កម្ពុជា​ទទួលបាន​នូវ​បទពិសោធ​ទេសចរណ៍​បែប​ឌីជីថល 4.0 ពី​បច្ចេកវិទ្យា​ប្រកបដោយ​ភាពច្នៃប្រឌិត និង​ដំណោះស្រាយ​ការទូទាត់​តាមរយៈ​ភាព​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ វីង និង ក្រុមហ៊ុន​ វ៉នឌើរផាស!

ក្រុមហ៊ុន វ៉នឌើរផាស ថេកណឡជី ឯ.ក បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ ក្រុមហ៊ុន វីង ម៉ាន់នី​ (​ខេមបូឌា) ​ម.ក ដើម្បី​សហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងការ​ជំរុញ​ការទូទាត់​តាម​ឌីជីថល​ក្នុង​យុគសម័យ​ទំនើប​នៃ​វិស័យ​ទេសចរណ៍​ឌីជីថល​នៅ​កម្ពុជា​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ក្រុមហ៊ុន​ វីង និង​លោក Frederic H. Proulx ​ប្រធាន​ក្រុមហ៊ុន វ៉នឌើរផាស​ និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កាណាដា​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហការ​រវាង​ក្រុមហ៊ុន វ៉នឌើរផាស​ និង​ក្រុមហ៊ុន​ វីង ដើម្បី​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់ ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដំណោះស្រាយ​ទូទាត់​ឧបករណ៍​ពាក់​ដៃ សំបុត្រ​ឆ្លាត​វៃ ក៏ដូចជា​ឌីជីថលភាវូនីយកម្ម​នៃ​បទពិសោធន៍​ភ្ញៀវទេសចរ​ក្នុងអំឡុងពេល​ក្រោយ​កូវីដ​។

លោក ម៉ានូ រ៉ាចាន់ បាន​មានប្រសាសន៍​ថា​៖ «​ដំណោះស្រាយ​ឌីជីថល​ជួយ​អ្នកទេសចរ​ឱ្យ​រៀបចំ​ផែនការ​ធ្វើដំណើរ​របស់​ពួកគេ ហើយ​ថែមទាំង​ជួយ​ឱ្យ​ការទូទាត់​បាន​លឿន មាន​សុវត្ថិភាព និង​មាន​ការការពារ នៅមុន​ពេល អំឡុងពេល និង​ក្រោយពេល​ការធ្វើ​ដំណើរ​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ដំណោះស្រាយ​នៃ​ការទូទាត់​បែប​ឌីជីថល​ប្រកប​ដោយ​ភាពច្នៃប្រឌិត និង​ទូលំទូលាយ​របស់​ វីង​។ ភាពជា​ដៃគូ​នៅថ្ងៃនេះ​នឹង​អនុញ្ញាត​ឱ្យ​ពួកយើង​ពង្រីក​ដំណោះស្រាយ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការទូទាត់​តាម​ឌីជីថល​របស់​យើង ដើម្បី​គាំទ្រ​ដល់​ការស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ប្រទេស​នេះ​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​»​។

ខ្សែដៃ​ វ៉នឌើរផាស អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ធ្វើការ​ទូទាត់​ដោយ​មិនចាំបាច់​ប្រើ​សាច់ប្រាក់​ផ្ទាល់​ជាមួយ​ហាង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​សេវាកម្ម​ទូទាត់​តាម​ឌីជីថល​របស់​ វីង​។

លោក​ Frederic H. Proulx ​បាន​មានប្រសាសន៍​ថា​៖ «​ការវិវត្ត​នៃ​ការធ្វើដំណើរ​ជា​សាកល ដែលជា​ផែនការ​ទេសចរណ៍​បែប​ឌីជីថល​ 4.0 គឺជា​ចំណុច​សំខាន់​មួយ​ដែល​ វ៉នឌើរផាស ​អាចជា​ដំណោះស្រាយ​ដ៏មាន​ប្រសិទ្ធភាព​សម្រាប់​អាជីវកម្ម​ និង​ប្រតិបត្តិករ​ទេសចរណ៍​កម្ពុជា នៅពេល​ដែល​ពួកគេ​កំពុង​ប្រកួតប្រជែង​នៅក្នុង​តំបន់ តាមរយៈ​ការផ្តល់​នូវ​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ដ៏រលូន និង​ងាយស្រួល​បំផុត​សម្រាប់អ្នកទេសចរ​»​។

វ៉នឌើរផាស ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ភាពជា​ដៃគូ​ដែលមាន​គោលបំណង​ប្រតិបត្តិ និង​ផ្សព្វផ្សាយ​ប្រព័ន្ធ​លក់​សំបុត្រ​នៅតាម​តំបន់​ទេសចរណ៍ និង​គោលដៅ​នានា​របស់​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ «Visit Cambodia» ​និង «Kingdom of Wonder»​។

ក្រុមហ៊ុន​ វីង ​និង​ក្រុមហ៊ុន វ៉នឌើរផាស មាន​ឆន្ទៈ​ក្នុង​ការប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ក្នុង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ដំណោះស្រាយ​ការទូទាត់​តាម​ឌីជីថល ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ វីង ​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ភ្នាក់ងារ​ វីង ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ធ្វើ​ការដក​ប្រាក់​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ខណៈដែល​កម្មវិធី​ស្មាតហ្វូន​ វីង ផ្តល់នូវ​ដំណោះស្រាយ​ទូទាត់​តាម​ឌីជីថល​ជាច្រើន​។ ក្រុមហ៊ុន​ វ៉នឌើរផាស​ គឺជា​ក្រុមហ៊ុន​ដែល​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍ និង​លក់​សំបុត្រ​ឆ្លាត​វៃ​ដោយ​មិនបាច់​ប្រើ​សាច់ប្រាក់​ផ្ទាល់ ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ HaystackFund ​ដែលជា​ក្រុមហ៊ុន​មូលធនវិនិយោគ​សាកល​។ ក្រុមហ៊ុន Haystack Fund ​បានដាក់​ទុន​ជា​ទឹកប្រាក់​ជាង​ ២ ​លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិយោគ​លើ​ការបណ្តាក់ទុន​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ ១ ​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​ វ៉នឌើរផាស ថេកណឡជី​៕