ភ្នំពេញៈ កម្ពុជា​រំពឹងថា នឹង​អាច​ធ្វើការ​នាំចេញ​ដោយផ្ទាល់​នូវ​ផលិតផល​ផ្លែមៀន​ប៉ៃលិន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​អគ្គរដ្ឋបាល​គយ​ប្រទេស​ចិន​នឹង​ធ្វើការ​វាយតម្លៃ និង​វិភាគ​ហានិភ័យ​ក្នុង​សប្តាហ៍​ទី​ ១ នៃ​ខែមករា ឆ្នាំ​ ២០២២ ខាងមុខ​តាមរយៈ​ប្រព័ន្ធ​វីដេអូ បន្ទាប់ពី​ការស្នើសុំ​របស់​ក្រសួង​កសិកម្ម​។ នេះ​បើតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លិខិត​របស់​ក្រសួង​កសិកម្ម​បាន​ឱ្យ​ដឹងថា ក្រសួង​នឹង​សម្រិតសម្រាំង​យក​ចម្ការ​មួយចំនួន​ជា​តំណាង និង​រោងចក្រ​វេចខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​តែមួយគត់​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​​វាយតម្លៃ​បញ្ចប់​ដំណាក់កាល មុននឹង​បន្ត​នីតិវិធី​រៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ​បច្ចេកទេស​។

ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ប្រាប់​ឱ្យ​ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន និង​ម្ចាស់​រោងចក្រ​វេចខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ ត្រៀមលក្ខណៈ​ជាស្រេច​ក្នុង​ការរួម​សហការ​ជាមួយ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ឱ្យ​ដំណើរការ​វាយតម្លៃ ការវិភាគ​ហានិភ័យ​ពី​ចម្ងាយ​នេះ​ទទួល​បាន​ជោគជ័យ តាម​ផែនការ​គ្រោងទុក​។

បន្ថែម​លើ​នេះ​ក្រសួង​ក៏​អំពាវនាវ​ដល់​ម្ចាស់​ចម្ការ និង​រោងចក្រ​វេចខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ ចាប់ផ្តើម​រួសរាន់​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី ដើម្បី​ស្នើសុំ​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ប្រទេស​ចិន នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ផងដែរ​។

ប្រធាន​សហគមន៍​កសិកម្ម​ផលិតផល​មៀន​ប៉ៃលិន លោក សួស ស៊ីយ៉ាត បាន​ប្រាប់ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ពី​ការត្រៀម​វាយតម្លៃ និង​វិភាគ​ហានិភ័យ​នៃ​ផលិតផល​មៀន​ប៉ៃលិន​នៅ​ខែមករា​ខាងមុខ ខាង​សហគមន៍​នឹង​ខិតខំ​បន្ត​ការដាំដុះ និង​ថែទាំ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ស្របទៅតាម​ស្តង់ដា ដែល​ប្រទេស​ចិន​ចង់បាន​។

លោក​បន្ថែមថា ក្នុង​ចំណោម​កសិករ​ជាង ២ ​ពាន់​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន មាន​ប្រមាណ​តែ ៣០ ​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ដាំដុះ​តាមរយៈ​កម្មវិធី​អនុវត្ត​កសិកម្ម​ល្អ​ (GAP) ក្រៅពីនេះ​ការដាំដុះ​មិនទាន់​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវមាន​ការត្រៀមខ្លួន​ច្រើនណាស់​ចំពោះ​ការងារ​នេះ ព្រោះ​ទីផ្សារ​ចិន​តឹងរ៉ឹង​ណាស់ មិន​ងាយ​ឱ្យ​យើង​នាំចូល​បានទេ​បើ​យើង​មិន​ព្រម​ធ្វើតាម​តម្រូវការ​ស្តង់ដា​របស់គេ ប៉ុន្តែ​បើ​យើង​អាច​នាំចេញ​ទៅបាន​ឆាប់ៗ​មែន​នោះ កសិករ​ដាំ​មៀន​ទាំងអស់​មិន​ត្រឹមតែ​ខេត្ត​ប៉ៃលិន​នោះទេ នឹង​មិន​ចាំបាច់​បារម្ភ​ពី​រឿង​ទីផ្សារ​ទៀតឡើយ​»​។

លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ​ថា មន្ទីរ​កសិកម្ម​បាន​ចងក្រង​ជា​សហគមន៍ និង​បាន​បណ្តុះបណ្តាល​ដល់​កសិករ​ជា​សមាជិក​ពី​ការអនុវត្ត​កសិកម្ម​ល្អ​ (GAP) ហើយនឹង​ធ្វើការ​ណែនាំ​បន្ថែមទៀត​ពី​ការផលិត​ផ្លែ​មៀន​ធ្វើយ៉ាងណា​ឱ្យ​ត្រឹមត្រូវ​បាន​ស្តង់ដា​របស់​ទីផ្សារ​ប្រទេស​ចិន​។

លោក​បន្តថា បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​មាន​រោងចក្រ​តែមួយគត់​ដែល​បាន​សាងសង់ ដែល​រោងចក្រ​នេះ​មាន​ឧបករណ៍​អប់​ផ្សែង ដើម្បី​សម្លាប់​មេរោគ​នៅលើ​សម្បក​ផ្លែ​មៀន និង​ត្រូវការ​អ្នកជំនាញការ​ចិន​មក​ពិនិត្យ​បន្ថែមទៀត មុននឹង​អាច​នាំទៅ​ប្រទេស​ចិន​បាន​។

លោក​បន្ថែមថា​៖ «​យើង​សង្ឃឹមថា ភាគី​ចិន ឬក៏​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​អនុញ្ញាត​ឱ្យ​យើង​នាំចូល​ផ្លែមៀន​ខ្មែរ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​យើង​នឹង​កែតម្រូវ​រាល់​ចំណុច​ខ្វះខាត​ទាំងអស់​តាម​ការស្នើសុំ​ភាគី​ចិន ជាពិសេស​គឺ​ធ្វើយ៉ាងណា​ឱ្យ​ស្របតាម​ស្តង់ដា​ភូតគាម​អនាម័យ​»​។

បើតាម​លោក សាយ សុផាត ក្នុង​ខេត្ត​ប៉ៃលិន​មាន​ផ្ទៃដី​ដាំដុះ​មៀន​ជាង ៥ ០០០ ​ហិកតា ដោយ​ដើម​មៀន​គេ​ប្រមូល​ផល ២ ​ដង​ក្នុង​ ១ ​ឆ្នាំ និង​ទទួលផល​ចន្លោះ​ពី​ ១-២ ​ម៉ឺន​តោន​។ ក្នុងចំណោម​កសិករ​ដាំដុះ​ជាង ២ ០០០ ​គ្រួសារ គឺមាន​ជាង ២០០ ​គ្រួសារ​ដែល​បាន​ចូលក្នុង​សហគមន៍ និង​បាន​អនុវត្ត​តាម​គោលការណ៍ GAP​។

កន្លងមក​ផ្លែមៀន​ប៉ៃលិន ត្រូវបាន​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​តាមរយៈ​ក្រុមហ៊ុន​របស់​ប្រទេស​ជិតខាង​តែប៉ុណ្ណោះ ដោយសារ​បញ្ហា​លក្ខខណ្ឌ​ភូតគាម​អនាម័យ បាន​ធ្វើឱ្យ​កម្ពុជា​មិនអាច​នាំចេញ​មៀន​ទៅ​ចិន​ដោយផ្ទាល់​បានឡើយ​៕ LA