ភ្នំពេញៈ ការនាំចេញ-នាំចូល​ទំនិញ​ (​ដកមាស​) ​របស់​កម្ពុជា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នានា​លើ​ពិភពលោក​រយៈពេល ៣ ​ត្រីមាស​ឆ្នាំ​ ២០២១ បាន​កើនឡើង​ព្រម​គ្នា​ក្នុង​រង្វង់​ជាង ២០ ​ភាគរយ ដោយ​មាន​តម្លៃ​សរុប​ ២៩ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​ របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹងថា ទោះបី​សេដ្ឋកិច្ចកម្ពុជា​នៅ​បន្ត​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ដែល​បានអូសបន្លាយ​ពេល​យ៉ាងយូរ និង​បានដាក់​សម្ពាធ​ទៅលើ​សូចនាករ​សំខាន់ៗ​នៃ​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះទេ​។

ទិន្នន័យ​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ទំនិញ​ (​ដកមាស​) ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១២,៦៩ ​ពាន់​លាន​ដុល្លារ​កើនឡើង ២៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ កំណើន​នេះ គឺ​ទទួលបាន​ពី​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​, កង់​, គ្រឿងសង្ហារិម​, ស្បែក​សត្វ​មាន​រោម​, កៅស៊ូ​, ក្តារ​កុងប្លាកេ​, ផ្ទាំង​សូឡា​, គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម​។ ចំណែក​ការនាំ​ចូល​ទំនិញ​ (​ដកមាស​) ​មាន​ទឹកប្រាក់ ១៦,៥ ​ពាន់​លាន​ដុល្លារ​ (​ស្មើ ៥៧,៦ ​ភាគរយ​នៃ​ ផ.ស.ស) ​កើនឡើង​ ២៦,៥ ​ភាគរយ​ដែល​រួមចំណែក​សំខាន់​ពី​ការនាំចូល​ក្រណាត់​, គ្រឿងសំណង់ និង​ប្រេងឥន្ធនៈ ជាដើម​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹងថា​៖ «​សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បាន​រំពឹងថា នឹងមាន​កំណើន​វិជ្ជមាន​នៅក្នុង​ឆ្នាំ​ ២០២១ នេះ ដោយសារ​តែ​ការងើបឡើង​វិញ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល​, សេដ្ឋកិច្ច​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា បូករួម​ជាមួយ​ការជំរុញ​ពី​វិស័យ​មួយចំនួន​ដូចជា កសិកម្ម​, កម្មន្តសាល​មិនមែន​កាត់ដេរ​, ដឹកជញ្ជូន និង​គមនាគមន៍ និង​លទ្ធភាព​នៃ​ការបញ្ជាទិញ និង​រោងចក្រ​កាត់ដេរ​ពី​ប្រទេស​មីយ៉ាន់ម៉ា មក​កម្ពុជា​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​ថា កំណើន​ការនាំចេញ និង​នាំចូល​បានបញ្ជាក់​ពី​ភាពរឹងមាំ​នៃ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា ទោះ​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ លោក​បន្តថា កំណើន​ទឹកប្រាក់​នាំចេញ​អាច​បាន​ពី​កត្តា​មួយចំនួន​ដូចជា សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក និង​ការបញ្ជាទិញ​ពី​ដៃគូ​ធំៗ​។

លោក​ប្រាប់​ទៀត​ថា ចំណែក​កំណើន​នៃ​ការនាំចូល គឺ​ភាគច្រើន​ជា​វត្ថុធាតុដើម​ទ្រទ្រង់​ដល់​ដំណើរការ​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​តែប៉ុណ្ណោះ​។

លោក​បន្ថែមថា​៖ «​បើទោះបី​ចំនួន​នេះ​នៅ​មិនទាន់​ច្រើន​ដូច​អំឡុង​ឆ្នាំ​ ២០១៩ ប៉ុន្តែ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ សម្រាប់​ជញ្ជីង​ពាណិជ្ជកម្ម​ដែលមាន​ឱនភាព វា​មិនមែន​ជា​ក្តីបារម្ភ​ទេ ព្រោះ​យើង​មិនអាច​យក​ជញ្ជីង​នេះ​មក​ធ្វើជា​រង្វាស់​បានទេ ជាក់ស្តែង​ជញ្ជីងពាណិជ្ជកម្ម​របស់​អាមេរិក គឺមាន​ភាពអវិជ្ជមាន​រហូត​ចាប់តាំងពី​ឆ្នាំ​ ១៩៤៥ មក​»​។

យោងតាម​លោក សេរីវឌ្ឍន៍ ក្នុង​ជញ្ជីងទូទាត់ គឺមាន​គណនី​ចំនួន ៣ រួមមាន Current Account (​ការធ្វើ​ពាណិជ្ជកម្ម​, លំហូរ​មូលធន និង​ជំនួយ​), Capital Account និង Financial Account​។

ទាក់ទង​នឹង​ឥទ្ធិពល​ជំងឺ​កូវីដ ១៩ អូមីក្រុង ដែល​កំពុង​ចាប់ផ្តើម​រីកសាយភាយ​នាពេលនេះ លោក សេរីវឌ្ឍន៍ បាន​និយាយថា ប្រាកដជា​នឹងមាន​ឥទ្ធិពល​អវិជ្ជមាន​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​សកល ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​នឹង​មិនសូវមាន​ផលប៉ះពាល់​សម្រាប់​ការនាំចេញ​ទេ ព្រោះ​ផលិតផល​ដែល​កម្ពុជា​នាំចេញ​ភាគច្រើន​ជា​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា សម្លៀកបំពាក់ វត្ថុ​ធាតុដើម និង​ផលិតផល​កសិកម្ម​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ថា ទោះបីជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទខ្ទប់​តំបន់ និង​រោងចក្រ​មួយចំនួន​ ដើម្បី​កាត់ផ្តាច់​ការចម្លង​ជំងឺ​កូវីដ​ ១៩ ក៏​មិនបាន​ធ្វើឱ្យ​ការនាំចេញ និង​នាំចូល​ទំនិញ​របស់​កម្ពុជា​ធ្លាក់ចុះ​នោះទេ​។ នេះ​ជា​សញ្ញា​បញ្ជាក់ថា ផលិតផល​កម្ពុជា​ទទួល​បាន​ការគាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​អន្តរជាតិ​។

លោក​អះអាងថា​៖ «​បន្ថែម​ពីលើ​នេះ កម្ពុជា​រំពឹងថា ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​នីតិវិធី​ក្នុង​ការសម្រួល​ពាណិជ្ជកម្ម ព្រមទាំង​ការចូល​ជា​ធរមាន​ជា​បន្ត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​នឹង​ជួយ​ឱ្យ​កម្ពុជា​មាន​ទីផ្សារ​បញ្ជា​ទិញ​កាន់តែច្រើន​ចាប់ពី​ពេលនេះ​តទៅ​»​។

ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ ១៧,២១ ​ពាន់​លាន​ដុល្លារ កើន ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ និង​ការនាំចូល​មាន​តម្លៃ ១៨,៥៩ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧,៨៤ ​ភាគរយ​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​៕ LA