
សកម្មភាពម៉ាស៊ីនស្ទូច លើកកុងតឺន័រដាក់លើរថយន្តនៅកំពង់ផែស្វយ័តភ្នំពេញ កាលពីពេលថ្មីៗនេះ។ ហេង ជីវ័ន
ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាសហគ្រាសរដ្ឋចុះបញ្ជីភាគហ៊ុនបានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មដ៏ល្អប្រសើរក្នុងឆ្នាំ ២០២១ ទោះបីជាឆ្នាំដ៏លំបាកដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុបឋមរបស់ PPAP ដែលផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ក្នុងរយៈពេលពេញ ១ ឆ្នាំ ២០២១ ចំនួនទំនិញ និងប្រេងឥន្ធនៈបានឆ្លងកាត់កំពង់ផែមួយនេះ បានកើនឡើង ១៣,៤១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែបានកើនឡើង ១៨ ភាគរយ។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៅក្រុមហ៊ុន CSX បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែធ្នូថា ការប៉ាន់ប្រមាណការកើនឡើងប្រាក់ចំណេញសុទ្ធរបស់កំពង់ផែក្នុងឆ្នាំ ២០២១ នេះគឺបានបង្ហាញអំពីប្រតិបត្តិការអាជីវកម្មដ៏រឹងមាំបានពីទំនិញ និងកុងតឺន័រ និងមិនគិតពីប្រតិបត្តិការសូន្យពីសេវាដឹកអ្នកដំណើរក្នុង ឆ្នាំ ២០២១ នោះឡើយ។
លោកស្រីថ្លែងថា៖ «វាល្អសម្រាប់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះដោយសារវិនិយោគិននៅតែមានភាពវិជ្ជមានលើអាជីវកម្ម និងតួនាទីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយនេះ»។
លោកស្រីបន្តថា៖ «ឆ្នាំ ២០២១ គឺជាឆ្នាំដែលមានការរំខានសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងភ័ស្តុភារកម្ម ប៉ុន្តែខ្ញុំគិតថាកម្ពុជាមិនសូវរងផលប៉ះពាល់ទេ។ ទោះបីមានការរឹតបន្តឹងលើការធ្វើដំណើរ និងអាជីវកម្មមួយចំនួនក៏ដោយ ប៉ុន្តែដំណើរការឧស្សាហកម្មកំពង់ផែរបស់យើងនៅតែរឹងមាំ ដោយសារតែកម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោកដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដបានល្អ»។
យោងតាមរបាយការណ៍របស់ PPAP សម្រាប់ទូកទេសចរណ៍ និងចំនួនអ្នកដំណើរបានធ្លាក់ចុះយ៉ាងខ្លាំងចំនួន ១០០ ភាគរយដូចគ្នា។
ប្រាក់ចំណូលរបស់ PPAP រយៈពេល ១១ ខែ ឆ្នាំ ២០២១ មានប្រមាណ ៣០ លានដុល្លារកើនឡើង ១៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ខណៈបរិមាណកុងតឺន័រឆ្លងកាត់កើនឡើងជាង ១៩ ភាគរយ។ នេះយោងសេចក្តីប្រកាសព័ត៌មានកាលពីសប្តាហ៍មុន។
ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណូលដែល ក.ស.ភ. រកបាន (ពុំទាន់ធ្វើសវនកម្ម) មានចំនួនសរុប ៣០ ៣៩០ ១៧២ ដុល្លារ កើនឡើង ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមាន ២៦ ៦៥៨ ២២១ ដុល្លារ។
ឆ្នាំ ២០២០ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ២៩,៤៨ លានដុល្លារ (មិនទាន់ធ្វើសវនកម្ម) ធ្លាក់ចុះ ៦ ភាគរយ ធៀបនឹង ៣១,៣១ លានដុល្លារ (ធ្វើសវនកម្មរួច) កាលពីឆ្នាំ ២០១៩។
លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បាននិយាយថា ការធ្លាក់ចុះប្រាក់ចំណូលឆ្នាំ ២០២០ គឺដោយសារស្ថានភាពកូវីដ ១៩ បានរីករាលដាលដែលធ្វើឱ្យប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ៕LA