផលិតផល​ថ្មីៗ​ត្រៀម​នាំទៅ​ទីផ្សារ​ប្រទេស​កូរ៉េ ដោយ​រាប់​ពី​កសិកម្ម រហូតដល់​ឧស្សាហកម្ម​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ថា ភាពវិជ្ជមាន​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំង​​ ២ នឹងមាន​សម្ទុះ​ខ្លាំង​ពេល FTA រវាង​ប្រទេស​ទាំង​ ២ ចូល​ជា​ធរមាន ដោយ​នៅពេលនោះ​ផលិតផល​ជាច្រើន​មុខ​របស់​កម្ពុជា​នឹង​អាច​នាំទៅ​ទីផ្សារ​ប្រទេស​កូរ៉េ ដោយ​រួច​ពន្ធ ឬ​ជាប់ពន្ធ​ក្នុង​អត្រា​ទាប​។

លោក​បន្តថា​៖ «​កូរ៉េ​ជាទី​ផ្សារ​មាន​សក្តានុពល​មួយ​សម្រាប់​ផលិតផល​នាំចេញ​កម្ពុជា ហេតុនេះ​កម្ពុជា​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុង​ការធ្វើ​ពិពិធកម្ម​ការផលិត​របស់ខ្លួន​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ប្រទេស​កូរ៉េ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ជំរុញ​ដំណើរការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ឱ្យចូល​ជាធរមាន​បាន​ឆាប់ ខណៈ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​កម្ពុជា​រំពឹង​នឹង​អាច​ទទួលបាន​ផល​វិជ្ជមាន​ជាច្រើន ពិសេស​រំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពី​ប្រទេស​កូរ៉េ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ត្រូវ​ការឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជាធរមាន​ឱ្យបាន​ឆាប់ ដើម្បី​បើក​ទីផ្សារ​យើង​ទៅកាន់​ប្រទេស​កូរ៉េ​បន្ថែមទៀត ដោយ​ចាត់ទុកថា​យើង​នឹងមាន​ច្រកចេញចូល​ច្រើន គឺ​មិនមែន​មាន​តែមួយ​នោះទេ ខណៈ​កន្លងមក​យើង​បានធ្វើ​រួចហើយ​ជាមួយ​ប្រទេស​ចិន​»៕ LA