កាលពី​មុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិន​ធ្លាប់បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ទេ រហូត​ដល់ពេល​ផ្ទុះឡើង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ដែលនាំឱ្យ​សាលារៀន​បិទទ្វារ​នៅ​ឆ្នាំ​ ២០២០​។

ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​នេះ ការបង្រៀន​ត្រូវបាន​ធ្វើតាម​អនឡាញ ហើយ​សាលា​បាន​ចាប់ផ្ដើម​ប្រើ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដែល​បង្កើតឡើង​ និង​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន មិត្តហ្វូន សម្រាប់​សាលារៀន​នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ដល់​សកម្មភាព​រៀន និង​បង្រៀន​។

នៅក្នុង​បរិបទ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​ការបង្រៀន​ធ្វើឡើង​តាម​អនឡាញ ប្រព័ន្ធ SIS បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ការរៀនសូត្រ​របស់​សិស្ស​ផង និង​ដល់​ការងារ​បង្រៀន​របស់​គ្រូ​ផង​។ SIS គឺជា​កម្មវិធី​មួយ​សម្រាប់​រក្សាទុក​ឯកសារ​នៅ​មួយកន្លែង​ដែល​ងាយស្រួល​ក្នុង​ការស្រាវជ្រាវ​ស្វែងរក ដោយ​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ព័ត៌មាន​ជាច្រើន​អាច​រកឃើញ​ភ្លាម ។

ប្រព័ន្ធ​នេះ​ក៏​ជួយ​ទប់ស្កាត់​មិនឱ្យ​ឯកសារ​បាត់​ ឬ​ខូចខាត​ដោយសារ​សត្វល្អិត ទឹក ឬ​ក្រដាស​ពុកផុយ​ជាដើម ។ ជាមួយ​គ្នា​នេះដែរ ប្រព័ន្ធ​បណ្ណសារ​ឌីជីថល ជួយ​រក្សាទុក​ព័ត៌មាន​របស់​សាលារៀន​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព​ជាង​មុន​។

យោងតាម​លោក ម៉ម សុធានី នាយក​វិទ្យាល័យ ហ៊ុន សែន សេរីភាព បានឱ្យ​ដឹងថា អ្វីៗ​មាន​ភាពងាយស្រួល​ជាង​មុន នៅពេល​ដែល​សាលា​បាន​ងាក​មកប្រើប្រាស់​ប្រព័ន្ធ SIS​។ ទាំង​គ្រូបង្រៀន​ និង​សិស្ស​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​នេះ​។

លោកនាយក ម៉ម សុធានី មានប្រសាសន៍​ថា​៖ «​ឥឡូវនេះ លោកគ្រូ​អ្នកគ្រូ​អាច​បញ្ចូល​ពិន្ទុ​សិស្ស​នៅក្នុង​ប្រព័ន្ធ​បាន​។ សិស្ស​អាច​តាមដាន​កាលវិភាគ​សិក្សា និង​ថ្នាក់រៀន​របស់ខ្លួន​បាន​។ ប្រព័ន្ធ​នេះ​ងាយស្រួល​ក្នុង​ការប្រើប្រាស់​នៅពេល​យើង​យល់ដឹង​អំពី​វា​»​។

អ្នកគ្រប់គ្រង​រដ្ឋបាល​សាលា គឺ​លោក ឈិន គឹមហេង បាន​ថ្លែងថា​៖ «​អ្វីៗ​កាន់តែ​ស្រួល​ប្រើប្រាស់​ជាង​មុន​ជាមួយ​នឹង​ប្រព័ន្ធ SIS​។ កាលពីមុន កិច្ចការ​ខ្លះ​ដែល​ចំណាយពេល​ ៣០ ​នាទី ទៅមួយ​ម៉ោង​ដូចជា​ការបញ្ចូល​ពិន្ទុ​ប្រចាំឆ្នាំ ឥឡូវនេះ​ចំណាយពេល​ត្រឹមតែ​ ៥ ​នាទី​ប៉ុណ្ណោះ​»​។

ប្រព័ន្ធ SIS ដែល​ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន​មិត្តហ្វូន គឺ​ត្រូវបាន​អភិវឌ្ឍ​ឡើង​សម្រាប់​ដាក់ពង្រាយ​ទៅគ្រប់​សាលារៀន​នៅតាម​ទីជនបទ ដែល​ត្រូវ​ការប្រើ​ប្រព័ន្ធ​នេះ​ជា​ចាំបាច់​បំផុត​។

ប្រធាន​ផ្នែក​ទទួលបន្ទុក​ប្រព័ន្ធ SIS នៅ​ក្រុមហ៊ុន​មិត្តហ្វូន​បាន​ឱ្យ​ដឹងថា​៖ «​យើង​នឹងដាក់​ពង្រាយ​ និង​គាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ ដោយ​ប្រើ​ប្រព័ន្ធ SIS នេះ​ដោយ​ផ្ដល់​ស៊ីមកាត​ដែល​ប្រើ​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ ដើម្បី​ឱ្យ​សិស្សានុសិស្ស​អាច​រៀនសូត្រ​ដោយ​មិនចាំបាច់​បារម្ភ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​ឡើយ​»​។

មិត្តហ្វូន បាននិង​កំពុង​នាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌីជីថល​ជាតិ​របស់ខ្លួន​។ កន្លងមក ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់ៗ ដើម្បី​អនុវត្ត​គម្រោង​ឌីជីថលូបនីយកម្ម​នៅក្នុង​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ សុខាភិបាល និង​ដឹកជញ្ជូន​។

ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល មិត្តហ្វូន មាន​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ធំជាងគេ​បំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ៩ ​លាន​នាក់ នៅ​ទូទាំង​ប្រទេស​៕