ភ្នំពេញៈ បន្ទាប់ពី​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​ជាង​មុន និង​ការបើក​ដំណើរការ​ឡើងវិញ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​កាលពី​ខែវិច្ឆិកា លំហូរ​ភ្ញៀវទេសចរ និង​វិនិយោគិន​ចិន​បានចាប់ផ្តើម​ត្រឡប់​មកកាន់​ខេត្ត​ព្រះសីហនុ​ជា​បណ្តើរៗ​វិញ​ហើយ​។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​មួយ​នេះ​។

ខេត្ត​ព្រះសីហនុ គឺជា​ទិសដៅ​ទេសចរណ៍​នៃ​តំបន់ឆ្នេរ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​រដ្ឋាភិបាល​ជ្រើសរើស​ជា​ទិសដៅ​ទេសចរណ៍​មុនគេ​ សម្រាប់​ស្វាគមន៍​ការត្រឡប់​មកវិញ​នៃ​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ពេញលេញ​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែធ្នូ​ថា បច្ចុប្បន្ន​អ្នកវិនិយោគ​ក៏ដូចជា​ភ្ញៀវ​ជនជាតិ​ចិន​បាន​ធ្វើ​ដំណើរ​ចូលមក​ខេត្ត​ព្រះសីហនុ​បណ្តើរៗ​ហើយ ក្រោយពេល​រដ្ឋាភិបាល​សម្រេច​បើក​សេដ្ឋកិច្ច​ឡើងវិញ ជាពិសេស​ការទទួល​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ គ្រប់​ដូស​។

លោក​ប្រាប់ថា​៖ «​ការវិល​ត្រឡប់​មកវិញ​របស់​ជនជាតិ​ចិន ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការចូលរួម​ស្តារ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ ក្រោយ​វិបត្តិ​កូវីដ​ ១៩ ដែល​បាន​យាយី​ដល់​សេដ្ឋកិច្ច​កន្លងមក​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ​ជនជាតិ​ចិន​ចូលមក​ខេត្ត​ព្រះសីហនុ​មិនទាន់មាន​ចំនួន​ច្រើន​ទេ​។

លោក វណ្ណ សុខហេង ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា ជាធម្មតា​ពេល​មាន​ការបើក​ជើងហោះហើរ​ឡើងវិញ ចំនួន​វិនិយោគិន​ និង​ភ្ញៀវទេសចរ​នឹង​មាន​កំណើន ប៉ុន្តែ​ទោះយ៉ាងណា​មិនទាន់​អាច​ចាត់ទុកថា ប្រសើរ​ខ្លាំង​បានទេ ព្រោះ​កូវីដ​ ១៩ ជា​វិបត្តិ​សកល​។

លោក​បន្ថែមថា ការវិលត្រឡប់​របស់​វិនិយោគិន​ចិន ឬ​វិនិយោគិន​ប្រទេស​ដទៃទៀត ក៏​អាស្រ័យ​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​គេ និង​ស្ថានភាព​សេដ្ឋកិច្ច​សកល​ផងដែរ​។

លោក​និយាយថា​៖ «​សភាពាណិជ្ជកម្ម​កម្ពុជា ក៏ដូចជា​សភាពាណិជ្ជ​ខេត្ត​ព្រះសីហនុ​បាននិង​កំពុង​ខិតខំ​ពង្រឹង​ការផលិត និង​ទីផ្សារ​ក្នុង​ស្រុក​ឱ្យបាន​រឹងមាំ ព្រោះ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ខិតខំ​ដោយ​ខ្លួនឯង​ទេ​។ ម្យ៉ាងវិញទៀត បើទោះជា​ស្ថានភាព​បានល្អ​ប្រសើរ ឬ​ត្រឡប់​ទៅរក​ភាពប្រក្រតី ក៏​មិនត្រូវ​បោះបង់​អាជីវកម្ម​ក្នុង​ដៃ​ហើយ​ទៅ​ពឹងផ្អែក​លើ​គេ​ទាំងស្រុង​នោះទេ​»​។

លោក​លើកឡើង​ទៀតថា​៖ «​ប្រទេស​យើង​ត្រូវ​ជំរុញ SME ឱ្យ​ខ្លាំង​។ ទោះ​មាន​វិបត្តិ​អ្វី​ក៏​យើង​អាច​រស់រាន​បាន ហើយ​បើ​មាន​ឱកាស​ពី​វិនិយោគិន​ខាងក្រៅ​មក យើង​អាច​ចាប់យក​ឱកាស​នោះ តែ​សុំ​កុំ​បោះបង់​នូវ​អ្វីដែល​យើង​មាននៅ​ក្នុង​ដៃ​»​។

កាលពី​ថ្ងៃទី​ ១៨ ខែតុលា​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជ្រើសរើស​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញស៊ិនជិន​ (UPDIS) ​ដ៏​មាន​បទពិសោធ​របស់​ប្រទេស​ចិន​ឱ្យ​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ​ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទិក និង​រមណីយដ្ឋាន​ក្នុង​តំបន់​។

ផែនការ​មេនេះ គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ទៅជា​ «​ទីក្រុង Shenzhen ទី ២» ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ២០១៥-២០២៥​។

ទិន្នន័យ​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ឱ្យ​ដឹងថា ចាប់ពី​ឆ្នាំ ​១៩៩៤ ដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ខេត្ត​ព្រះសីហនុ​បាន​ទាក់ទាញ​ការវិនិយោគ​ជិត ៤ ​ពាន់​លាន​ដុល្លារ​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​ចំនួន ២០ ​បាន​បង្កើត​ឆ្នេរ និង​កោះ​ចំនួន ១១ ៦៣៧ ​ហិកតា​ជាមួយនឹង​ការវិនិយោគ​ដើមទុន​សរុប ៣,៩ ​ពាន់​លាន​ដុល្លារ​។

គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​ ២០២០ ខេត្ត​ព្រះសីហនុ​មាន​វត្តមាន​រោងចក្រ​ឧស្សាហកម្ម​ពាណិជ្ជកម្ម និង​សេវាកម្ម​ចំនួន​ ៩២២ ក្នុងនោះ​មាន​សណ្ឋាគារ ៩៨ ផ្ទះសំណាក់​ ២៦២ ភោជនីយដ្ឋាន ៣៤០ បឹងហ្គាឡូ ២៦ កន្លែង​ខារ៉ាអូខេ ៣៩​។ នៅ​ចន្លោះ​ឆ្នាំ ២០០៧ ទៅដល់​ខែកក្កដា​ឆ្នាំ​ ២០២០ គម្រោង​ចំនួន ៨១៩ ត្រូវបាន​អនុម័ត​ក្នុង​ខេត្ត​។ មុន​កូវីដ​ ១៩ ខេត្ត​ព្រះសីហនុ​បាន​ស្វាគមន៍ ភ្ញៀវទេសចរ​ប្រមាណ​ ២ ​លាន​នាក់​កាល​ឆ្នាំ​ ២០១៨ ផងដែរ​៕ LA

វីដេអូ៖