ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ (SME Bank) គ្រោង​នឹង​អនុវត្ត​ការផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដោយ​មិនចាំបាច់​ដាក់​ទ្រព្យ​ធានា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​កាត់បន្ថយ​ការលំបាក និង​ឧបសគ្គ​នានា​របស់ SMEs នៅពេល​មាន​តម្រូវការ​ឥណទាន​ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​។

ក្នុង​វេទិកា​ពិភាក្សា​ «​បញ្ហា​ប្រឈម និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» នៅ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​ ៨ ឆ្នាំ​ ២០២១ នា​ថ្ងៃទី​ ២២ ខែធ្នូ លោក លឹម អូន អគ្គនាយក​នៃ SME Bank បាន​លើកឡើង​ថា ជាទូទៅ​ក្នុងប្រទេស​កម្ពុជា ធនាគារ​ភាគច្រើន​តែង​ទទួល​អចលនវត្ថុ​ ដើម្បី​ជា​ទ្រព្យ​ធានា​ក្នុង​ការទទួល​បាន​ឥណទាន​។

លោក លឹម អូន បាន​ថ្លែង​បន្ត​ថា រដ្ឋាភិបាល​បាន​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ដើម្បី​ជួយ​សម្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​មួយចំនួន​ដែល​លំបាក​ក្នុង​ការទទួល​បាន​ឥណទាន ដោយសារ​គ្មាន​ទ្រព្យ​បញ្ចាំ​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ក្របខ័ណ្ឌ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក្រុមប្រឹក្សា​បាន​ណែនាំ​ឱ្យមាន​ការសិក្សា​ពី​លទ្ធភាព​ក្នុង​ការផ្តល់​ឥណទាន​ដោយ​មិន​យក​ទ្រព្យ​បញ្ចាំ ដោយ​បច្ចុប្បន្ន ក្រុមការងារ​កំពុង​ធ្វើការងារ​នេះ តែ​ស្ថិតក្នុង​លក្ខខណ្ឌ​ដែលមាន​ការពិចារណា​នៅឡើយ​»​។

យ៉ាងណា​ក៏ដោយ អគ្គនាយក SME Bank រូបនេះ​លើកឡើង​ថា នឹងសិក្សា​លើ​លក្ខខណ្ឌ​ទាំងអស់​ឱ្យ​បាន​ច្បាស់លាស់​ជាមុនសិន​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹងថា SME នៅ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅក្នុង​អាជីវកម្ម​ដែលជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោកស្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន​ដូចជា​ការខ្វះខាត​ជំនាញ​គ្រប់គ្រង និង​ពលកម្ម​ជំនាញ​, ការខ្វះខាត​ប្រភព​ទុន និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​, ការខ្វះខាត​ផ្នែក​ព័ត៌មាន​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​, ការប្រកួតប្រជែង​ពី​សហគ្រាស​ធំៗ​ និង​ពី​ការនាំចូល​ទំនិញ​ពី​បរទេស​ជាដើម​»៕ LA