ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (​អាជីវកម្ម​តាម​អនឡាញ​) ​ត្រូវ​ទៅ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ តទៅ​ដើម្បី​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​លើ​ទំនិញ និង​សេវា​ឌីជីថល ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កាលពី​ថ្ងៃទី​ ២២ ខែធ្នូ​ថា ក្នុង​ឆ្នាំ​ ២០២០-២០២១ នៅ​គ្រា​ដែល​វិស័យ​ជាច្រើន​នៅលើ​សកលលោក​ត្រូវ​ដួលរលំ​ដោយសារ​វិបត្តិ​កូវីដ​ ១៩ បែរជា​វិស័យ E-Commerce រីក​ដុះដាល​កាន់តែខ្លាំង​ដោយសារ​តែ​ការលក់ដូរ​ទំនិញ​ផ្សេងៗ​ត្រូវធ្វើ​តាម​អនឡាញ​វិញ​។

លោក​និយាយថា​៖ «​កន្លងទៅ​ការធ្វើ​ប្រតិបត្តិការ​នេះ​មិនបាន​គោរព​កាតព្វកិច្ច​ពន្ធដារ​បាន​ត្រឹមត្រូវ​ទេ សូម្បីតែ​ការធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លង​ប្រទេស​ដូចជា ក្រុមហ៊ុន Netflix, Facebook, Google និង Amazone ជាដើម ក៏​នៅ​មិនទាន់​បាន​អនុវត្ត​តាម​ច្បាប់​បញ្ញត្តិ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅឡើយ​ទេ ពោលគឺ​នៅមាន​ចន្លោះ​ខ្វះខាត​»​។

ទោះយ៉ាងណា លោក​លើកឡើង​ថា ថ្មីៗ​នេះ​ក្រុមហ៊ុន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​អន្តរជាតិ​ទាំងនោះ​បាន​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ខ្លះៗ​ហើយពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ដើម្បី​ចៀសវាង​ការខូច​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​នៅលើ​ផ្សារហ៊ុន​អន្តរជាតិ​។

លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​នៅ​កម្ពុជា​អ្នកបើក​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​កំពុង​មាន​ការរីកចម្រើន​ខ្លាំង ប៉ុន្តែ​មិនទាន់​បានមក​ចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ទេ ដូចនេះ​ដើម្បី​ចៀសវាង​ការដាក់​ទោសទណ្ឌ សូម​រួសរាន់​ទៅ​បង់ពន្ធ​ឱ្យបាន​ទាន់​ពេលវេលា​»​។

លោក គីង រតនា អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​បញ្ញើ​ទំនិញ​ក្នុងស្រុក និង​ក្រៅប្រទេស KR Express បានឱ្យ​ដឹងថា ក្រុមហ៊ុន​របស់​លោក​គ្រោង​នឹង​ទៅ​ចុះបញ្ជី​តាម​កាលកំណត់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ឆ្នាំក្រោយ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​ឯកសារ​ដែល​ពន្ធដារ​ត្រូវការ ដើម្បី​បំពេញ​កាតព្វកិច្ច​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​។

យ៉ាងណា​ក៏ដោយ លោក​បាន​សំណូមពរ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ បន្ត​ការផ្សព្វផ្សាយ​បន្ថែមទៀត ជាពិសេស​ដំណើរការ​នីតិវិធី និង​អត្ថប្រយោជន៍​ការចុះបញ្ជី​នេះ​ទៅដល់​ពាណិជ្ជករ​តាម​ប្រព័ន្ធ​ឱ្យបាន​ទូលំទូលាយ​ ដើម្បី​ចៀសវាង​ការធ្វេសប្រហែស ដោយសារ​មិនដឹង ឬ​ខកខាន​ចំពោះ​ការចុះបញ្ជី​នេះ ដែល​នឹង​អាច​ធ្វើឱ្យ​អាជីវកម្ម​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​។

ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សំដៅ​ដល់​សកម្មភាព​ទិញ លក់ ជួល ផ្លាស់ប្តូរ​ទំនិញ ឬ​សេវាកម្ម ដោយ​រាប់បញ្ចូល​ទាំង​សកម្មភាព​ពាណិជ្ជកម្ម និង​រដ្ឋប្បវេណី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​៕ LA