ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ឯកសារ​ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣» សំដៅ​ជំរុញ​កំណើន​សង្គម​សេដ្ឋកិច្ច​ជាតិ ប្រកបដោយ​ភាពធន់​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់ឱ្យ​អនុវត្ត​កម្មវិធី​នេះ​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២១ បាន​ឱ្យ​ដឹងថា ឯកសារ​ដ៏មាន​សារៈសំខាន់​នេះ គឺជា​មូលដ្ឋានគ្រឹះ និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ និង​វិធានការ​សកម្មភាព​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ពេល​ចំពោះមុខ និង​រយៈពេល​មធ្យម​។ ឯកសារ​នេះ​សំដៅ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ត្រឡប់​ទៅរក​កំណើន​សក្តានុពល​របស់ខ្លួន និង​ម្យ៉ាងទៀត​សំដៅ​ពង្រឹង​ភាពធន់​សម្រាប់​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាបន្ន​ក្នុង​រយៈពេល​វែង​ផងដែរ​។

លោក​បន្តថា ក្នុង​រយៈពេល ២ ​ឆ្នាំ​នៃ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ កន្លង​មក​នេះ​គ្រប់គ្នា​អាច​កត់សម្គាល់ឃើញ​យ៉ាងច្បាស់​នូវ​ផលវិបាក​អវិជ្ជមាន ដែល​កើតចេញ​ពី​វិបត្តិ​នេះ​ទៅលើ​ស្ថានភាព​សង្គម- សេដ្ឋកិច្ច​កម្ពុជា​។ ក្រៅពី​ការគំរាមកំហែង និង​ឆក់យក​ជីវិត​របស់​ប្រជាជន វិបត្តិ​នេះ​បាន​លាតត្រដាង​នូវ​ចំណុច​ផុយស្រួយ​មួយចំនួន​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា ដែល​ងាយ​នឹង​ទទួល​រង​នូវ​ផលប៉ះពាល់​ពី​កត្តា​ខាងក្រៅ​។

លោក​បាន​ពន្យល់ថា ជាក់ស្តែង​ការបន្ទច់បង្អាក់​ទៅលើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ក៏ដូចជា​ការថមថយ​នៃ​តម្រូវការ​ការបញ្ជា​ទិញ​ផលិតផល​កម្ពុជា ក្រោយ​ការដាក់ចេញ​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នានា​ពី​សំណាក់​បណ្តា​ប្រទេស​នៅលើ​សកលលោក គឺជា​សក្ខីភាព​ដែល​បង្ហាញថា ស្ថិរភាព​របស់​វិស័យ​ចន្ទល់​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ការពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​និន្នាការ​សេដ្ឋកិច្ច​តំបន់ និង​សកល​។

លោក​បន្តថា រាជរដ្ឋាភិបាល​ក៏​នឹង​បន្ត​ផ្តល់​ការអនុគ្រោះ​ផ្នែក​ពន្ធ​ដូចដែល​បាន​ដាក់​ចេញ​វិធានការ​ទាំង ១០ ​ជុំ​កន្លងមក​សម្រាប់​ឆមាស​ទី​ ១ ឆ្នាំ ២០២២ ដល់​ប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​អាកាសចរណ៍​ដែល​បាន​រង​នូវ​ផលប៉ះពាល់​ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ ដើម្បី​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​ធុរជន​ពាក់ព័ន្ធ និង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​។

រាជរដ្ឋាភិបាល​ក៏បាន​ត្រៀម​ថវិកា ២៥០ ​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​ ២០២២ សម្រាប់​ផ្តល់​ឥណទាន​ដោយ​ត្រង់​ទៅ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធនាគារ​អភិវឌ្ឍ​កសិកម្ម ដែលមាន​អត្រា​ការប្រាក់​ទាប​ផងដែរ​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ថ្លែងថា ការដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ឯកសារ​ខាងលើ​គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត​ក្នុង​ការជំរុញ​កំណើន​សង្គម​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរការ តាមរយៈ​ការរស់នៅ​ជាមួយ​នឹង​កូវីដ​ ១៩​។

លោក​ពន្យល់ថា ទោះ​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​ផ្ទុះឡើង នៅក្នុង​ប្រទេស​ក៏​នៅតែ​អាច​ដំណើរការ​សេដ្ឋកិច្ច​បាន​ដោយមាន​ប្រព័ន្ធគ្រប់គ្រង​សេដ្ឋកិច្ច នៅក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩​។ មួយវិញទៀត ពាក់ព័ន្ធ​នឹង​រាជរដ្ឋាភិបាល​លើកលែង​ពន្ធ​ទៅដល់​វិស័យ​សំខាន់ៗ ជាពិសេស​វិស័យ​ទេសចរណ៍​មួយរយៈ​ពេល​ទៀត​ក្នុង​គោលបំណង​លើកកម្ពស់​ឱ្យ​វិស័យនេះ​មានដំណើរ​ការឡើង​វិញ​៕ LA