ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យ​ដឹងថា ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​តាម​ថ្នាល​អេឡិចត្រូនិក​មាន​ប្រមាណ ១១ ០៦៨ គិត​ត្រឹម​ថ្ងៃទី​ ២១ ខែធ្នូ​ ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​ចាប់តាំងពី​ការបើក​ដំណើរការ​អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ​កន្លង​មក​នេះ​។

កាលពី​ថ្ងៃទី​ ១ ខែ​កញ្ញា រដ្ឋាភិបាល​កម្ពុជា​បានឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​តាម​អនឡាញ​ដំណាក់កាល​​ទី​ ២ ដែល​គេ​ស្គាល់​ថា "​ច្រក​តែមួយ​" ដោយ​បន្ថែម​ស្ថាប័ន​ថ្មី​ចំនួន​ ៤ ​ទៀត​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម និង​ច្បាប់​អនុញ្ញាត​នានា​ក្នុង​ប្រព័ន្ធ​នេះ​តែម្តង​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​នឹង​ការចុះបញ្ជី​អាជីវកម្ម​សរុប​ចំនួន ១១ ០៦៨ ក្នុង​នោះ​មាន ១០ ២១៤ ត្រូវបាន​អនុម័ត​រួចរាល់ និង ៨៥៤ កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​។ ក្នុងពេល​ជាមួយ​គ្នា​នេះដែរ ចំនួន​ក្រុមហ៊ុន​កក់​ទុក​ចំនួន ៨ ២៨០ ដែល​ក្នុងនោះ ៧ ៩៨៦ ត្រូវបាន​អនុម័ត និង ២៩៤ កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​ ២០២១ ថា ជាមួយ​នឹង​បរិយាកាស​ធុរកិច្ច​ល្អ គួបផ្សំ​នឹង​ការចេញ​ច្បាប់​វិនិយោគ​ថ្មី​នាពេល​ថ្មីៗ​នេះ ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង គឺជា​កត្តា​សំខាន់​។ ដើម្បី​ជំរុញ​អាជីវកម្ម​ថ្មីៗ​បន្ថែមទៀត​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ការកើនឡើង​ចំនួន​នៃ​ការចុះបញ្ជី​អាជីវកម្ម​ថ្មី​កំពុង​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ថ្នាល​ចុះបញ្ជី​តែមួយ​ដែល​ធ្វើឱ្យ​យើង​សន្សំ​ពេលវេលា​កាន់តែ​ច្រើន កាត់បន្ថយ​ការពង្រីក​ដែល​មិនចាំបាច់ និង​ភាពស្មុគស្មាញ​នៃ​ឯកសារ ព្រមទាំង​ការិយាធិបតេយ្យ​សម្រាប់​អ្នកវិនិយោគ និង​ពាណិជ្ជករ​»​។

លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក៏បាន​ទទួលស្គាល់ថា ការដាក់ឱ្យ​ដំណើរការ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត គឺជា​ការធ្វើឱ្យ​ប្រសើរឡើង​ច្រើន និង​បាន​កាត់បន្ថយ​ពេលវេលា ការចំណាយ និង​ការិយាធិបតេយ្យ​យ៉ាងច្រើន​។

លោក​បាន​បន្តថា​៖ «​សមិទ្ធផល​ដ៏សំខាន់​នេះ​បាន​ជំរុញ​កម្ពុជា​ឈានដល់​កម្រិត​ដូច​ប្រទេស​សិង្ហបុរី ដោយបាន​ផ្តល់​ភាពងាយស្រួល​ក្នុង​ការចុះបញ្ជី​ក្រុមហ៊ុន​»៕ LA