ភ្នំពេញៈ ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទិក ​(​ខេមបូឌា) ​ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ទិញយក​ភាគហ៊ុន​ចំនួន ៤៥,០៩ ​ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី​ (​ភីភីអេសភី​) ដើម្បី​ក្លាយជា​ភាគហ៊ុន​ដែលមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ច្រើន​លើសលប់​។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២១ លោក គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ជា​ប្រធាន​ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទិក​ (​ខេមបូឌា​) បានឱ្យដឹងថា ការវិនិយោគ​ភាគហ៊ុន​នេះ គឺជា​ការបោះ​ជំហាន​មួយ​ដ៏មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​។ លោក​បន្តថា ភីភីអេសភី គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅក្នុង​ចំណោម​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដំបូង​គេ និង​ធំជាងគេ​នៅ​កម្ពុជា ដែល​បានរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការពាំនាំ​យក​ក្រុមហ៊ុន​ផលិត និង​សេវាកម្ម​ចំនួន​ជាង ៩៥ ​ក្រុមហ៊ុន​មកពី ១២ ​ប្រទេស​។

បើតាម​លោក គិត ម៉េង តំបន់​សេដ្ឋកិច្ច​ពិសេស​បានផ្តល់​សេវាកម្ម​ដល់​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន សិង្ហបុរី ចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និង​អូស្ត្រាលី​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា គ្រឿងបន្លាស់​រថយន្ត សម្លៀកបំពាក់ អាហារ និង​ភេសជ្ជៈ និង​ផលិតផល​ប្លាស្ទិក ផលិតផល​អេឡិចត្រូនិក និង​គ្រឿងអលង្ការ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​ការវិនិយោគ​នេះ​ទៀតសោត យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នកគ្រប់គ្រង​របស់ ភីភីអេសភី ដើម្បី​នាំមក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ ការគ្រប់គ្រង និង​យុទ្ធសាស្ត្រ​អាជីវកម្ម និង​អ្នកវិនិយោគ​បន្ថែមទៀត ដើម្បី​បន្ត​អភិវឌ្ឍ​ក្រុមហ៊ុន និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប្រទេសជាតិ​ផងដែរ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អ៊ិនធើ ឡូជីស្ទិក​ (​ខេមបូឌា​) ​បាន​បញ្ជាក់ថា ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី គឺជា​ក្រុមហ៊ុន​ដែល​ជួយ​រៀបចំ និង​ជា​ឈ្មួញ​ជើងសា​នៃប្រតិបត្តិ​ការទិញ-លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា ក្រុមហ៊ុន ភីភីអេសភី គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​បុគ្គលិក​បរទេស​ប្រមាណ ៣២ ០០០ ​នាក់ (​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០២១ និង​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ក្រុមហ៊ុន ដែល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដូចជា​ការលើកលែង​ពន្ធគយ ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​ផ្សេងៗ​ទៀត ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ភ្លើង វត្ថុធាតុដើម និង​ធនធាន​ផ្សេងៗ​ទៀត ដែល​បង្កើត​ការប្រកួតប្រជែង​ក្នុង​ការនាំចេញ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ​។

ក្រុមហ៊ុន ភីភីអេសភី កាល​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ​ ២០០៦ បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​អាជីវកម្ម​ចម្បង​ពី​ការអភិវឌ្ឍ​ដី​ឧស្សាហកម្ម​សម្រាប់​លក់ និង​ជួល​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​ក៏មាន​ការផ្តល់​សេវាកម្ម​ផ្សេងទៀត​ដល់​ក្រុមហ៊ុន​ដែល​នៅក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស ភីភីអេសភី ​ផងដែរ ដែល​រួមមាន​ដូចជា ការផ្គត់ផ្គង់ និង​ចែកចាយ​ទឹកស្អាត ការថែទាំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ផ្តល់​ប្រឹក្សា​យោបល់ ជំនួយ​កិច្ចការរដ្ឋបាល ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ និង​សេវាកម្ម​ដទៃទៀត​។

ភីភីអេសភី បាន​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១៦​។

ប្រតិបត្តិការ​ទិញ​លក់​ភាគហ៊ុន​នេះ បាន​ទទួល​ការអនុញ្ញាត​យល់ព្រម​ពី​និយតករ​មូលបត្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២១ តាម​លិខិត​លេខ ២០៥០ ៥១ ខ.ម.ក.។

លោក ហុង សុហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​ប្រាប់ថា ការទិញ-លក់​ភាគហ៊ុន​បែបនេះ គឺជា​រឿង​ធម្មតា​ដែល​ម្ចាស់​អាជីវកម្ម​មួយ​អាច​ផ្ទេរ​ភាគហ៊ុន​ខ្លួន​ទៅឱ្យ​ម្ចាស់​អាជីវកម្ម​មួយទៀត ទោះបី​ក្រុមហ៊ុន​នោះ​ចុះបញ្ជី​នៅក្នុង​ផ្សារហ៊ុន ឬក៏​មិន​ចុះ​ក៏ដោយ​។ ប៉ុន្តែ​នៅពេល​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន វារឹតតែ​ស្រួល​មួយកម្រិត​ទៀត ជាពិសេស​សុវត្ថិភាព និង​ទទួលបាន​តម្លៃ​សមរម្យ​។

លោក​ថ្លែងថា​៖ «​ពួកគាត់​បាន​ឯកភាព​គ្នា​រួចហើយ អ៊ីចឹង​ពួកគាត់​ត្រូវបំពេញ​នីតិវិធី​មួយចំនួន​មុននឹង​ប្រតិបត្តិការ​នេះ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​។ ដោយសារ​នេះ​គឺជា​ការផ្ទេរ​ភាគហ៊ុន​ទ្រង់ទ្រាយ​ធំ ត្រូវតែ​បំពេញ​នីតិវិធី​ជាមួយ​ទីផ្សារ​មូលបត្រ ដើម្បី​ដោះដូរ​ភាគហ៊ុន​ឱ្យបាន​ចប់សព្វគ្រប់ និង​ត្រឹមត្រូវ​តាម​នីតិវិធី​របស់​យើង​»​។

បើតាម​លោក ហុង សុហួរ ក្រុមហ៊ុន អ៊ិនធើឡូជីស្ទិក​ (​ខេមបូឌា) ដែល​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី​ (​ភីភីអេសភី​) ​នេះ​ក៏​អាច​លក់​ទៅវិញ​នៅពេល​សមស្រប​ណាមួយ​ក៏បាន​ដែរ ដោយ​គ្មាន​ការដាក់​កំហិត​ថា ទិញ​ហើយ មិនអាច​លក់​វិញ​បាន​នោះទេ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ឱ្យស្រប​ទៅតាម​ច្បាប់ និង​នីតិវិធី​ក្នុង​ការទិញ​លក់​៕ LA