The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា-ថៃ ឯកភាព​បន្ត​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី

កម្ពុជា-ថៃ ឯកភាព​បន្ត​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី

Content image - Phnom Penh Post
កម្ពុជា-ថៃ ក្នុងកិច្ចប្រជុំនៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៦ ដល់​ ១៨ ​ខែធ្នូ​។ រូបថត ក្រសួង​ការបរទេស

កម្ពុជា-ថៃ ឯកភាព​បន្ត​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី

ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ថៃ​ជាថ្មី​ម្ដងទៀត​មិន​សម្រេចបាន​តាម​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​ ១៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ដំណាច់ឆ្នាំ​ ២០២១ ​នេះឡើយ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​បានអូសបន្លាយ​ពេលវេលា​ជិត​ ២ ​ឆ្នាំ​មកនេះ​។ ទោះបីជា​យ៉ាងណា ប្រទេស​ទាំង​ ២ ​បាន​ឯកភាព​ក្នុង​ការបន្ត​នូវ​គោលដៅ​នេះ​បន្ថែមទៀត​រហូតដល់​ឆ្នាំ​ ២០២៥​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា បាន​សន្យា​រួមគ្នា​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យសម្រេច​បាន​ ១៥ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០ ក្នុងឱកាស​នៃ​ការបើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា-ថៃ លើក​ទី​ ៣ នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៣ ​ខែកញ្ញា​ឆ្នាំ ២០១៧​។

យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​ ១១ (11th JC Meeting) ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (MFAIC) និង​លោក Don PRAMUDWINAI ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ កាលពី​ថ្ងៃទី​ ១៦ ដល់​ ១៨ ​ខែធ្នូ​នៅ​រាជធានី​ភ្នំពេញ រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​មធ្យោបាយ​នានា​ដែល​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​ពង្រីក​វិសាលភាព និង​ស្វែងរក​ឱកាស​បន្ថែមទៀត​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា​ និង​ថៃ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី MFAIC កាលពី​ថ្ងៃទី​ ២១ ​ខែធ្នូ​សរសេរថា​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​ពន្លឿន​ការបញ្ចប់​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ទំនិញ​ឆ្លងកាត់ ក៏ដូចជា​ពិភាក្សា​អំពី​នីតិវិធី​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ សម្រាប់​ការនាំចូល និង​នាំចេញ​ផលិតផល​កសិកម្ម​»​។

ភាគី​ទាំង​ ២ ​ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបើក​ច្រក​អន្តរជាតិ​ថ្មីៗ ដែល​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​កាន់តែ​រហ័ស​ និង​ប្រសើរ​ជាង​មុន​ព្រមទាំង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ជាមួយ​ប្រទេស​ថៃ​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​មួយ​របស់​កម្ពុជា​នៅក្នុង​តំបន់​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​មាន​ទំនុកចិត្ត​ថា ប្រទេស​ទាំង​ ២ ​អាច​សម្រេចបាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​ ១៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២៥»​។

លោក សុធា សម្បត្តិ ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ប្រចាំ​ប្រទេស​ថៃ (CBC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​ឆ្នាំ​ ២០២១ ​ថា ក្នុងនាម​តួនាទី​ជា​សាខា​ឯកជន​សម្រាប់​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក ស្ថាប័ន​របស់លោក​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាគម​ធុរកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​នាំយក​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​កាន់តែ​ច្រើន​ដាក់លក់​នៅ​ទីផ្សារ​ថៃ​។

លោក​ថា​៖ «​សម្រាប់​វិស័យ​ឯកជន យើង​នៅតែ​ចង់​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង ឱ្យទទួល​បាន​កំណើន ហើយ​យើង​នឹង​ស្វែងរក​មធ្យោបាយ ធ្វើឱ្យ​ប្រសើរឡើង​បន្ថែម​ទៀត​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​យើង​។ នៅពេលនេះ​យើង​គ្រោង​នឹង​ជំរុញ​ផលិតផល​ក្នុង​ស្រុក​របស់​យើង​ឱ្យមាន​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​ថៃ​»​។

លោក​លើកឡើងថា​៖ «​នៅ​ឆ្នាំ​ ២០២២ យើង​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ប្រចាំ​សប្តាហ៍​របស់​កម្ពុជា ដោយ​អនុញ្ញាត​ឱ្យ​ផលិតផល​របស់​យើង អាច​រកបាន​ដៃគូ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​នៅក្នុង​ប្រទេស​ថៃ​»​។

លោក​បន្ថែមថា​៖ «​យើង​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ​បន្ថែមទៀត​ជាមួយ​សមាគ​មធុរកិច្ច​ថៃ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​យើង ដូច្នេះ​វា​នឹង​រួមចំណែក​កាត់បន្ថយ​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ថៃ​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​បាន​កើនឡើង​ដល់ ៥,៩៧ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ កើនឡើង ១៨ ភាគរយ​ធៀប​នឹង​រយៈពេល ដូចគ្នា​កាលពី​ឆ្នាំមុន​ពី​ ៥,០៨ ពាន់​លាន​ដុល្លារ​។ នេះ​យោងតាម​របាយការណ៍​បាន​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​។

ដោយ​ក្នុងនោះ ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ​មានតម្លៃ ៦៨៧ ​លាន​ដុល្លារ​ធ្លាក់ចុះ ២៨ ​ភាគរយ​ពី ៩៥៨ ​លានដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ការនាំ​ចូល​ពី​ថៃ​មាន​ចំនួន​ ៥,២៨ ​ពាន់​លានដុល្លារ កើនឡើង ១៤ ភាគរយ​ពី ៤,៦១ ពាន់​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕LA

អត្ថបទគួរចាប់អារម្មណ៍